ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារ តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅព្រៃវែង និងសង់អគារសិក្សានៅព្រះវិហារ
16, Jan 2021 , 4:19 pm        
រូបភាព
ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងចំនួន ១៨៧,៦៨២ដុល្លារ ដល់អង្គភាពចំនួន ២របស់កម្ពុជា ដែលផ្ដោតលើការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តព្រៃវែង និងសាងសង់អគារសិក្សា នៅខេត្តព្រះវិហារ។



នារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំការកម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខា «ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ» ដែលមានការចូលរួមពី លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងភាគីកម្ពុជា។ ជំនួយរបស់រដ្ឋាភិបាលជប៉ុនខាងលើ ជួយដល់ការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបំពង់ខ្នាតតូចនៅកោះពាមរាំង ស្ថិតក្នុងខេត្តព្រៃវែង និងគម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យខ្យង ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ 
 



គម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ ជប៉ុនផ្ដល់ឲ្យសមាគមទឹកកម្ពុជា ដែលមានទឹកប្រាក់ ៩៦,៧៧៥ដុល្លារ សម្រាប់សាងសង់បណ្តាញចែកចាយទឹកស្អាតប្រមាណ ៩.៦ គីឡូម៉ែត្រ។ តាមរយៈគម្រោងនេះ ប្រជាជនជាង ១,៣០០នាក់ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ពិសេសចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ចំណែកជំនួយមួយផ្នែកទៀត រដ្ឋាភិបាលជប៉ុន ផ្ដល់ដល់មន្ទីរអប់រំ ខេត្តព្រះវិហារ សម្រាប់សាងសង់អគារសិក្សានៅអនុវិទ្យាល័យខ្យង ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានថវិកាចំនួន ៩០,៩០៧ដុល្លារ។ គម្រោងនេះ នឹងសង់អគារ១ខ្នង មាន៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន មានបង្គន់ ៤បន្ទប់ កន្លែងលាងដៃមួយ និងធុងស្តុកទឹកមួយ។ 
 
លោក ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងកម្មវិធីចុះហត្ថលេខាថា៖« យើងរំពឹងយ៉ាងមុតមាំថា ជំនួយនេះ នឹងផ្តល់ជាអត្ថប្រយោជន៍ដល់ សិស្ស២១០នាក់ និងគ្រូ ៩នាក់ តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សារៀនសូត្រ ក៏ដូចជាចូលរួមចំណែក ក្នុងការធំលូតលាស់ប្រកបដោយសុខភាពល្អរបស់សិស្ស»។
គួរបញ្ជាក់ផងដែរថា រយៈពេលជាង៣០មកនេះ គិតចាប់ពីឆ្នាំ១៩៩១ ជប៉ុនបានផ្ដល់ជំនួយឥតសំណងជាង ៦៣លានដុល្លារដល់កម្ពុជា លើគម្រោងនានាជាង៦០០ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្រិតមូលដ្ឋាន ហើយបច្ចុប្បន្ន ជប៉ុនក៏កំពុងបន្តអនុវត្តកម្មវិធី KUSANONE របស់ខ្លួនផងដែរ៕


លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ


 លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា

Tag:
 Thmeythmey
  ជប៉ុន
  លោក មិកាមិ ម៉ាសាហ៊ីរ៉ូ
  ខេត្តព្រះវិហារ
  អនុវិទ្យាល័យខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com