ជាតិ
ផ្ទះបុរាណខ្មែរអាយុ១០១នៅភូមិវត្តគរ ស្វាគមន៍ទេសចរ និងអ្នកសិក្សាស្រាវជ្រាវទាំងអស់
17, Jan 2021 , 8:29 am        
រូបភាព
ដោយ:
ផ្ទះបុរាណអាយុជាង១០០ឆ្នាំ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ លោក សម្បត្តិ វិរៈ ដែលជាអ្នកមើលថែផ្ទះជំនាន់ទី៤ បន្ទាប់ពីម្តាយមីងខ្លួន គឺអ្នកស្រី ប៊ុនរឿន ប្រកាសស្វាគមន៍ភ្ញៀវទេសចរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ដែលមានចិត្តស្រលាញ់ និងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខ្មែរជំនាន់មុន។



ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចម្ងាយ២គីឡូម៉ែត្រ ពីសាលាខេត្ត ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានសាងសង់ឡើងតាំងពីឆ្នាំ១៩២០ បានក្លាយជាទីតាំងទេសចរណ៍មួយ តែងមានទេសចរបរទេសទៅទស្សនា មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងដំណាក់កាលកូវីដ-១៩ នេះភាគច្រើនមានតែនិស្សិតដែលចុះកម្មសិក្សាប៉ុណ្ណោះ ទៅទស្សនាផ្ទះបុរាណមួយនេះ។
 
 
លោក សម្បត្តិ វិរៈ បានថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25ថា ចាប់តាំងពីមានជំងឺកូវីដ-១៩ មកមិនមានទេសចរអន្តរជាតិទេ ចំណែកទេសចរជាតិ ក៏មិនសូវវមានដែរ ដោយភាគច្រើនមានតែនិស្សិតទៅចុះកម្មសិក្សាតែប៉ុណ្ណោះ។
 
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានថ្លែងស្រដែងគ្នានេះដែរថា នៅពេលបាត់ទេសចរអន្តរជាតិ ផ្ទះបុរាណនៅក្នុងភូមិវត្តគរ មិនសូវមានអ្នកទៅទស្សនាទេ។ លោកបង្ហាញពីមូលហេតុដែលទេសចរអន្តជាតិ ចូលចិត្តទៅទស្សនាផ្ទះបុរាណ ដូច្នេះថា៖« បើនិយាយពីគុណតម្លៃវិញ ជនបរទេសគេឲ្យតម្លៃទៅលើវត្ថុដែលមានវ័យចំណាស់។ គុណតម្លៃ គឺមិនអាចកាត់ថ្លៃបានទេ អាចចាត់ទុកថាជារបស់កម្ររបស់ជាតិ ហើយវាក៏ជាអត្តសញ្ញាណ នៃទម្រង់វប្បធម៌ប្រពៃណីរបស់ប្រជាជនតាមតំបន់នីមួយៗ»។
 
ទោះភាគច្រើនមានតែនិស្សិតចុះកម្មសិក្សាទៅទស្សនាផ្ទះមួយនេះ តែលោក សម្បត្តិ វិរៈ មានអារម្មណ៍សប្បាយរីករាយ នឹងចែករំលែកប្រវត្តិផ្ទះនេះ ទៅកាន់យុវវ័យជំនាន់ក្រោយ។ លោក ថ្លែងដូច្នេះថា៖ « សម្រាប់អ្នកគាត់ចាប់អារម្មណ៍ផ្ទះមួយនេះពីប្រវត្តិការសាងសង់ ហើយហេតុអ្វីផ្ទះយើងអាចមានដល់សព្វថ្ងៃ សម្រាប់ខ្ញុំជាម្ចាស់ផ្ទះខ្ញុំជាអ្នកនាំគាត់ដើរមើល និងឆ្លើយគ្រប់សំណួរគាត់ទាំងអស់។ ខ្ញុំនឹងនិយាយប្រាប់ពួកគាត់ នៅអ្វីដែលគាត់មើលមិនឃើញ គឺប្រវត្តិនៃផ្ទះនេះ »។
 



កញ្ញា រឹទ្ធ ដានី និស្សិតដែលធ្លាប់ទៅទស្សនកិច្ចនៅផ្ទះបុរាណនេះ ក្នុងអំឡុងពេលឆ្នាំ២០១៧ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនពេលបានទៅទស្សនាផ្ទះបុរាណមួយនេះថា៖ « ខ្ញុំសរសើរគាត់ដែលបានថែរក្សាផ្ទះបុរាណមួយនេះ ដល់អ្នកជំនាន់ក្រោយគាត់បានទៅមើលទៅគាត់អាចស្វែងយល់ថាពីការសាងសង់ក្នុងសម័យនោះ » ។
 
កញ្ញាបានបន្ថែមថា ការទស្សនាផ្ទះបុរាណបែបនេះ ពិតជាសំខាន់ណាស់សម្រាប់កូនខ្មែរ។ កញ្ញាថ្លែងដូច្នេះថា៖ « ក្នុងនាមយើងជាកូនខ្មែរ គួរទៅទស្សនាផ្ទះបុរាណបែបនេះម្ដង។ ដូចដែលគេនិយាយថា កូនខ្មែរគួរទៅមើលប្រាសាទអង្គរវត្តម្ដងដូចគ្នា ។ យើងនឹង អាចដឹងថា កាលសម័យនោះ ប្រជាជនខ្មែរមានរបៀបរស់នៅបែបណា » ។
 
លោក សម្បត្តិ វិរៈ ក៏បានលើកទឹកចិត្តដល់យុវវ័យសម័យថ្មីនេះឲ្យទៅទស្សនាផ្ទះបុរាណខ្មែរ មិនមែនតែផ្ទះខ្លួននោះទេ។ លោកលើកឡើងដូច្នេះថា៖ « ខ្ញុំសុខចិត្តចំណាយពេលជាមួយនិស្សិតខ្មែរយើង ដែលចង់ដឹង ដើម្បីឲ្យខ្ញុំអាចពន្យល់ពីព្រលឹងជាតិយើង ឲ្យពួកគាត់បានស្គាល់។ យើងមានរបស់ល្អ របស់ស្អាត ស្រស់បំព្រងច្រើន ក៏ប៉ុន្តែយើងមិនទាន់បានស្គាល់ទើបអ្នកខ្លះ គាត់មិនទាន់រកកន្លែងស្រលាញ់ឃើញ »។ 
លោកក៏បានបន្ថែមដែរថា រូបលោកពិតជាស្រលាញ់ផ្ទះបុរាណខ្មែរណាស់ ដូច្នេះហើយទើបលោកខំប្រឹងចែករំលែកដើម្បីឲ្យអ្នកដទៃមានចិត្តស្រលាញ់ និងថែររក្សាផ្ទះបុរាណដូចរូបលោកដែរ៕




កញ្ញារឹទ្ធដានីពាក់អាវពណ៌សរបង់ករក្រមាពណ៌បៃតងលាយសរជាមួយមិត្ត


 រូបផ្ទះលោកយាយប៊ុនរឿងក្នុងពេលបច្ចុប្បន្នថតដោយលោកសម្បត្តិ_វិរៈ

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com