COVID-19
អន្តរជាតិ
លោក វ៉ាង យី៖ ជាមិត្តរបស់ហ្វីលីពីន ចិននឹងឈរជាមួយហ្វីលីពីនរហូតកម្ចាត់កូវីដ-១៩ បាន
17, Jan 2021 , 7:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin ជល់កែងជាមួយសមភាគីចិន​ វ៉ាង យី មុនជំនួបថ្ងៃទី១៦ ខែមករា។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin ជល់កែងជាមួយសមភាគីចិន​ វ៉ាង យី មុនជំនួបថ្ងៃទី១៦ ខែមករា។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន និងហ្វីលីពីន នៅថ្ងៃទី១៦ ខែមករា បានប្រកាសការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ ពិសេសផ្ដោតលើការស្រោចស្រង់ប្រទេសក្រោយវិបត្តិកូវីដ-១៩ ។ ការប្រកាសនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅហ្វីលីពីន។ លោក វ៉ាង ថែមទាំងនិយាយថា ចិន នឹងឈរជាមួយហ្វីលីពីនរហូតដល់កូវីដ-១៩ ត្រូវបានកម្ចាត់ចោលទៀតផង។

 
ហ្វីលីពីន ជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍របស់ប្រមុខការទូតចិន វ៉ាង យី ។ មុនទៅដល់រដ្ឋធានីម៉ានីល លោក វ៉ាង បានទៅដល់មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងព្រុយណេ។ នៅមីយ៉ាន់ម៉ា លោក វ៉ាង ប្រកាសផ្ដល់វ៉ាក់សាំង៣សែនដូសឲ្យរដ្ឋាភិបាលក្រុងណៃពិដោដើម្បីចាក់ឲ្យប្រជាជន។
 
នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងបន្ទាប់ពីឥណ្ឌូណេស៊ី។ មកទល់ពេលនេះ ហ្វីលីពីមានការឆ្លងជាង៤៩ម៉ឺននាក់ និងអ្នកស្លាប់ជិតមួយម៉ឺននាក់។ ប្រទេសនេះ បានចាត់វិធានការបិទក្រុងជាច្រើនលើក និងរឹតបន្តឹងការធ្វើណើរជាច្រើនផងដែរ។
 
«ជាមិត្តរបស់ហ្វីលីពីន និងជាអ្នកក្បែរខាងជិតបំផុត យើងនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនហ្វីលីពីនរហូតវីរុសត្រូវបានកម្ចាត់។» លោក វ៉ាង និយាយបែបនេះក្នុងសុន្ទរកថាបើកជំនួបជាមួយសមភាគីហ្វីលីពីន Teodoro Locsin នៅថ្ងៃទី១៦ ខែមករា។ លោកបន្តថា ប្រទេសទាំងពីរគួរសហការគ្នាលើការឆ្លើយតបនឹងការរាលដាលជំងឺកូវីដ-១៩ ដើម្បីប្រយោជន៍ទៅវិញទៅមក។
 
លោក Locsin វិញ និយាយថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ បានជំរុញ និងលើកកម្ពស់មិត្តភាពទ្វេភាគី។ លោកក៏ស្នើឲ្យប្រទេសទាំងពីរចាប់ផ្ដើមឡើងវិញគម្រោងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ពន្ធដែលបានឯកភាពគ្នាកន្លងមកផងដែរ។
 
ហ្វីលីពីន សម្រេចទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ចំនួន២៥លានដូស ដោយ៥ម៉ឺនដូសដំបូងនឹងទៅដល់ហ្វីលីពីននៅខែកុម្ភៈ។ អំឡុងទស្សនកិច្ចរបស់លោក វ៉ាង ក្រសួងការបរទេសហ្វីលីពីនក៏ប្រកាសដែរថា ទីក្រុងប៉េកាំងចង់ផ្ដល់វ៉ាក់សាំង៥០ម៉ឺនដូសឲ្យទីក្រុងម៉ានីលផងដែរ៕

Tag:
 ចិន
  ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com