ជាតិ
សត្វទន្សោង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាសត្វជិតផុតពូជលើពិភពលោក
16, Jan 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរ ទៅបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។ ជំងឺមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគំរាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ នេះបើតាមការផ្សាយរបស់អង្គការ WCS Cambodia លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។



WCS បន្ថែមថា សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជាមានចំនួនសត្វទន្សោងច្រើនជាងគេប្រហែល៤០០០ក្បាល ហើយនឹងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ សត្វទន្សោងចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ 
 
អង្គការ WCS បានសហការជាមួយក្រសួងបរិស្ថាន ខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ។  
 
យោងមាត្រា៥៨ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជាការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០,០០០រៀល(ដប់ម៉ឺនរៀល) ដល់ ១,០០០,០០០រៀល (១លានរៀល)៕
 

Tag:
 សត្វព្រៃ
  អង្គការ
  ទន្សោង
  បញ្ជីក្រហម
  សត្វជិតផុតពូជ
  ពិភពលោក
 
© រក្សាសិទ្ធិដោយ thmeythmey.com