ជាតិ
សង្គមជាតិ
សម្តេច សាទរ ចំណាត់ការរដ្ឋបាលខេត្តកែបដែលរុះរើរបងថ្មបិទផ្លូវសាធារណៈ
16, Jan 2021 , 3:30 pm        
រូបភាព
រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប
រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប
ដោយ:
ភ្នំពេញ៖ ក្រោយរដ្ឋបាលខេត្តកែបចុះរុះរើរបងថ្ម និងទ្វារដែក ដែលបានត្រូវសាង់សង់បិទផ្លូវសាធារណៈនៅថ្ងៃ ១៥ ខែមករា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរចំណាត់ការក្តៅនេះ ដោយចាត់ទុកថា ជាការការពារប្រយោជន៍រួមរបស់ពលរដ្ឋ។



អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថ្លែងប្រាប់សារព័ត៌មានThmeyThmey ថា ដីដែលមាន របង និងទ្វារដែកសាងសង់បិទផ្លូវសាធារណៈ ហើយត្រូវបានរុះរើនោះមានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
 
ចំណែកមូលហេតុដែលនាំឲ្យមានការចុះរុះរើរបង និងទ្វារដែកនេះ គឺ ដោយសារការសាងសង់ពុំមានច្បាប់អនុញ្ញាត ខណៈដែលដីនោះក៏កំពុងស្ថិតក្នុងទំនាស់ត្រូវដោះស្រាយនៅតុលាការថែមទៀត។ លោក សោម ពិសិដ្ឋបញ្ជាក់ដូច្នេះ ដោយបន្ថែមថា រាល់ទីតាំងដីដែលកំពុងមានបញ្ហាទំនាស់នេះ គឺត្រូវរក្សាស្ថានភាពដើម ដោយមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់នោះឡើយ។ 
 
បើតាមអភិបាលខេត្តរូបនេះ មុននឹងសម្រេចប្រើកម្លាំងបែបនេះ រដ្ឋបាលខេត្តក៏ធ្លាប់បានហៅម្ចាស់ដីមកដោះស្រាយដែរ ប៉ុន្តែម្ចាស់ដីមិនយល់ព្រមអនុវត្តតាម។ 


រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប

« កន្លងមកយើងបានអប់រំណែនាំ ហៅម្ចាស់ដីមកសម្របសម្រួល ជាមួយថ្នាក់ក្រុង ថ្នាក់ខេត្តរួចមកហើយ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីនោះទេ ដោយសារភាគីម្ចាស់ដីមិនព្រមរុះរើ ទើបឈានដល់ការប្រើកម្លាំងសម្រាប់រុះរើ»។ លោក សោម ពិសិដ្ឋ លើកឡើងបែបនេះ។ 
 
ចំណាត់ការក្តៅរបស់អាជ្ញាធរខេត្តកែប បានទទួលការសរសើរដែរពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រទី ១៥ ខែមករា ដោយលោកចាត់ទុកថា វាជាវិធានការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋផង។ 
 
«សូមកោតសសើរចំណាត់ការរបស់អភិបាលខេត្តដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។  ហេតុការណ៍ដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរតែរើ របងនេះចោលតាំងពី[មុន]ពេលរបងនេះត្រូវចាប់ផ្តើមធ្វើម្ល៉េះ ហើយអ្នកធ្វើរបងបិទ ផ្លូវសាធារណៈគួរតែត្រូវបានអប់រំឬ [ប្រឈម]វិធានការរដ្ឋបាលតាំងពីដំបូង»។ សម្តេច ហ៊ុន សែនសរសេរបែបនេះលើទំព័រហ្វេសប៊ុកអភិបាលខេត្តកែប។
 
«យើងមិនត្រូវទុកឱ្យ បុគ្គលម្នាក់ឬ[ពីរ]នាក់ បំផ្លាញផលប្រយោជន៍របស់ប្រជាជនច្រើននាក់នោះឡើយ»។
 
យ៉ាងក៏ដោយ បើតាមលោក សោម ពិសិដ្ឋ ការប្រើកម្លាំងរុះរើរបងនិងទ្វារដែកនេះមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ដ្បិតម្ចាស់ដីព្រមានដាក់ពាក្យបណ្ដឹងប្រឆាំងអាជ្ញាធរថែមទៀតផង។ ប៉ុន្តែអភិបាលខេត្តកែបរូបនេះបញ្ជាក់ថា លោករីករាយ នឹងទទួលខុសត្រូវចំពោះការអនុវត្តវិធានការ  ព្រោះការសាងសង់ទាំងនោះបានបំពានច្បាប់។
 
ទន្ទឹមនឹងនោះ លោក សោម ពិសិដ្ឋ ក៏បានអំពាវនាវដល់មហាជនទាំងអស់ជៀសវាងកេងចំណេញដោយឆ្លៀតឱកាសសាងសង់សំណង់ណាមួយដែលមានផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈដែរ៕ 


រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប


រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប


 រូបភាពទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប
 
 
 
 

Tag:
 ខេត្តកែប
  អាជ្ញាធរខេត្តកែប
  រុះរើរបង
© រក្សាសិទ្ធិដោយ thmeythmey.com