COVID-19
ជាតិ
បាត់ដំបង៖ បុគ្គលិកកាស៊ីណូ២០០នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ក
17, Jan 2021 , 2:59 pm        
រូបភាព
រូបភាពពីគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖ បុគ្គលិកចំនួន២០០នាក់ បម្រើការក្នុងកាស៊ីណូមួយកន្លែងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បើតាមលោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង មូលហេតុនៃការធ្វើចត្តាឡីស័កនេះ ដោយសារការបារម្ភពីសុវត្ថិភាពរបស់បុគ្គលិកនៅក្នុងកាស៊ីណូ។


 
បុគ្គលិកទាំងអស់ក្នុងកាស៊ីណូ ក្នុងស្រុកកំរៀង បានតម្រូវឲ្យធ្វើចត្តាឡីស័ក នៅក្នុងកាស៊ីណូផ្ទាល់តែម្ដង ដោយការធ្វើចត្តាឡីស័ករបស់បុគ្គលិកទាំងអស់ ជាបន្ទុករបស់ម្ចាស់កាស៊ីណូ។ បើទោះបីមិនមានបុគ្គលិកណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងកាស៊ីណូ ប៉ុន្តែការធ្វើចត្តាឡីស័កនេះ គឺជាការការពារ និងបង្ការការការឆ្លងចូលសហគមន៍។
 
លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង បានថ្លែងប្រាប់សារព័ត៌មានThmeyThmey តាមទូរស័ព្ទដូច្នេះថា៖ « ការធ្វើចត្តាឡីស័កនេះមិនមានការពាក់ព័ន្ធការឆ្លងក្នុងកាស៊ីណូទេ ប៉ុន្តែដោយសារមានពលករយើងឆ្លងដែនមកពីប្រទេសថៃ ចូលមកខេត្តបាត់ដំបងមានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ យើងឲ្យពួកគាត់ធ្វើចត្តាឡីស័កដើម្បីឲ្យមានភាពច្បាស់លាស់។ យើងនៅស្រុកជាប់ព្រំដែន បើយើងមានមិនការការពារទេ វាអាចនឹងកើតមានហានិភ័យដោយប្រការណាមួយ »។ 
 
គិតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ មានពលករឆ្លងដែនពីប្រទេសថៃ មកកាន់កម្ពុជាចំនួន ២ ៨៤០នាក់ និងមានពលករ បញ្ចប់ការធ្វើចត្តាឡីស័កចំនួន ១ ២៩៧នាក់បានត្រឡប់ទៅកាន់គេហដ្ឋានរៀងខ្លួនវិញ។ មណ្ឌលចត្តាឡីស័កមួយចំនួនត្រូវបានបើកបណ្តើរៗវិញ ដូចជាមណ្ឌលចត្តាឡីស័កស្រុកថ្មគោល មណ្ឌលចត្តាឡីស័កវិទ្យាល័យមុន្នីវង្ស និងវិទ្យាល័យជ្រៃជាដើម ដោយទុកតែមណ្ឌលចត្តាឡីស័កជាប់ព្រំដែន ក្នុងនោះស្រុកកំរៀង  ៣មណ្ឌល ស្រុកភ្នំព្រឹក ២មណ្ឌល និងស្រុកសំពៅលូន២មណ្ឌល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលរងខេត្តបាត់ដំបង សឿម ប៊ុនរិទ្ធី។


បុគ្គលិក កាស៊ីណូក្នុងស្រុកកំរៀងដែលធ្វើចត្តាឡីស័ក រូបភាពពីគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង
 
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់ថា នឹងមានចំណាត់ការយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ ដោយគ្មានការលើកឡែង ដល់មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ ព្រោះការឆ្លងដែនក្នុងដំណាក់កាលនេះគឺមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩។
 
សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី១៧នេះ អ្នកកើតកូវីដ-១៩ ឡើងដល់៤៣៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៨៥នាក់។ ដោយឡែក ក្នុងចំណោមពលករខ្មែរ ៦៩នាក់ដែលបានឆ្លងកូវីដ-១៩ មានពលករ២១នាក់ហើយ បានជាសះស្បើយ៕


លោក ងួន រតនៈ ក្នុងពេលចុះចំណេះសំណាលជាមួយបុគ្គលិកដែលត្រូវធ្វើចត្តាឡីស័ក
 

© រក្សាសិទ្ធិដោយ thmeythmey.com