ជាតិ
សង្គមជាតិ
ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានប៉ូលិសបាញ់សម្លាប់នៅខេត្តក្រចេះ
16, Jan 2021 , 4:59 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ
រូបពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ
ដោយ:
ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប៉ូលិសបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី១៥ ខែមករា នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

 
មូលហេតុដែលជំរុញឲ្យសមត្ថកិច្ចឈានដល់បាញ់សម្លាប់លោក អ៊ា ណារ៉េន ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក រ៉េត ស៊ីណែត ដែលជានាយរងការិយាព្រហ្មទណ្ឌកម្រិតស្រាល កើតឡើងក្រោយខ្មាន់កាំភ្លើងរូបនេះ មិនព្រមប្រគល់ខ្លួន ហើយបានបាញ់កាំភ្លើងជាច្រើនគ្រាប់មកលើសមត្ថកិច្ច ក្នុងគោលបំណងរត់គេចខ្លួន។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់តបតទៅវិញ រហូតបណ្តាលឲ្យខ្មាន់កាំភ្លើងរូបនេះស្លាប់នៅកន្លែងកើតហេតុតែម្តង។ នេះបើតាមការរាប់របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅលើទំព័រហ្វេសប៊ុកខ្លួន។
 
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តាមបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចដកហូតបានអាវុធខ្លី១ដើមម៉ាក CZ 75B និងពណ៌ទឹកប្រាក់១ដើម។
 
បើតាមរបាយការណ៍ខាងលើសមត្ថកិច្ចបានឃើញខ្មាន់កាំភ្លើងខាងលើនៅជើងភ្នំជាប់មាត់អូរកណ្តៀរក្នុងចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះរូបនេះ បានរត់គេចខ្លួនអស់រយៈពេល១៦ថ្ងៃមកហើយ ដោយបានឆ្លងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឺងត្រែង និងខេត្តក្រចេះ។  
 
គួររំលឹកថា លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើង (លោក អ៊ា ណារ៉េន) បាញ់សម្លាប់ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
 
ក្នុងហេតុការណ៍បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរូបនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនរួមគំនិតលោក កែ ចាន់ ដែលជាតៃកុងឡានរបស់ខ្មាន់កាំភ្លើងខាងលើ។ ជនជាប់ចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងជួយដូរខុសច្បាប់នូវសារធាតុញៀន។ ហើយរូបគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១៕ 
 
 
 
 
 
 

Tag:
 រ៉េត ស៊ីណែត
  អ៊ា ណារ៉េន
© រក្សាសិទ្ធិដោយ thmeythmey.com