COVID-19
ជាតិ
សមត្ថកិច្ច បន្តស្វែងរកបុរសម្នាក់ដែលរត់ចេញពីកន្លែងចត្តាឡីស័ក នៅភ្នំពេញ
17, Jan 2021 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរសខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារទ្បងលីវ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រហូតមកពេល នេះ សមត្ថកិច្ចកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

 
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖ «ករណីដែលបុរសខ្មែរសញ្ជាតិអាមេរិក រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ សមត្ថកិច្ចកំពុងបន្តស្វែងរក ដើម្បីនាំបុរសនោះ មកធ្វើចត្តាឡីស័កឡើងវិញ»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ករណីបែបនេះ កន្លងមកក៏ធ្លាប់មានដែរ ហើយក្រសួងក៏បានដោះស្រាយ ដោយយកមកអប់រំណែនាំ និងពិន័យផងដែរ។
 
បុរសដែលរត់ចេញពីកន្លែងចត្តាឡីស័ក មានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកថ្ងៃទី១៦ ខែមករា បុរសរូបនេះ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក បន្ទាប់ពីបានហូបអាហារពេលព្រឹក។
 
គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្ពុជា មានអ្នកកើតកូវីដ-១៩ ឡើងដល់៤៣៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៨៥នាក់៕
 

Tag:
 កូវីដ
 ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com