ជាតិ
សម្ដេច ស ខេង ឲ្យអាជ្ញាធរណែនាំអ្នកកែច្នៃ ឬដោះបំពង់ស៊ីម៉ាំង ឈប់បង្កសំឡេងរំខានដល់ពលរដ្ឋ
17, Jan 2021 , 1:59 pm        
រូបភាព
សម្ដេចក្រឡាហោម ស ខេង រូបភាពពី​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ
សម្ដេចក្រឡាហោម ស ខេង រូបភាពពី​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំស្ដីពី  ការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ ដោយឲ្យអាជ្ញាធរណែនាំដល់អ្នកកែច្នៃ ឬដោះបំពង់ស៊ីម៉ាំង និងម្ចាស់ទីតាំងកែច្នៃយានយន្ត ឲ្យបញ្ឈប់ការកែច្នៃយានយន្តខុសបច្ចេកទេស និងរំខានដល់ពលរដ្ឋ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្ដេច ស ខេង នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។


 
បើតាមសម្ដេច ស ខេង សេចក្ដីណែនាំខាងលើ មានគោលបំណងពង្រឹងការអនុវត្តច្បាប់ សំដៅលុបបំបាត់រាល់សកម្មភាពបែបអនាធិបតេយ្យ ក្នុងការបញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសំឡេងរំខានលើសកម្រិតកំណត់។ ក្នុងសេចក្ដីណែនាំដដែល សម្ដេច ស ខេង បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ យកចិត្តទុកដាក់អប់រំ ណែនាំ និងផ្សព្វផ្សាយ ចំពោះអ្នកប្រើយានយន្តកែច្នៃ ឬដោះបំពង់ស៊ីម៉ាំង ឲ្យបញ្ឈប់សកម្មភាពបង្កសំឡេងរំខានដល់អារម្មណ៍ពលរដ្ឋ ដោយយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងឲ្យបានត្រឹមត្រូវ។ 
 
សម្ដេច ស ខេង បន្តថា អាជ្ញាធរត្រូវអប់រំសីលធម៌ សុជីវធម៌ ក្នុងការបញ្ជាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ជៀសវាងការប៉ះពាល់ដល់អារម្មណ៍ និងការរស់នៅរបស់ពលរដ្ឋ។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឲ្យបញ្ឈប់ការកែច្នៃយានយន្តខុសបច្ចេកទេស។ ចំពោះទីតាំង ដែលបន្តលួចកែច្នៃ នឹងត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់។ នេះបើតាមសេចក្ដីណែនាំខាងលើ។
 
បន្ថែមលើនេះ សម្ដេច ស ខេង ក៏បានឲ្យស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ និងណែនាំដល់កម្លាំងសមត្ថកិច្ច ត្រួតពិនិត្យ និងលុបបំបាត់រាល់ការប្រើប្រាស់យានយន្តកែច្នៃ ឬដោះបំពង់ស៊ីម៉ាំង ដោយណែនាំដល់អ្នកបញ្ជាយានយន្ត និងធ្វើកិច្ចសន្យាយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាលក្ខណៈបច្ចេកទេស។ សេចក្ដីណែនាំខាងលើ បន្តថា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី និងភារកិច្ច៕ 
 

Tag:
 សម្ដេច ស ខេង
  បំពង់ស៊ីម៉ាំង
© រក្សាសិទ្ធិដោយ thmeythmey.com