លោក យ៉ង សាំងកុមារ៖ ដើម្បីដោះស្រាយបញ្ហាទីផ្សារបន្លែ កសិករត្រូវមានលទ្ធភាពដាំបន្លែបានគ្រប់មុខ គ្រប់រដូវ តម្លៃប្រកួតប្រជែង និងមានសុវត្ថិភាព
ជាតិ
លោក យ៉ង សាំងកុមារ៖ ដើម្បីដោះស្រាយបញ្ហាទីផ្សារបន្លែ កសិករត្រូវមានលទ្ធភាពដាំបន្លែបានគ្រប់មុខ គ្រប់រដូវ តម្លៃប្រកួតប្រជែង និងមានសុវត្ថិភាព
16, Jan 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ បរិបទកូវីដ-១៩ ធ្វើឲ្យការងាដាំដុះក្នុងស្រុកកើនឡើង តែសកម្មភាពនៃការនាំចូលបន្លែពីខាងក្រៅនៅតែបន្តកើតមាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាឲ្យកសិករខ្មែរអាចដាំបន្លែបានគ្រប់មុខ គ្រប់រដូវ មានតម្លៃប្រកួតប្រជែង និងមានសុវត្ថិភាព។ នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមារ តាមរយៈបណ្ដាញហ្វេសប៊ុករបស់ខ្លួន។

 
លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ បាននិយាយថា ដ្បិតបច្ចុប្បន្នការងារដាំដុះក្នុងស្រុកមានការកើនឡើង តែកម្ពុជានៅតែមានការនាំចូលបន្លែពីខាងក្រៅ ព្រោះបន្លែមួយចំនួនពិបាកដាំក្នុងស្រុករួមមាន ខាត់ណាផ្កា ខ្ទឹមបារាំង ស្ពៃបូកគោ និងការ៉ុតជាដើម។ ម្យ៉ាងការដាំបន្លែរបស់កសិករ នៅជាលក្ខណៈប្រពៃណី និងដាំតាមរដូវ នៅឡើយ ដែលធ្វើឲ្យរដូវខ្លះសម្បូរ និងរដូវខ្លះមិនសូវសម្បូរ។ រីឯម្យ៉ាងទៀត ការដាំដុះនៅមានកម្រិត និងមិនទាន់មានភាពទៀងទាត់នៅឡើយ ដូច្នេះការផ្គត់ផ្គង់មិនទាន់ស្របតាមតម្រូវការ។ 
 
លោក យ៉ង សាំងកុមារ បន្ថែមទៀតថា កម្ពុជានៅមិនទាន់មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដើម្បីឲ្យកសិករអាចដាំបន្លែគ្រប់រដូវ មានតម្លៃប្រកួតប្រជែង នៅឡើយ។ អ្នកជំនាញរូបនេះ បន្តថា៖ «ដើម្បីដោះស្រាយបញ្ហាទីផ្សារបន្លែបច្ចុប្បន្ន ត្រូវសិក្សាលម្អិតលើតម្រូវការទីផ្សារបន្លែនៅមូលដ្ឋានជាមុនសិន បន្ទាប់មកត្រូវកំណត់ថាបន្លែដែលជាតម្រូវការ សមស្របនឹងអាកាសធាតុដែរទេ អាចដាំគ្រប់រដូវដែរឬទេ និងកំណត់ពីតំបន់សក្ដានុពលដែលពលរដ្ឋនៅតំបន់នោះត្រូវតែនិយមដាំបន្លែ»។
 


លោក យ៉ង សាំងកុមារ (រូបភាពពីហ្វេសប៊ុក)

ជាកសិករដាំស្ពៃក្នុងខេត្តបាត់ដំបង លោក គង់ វិបុល តែងមានបញ្ហាតម្លៃលើបន្លែស្ពៃ ដោយក្នុងមួយគីឡូក្រាមមានតម្លៃត្រឹម ៥០០រៀលប៉ុណ្ណោះ។ កសិកររូបនេះ ធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25 ថាមូលហេតុដែលស្ពៃរបស់លោកមានតម្លៃថោក ព្រោះមិនថារដូវណានោះទេ លោកនៅតែដាំស្ពៃដដែល ព្រោះជាប្រភេទបន្លែមានរយៈពេលខ្លី និងងាយថែទាំ។ លោក គង់ វិបុល ថា៖«ដាំច្រើនឆ្នាំហើយ មិនដែលលក់បានថ្លៃទេ តម្លៃឡើងចុះ តាមរដូវ តែខ្ពស់ត្រឹម ៥០០រៀល ហើយពេលខ្លះ អាចធ្លាក់ដល់ ១០០រៀល ទៅ ១៥០រៀល ក្នុងមួយគីឡូក៏មាន។ ចង់ដូរដាំបន្លែផ្សេងដែរតែមិនមានលទ្ធភាព ម្យ៉ាងមានបទពិសោធន៍ ដាំស្ពៃច្រើនឆ្នាំហើយ វាស្រួលមើលថែ និងមិនសូវចំណាយច្រើន»។
 
បើតាមអគ្គនាយកដ្ឋានកសិកម្ម បានប៉ាន់ស្មានថា ឆ្នាំ២០២០កន្លងមក កម្ពុជា មានតម្រូវការបន្លែជាង១លានតោន។ ប៉ុន្តែជាក់ស្តែងការផលិតកម្មបន្លែក្នុងស្រុក មានប្រមាណ៧១,៦ម៉ឺនតោនប៉ុណ្ណោះ ដែលស្មើនឹង៦៨ភាគរយ ដោយក្នុងនោះ នៅរដូវប្រាំងអាចផលិតបន្លែបាន ៦៩ភាគរយ និងរដូវរំហើយ អាចផលិតបន្លែបាន៧៥ភាគរយ។ 
 
ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែពីបរទេសជិត៣៣ម៉ឺនតោនទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា បន្លែដែលនាំចូល គឺភាគច្រើនកម្ពុជាមិនអាចផលិតបាន ដូចជាការ៉ុត, ដំឡូវបារាំង ខ្ទឹមបារាំង ជាដើម៕
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com