ស្ពៃក្ដោបក្នុងខេត្តបាត់ដំបងមានតម្លៃទាបនៅឡើយ ខណៈតម្លៃបន្លែដទៃ ត្រី និងស៊ុតប្រសើរឡើង
ជាតិ
ស្ពៃក្ដោបក្នុងខេត្តបាត់ដំបងមានតម្លៃទាបនៅឡើយ ខណៈតម្លៃបន្លែដទៃ ត្រី និងស៊ុតប្រសើរឡើង
17, Jan 2021 , 9:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
ចាប់ពីដើមខែមករាស្ថានភាពទីផ្សារបន្លែ ត្រី និងស៊ុតទា ក្នុងខេត្តបាត់ដំបងហាក់ប្រសើរឡើងវិញ។ សម្រាប់បន្លែតាសក់មានតម្លៃ ៦០០រៀលទៅ ៧០០រៀលក្នុងមួយគីឡូក្រាម ហើយស៊ុតទាមានតម្លៃ ៣០០រៀលក្នុងមួយគ្រាប់។ ដោយឡែក ចាប់ពីដើមខែធ្នូ ដល់ចុងខែមករា ជារដូវប្រមូលផលស្ពៃក្ដោប ជាហេតុធ្វើឲ្យតម្លៃស្ពៃក្ដោប ក្នុងខេត្តបាត់ដំបង មានតម្លៃត្រឹម ១ ០០០រៀលដល់ ១ ៥០០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

 
លោក ឈឹម វជិរា  ប្រធានមន្ទីរកសិកម្ម បានប្រាប់សារព័ត៌មានThmeyThmey25ថា ទីផ្សារផលិតផលកសិកម្មមានភាពប្រសើរ បន្ទាប់ពីការបិទបញ្ចប់នូវព្រឹត្តិការណ៍២៨វិច្ឆិកា។ ការបិទព្រឹត្តិការណ៍នេះ បានធ្វើឲ្យទីផ្សារបន្លែ ត្រី និងស៊ុតទា ជាដើមមានភាពប្រសើរឡើងវិញ។ តែទោះយ៉ាងនេះក្ដីប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងរូបនេះ បានបន្ថែមថា៖«ចាប់ពីដើមខែមករាមកទីផ្សារហាក់ងើបឡើងវិញ ដូចជាតាសក់ពីមុនត្រឹម ៣០០រៀលក្នុងមួយគីឡូក្រាម តែស្ពៃក្ដោបហាក់មានតម្លៃទាប ព្រោះរដូវនេះជារដូវប្រមូលផលស្ពៃក្ដោប»។
 
«សម្រាប់តម្លៃបន្លែស្លឹកអាចលក់បានពី១ ០០០រៀលទៅ ១ ៥០០រៀលក្នុងមួយគីឡូក្រាម តែបើកសិករដែលស្ថិតក្នុងគម្រោងបណ្ដុំអាជីវករអាចលក់បាន ២ ០០០រៀលទៅ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ ដ្បិតតម្លៃនៅមានកម្រិតតែកសិករអាចទទួលយកបាន ព្រោះពួកគាត់យល់ពីស្ថានភាពទីផ្សារបច្ចុប្បន្ន»។ នេះជាសម្ដីរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មបាត់ដំបង។
 
អ្នកស្រី ឡោម សុភារ៉ា ជាអ្នកប្រធានសមាគមកសិកម្ម ស្ថិតក្នុងភូមិស្វាយប្រកៀត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា បច្ចុប្បន្នសម្រាប់កសិករដែលមិនបានស្ថិតក្នុងគម្រោងបណ្ដុំអាជីវករ ហាក់មានការពិបាកជាងកសិករដែលបានចូលជាបណ្ដុំអាជីវករ។ អ្នកស្រីបានប្រាប់ថា អ្នកស្រីកំពុងជួយរកទីផ្សារដល់កសិករដាំស្ពៃក្ដោបក្នុងសហគមន៍អ្នកស្រី ព្រោះពួកគាត់កំពុងមានការលំបាកក្នុងការស្វែងរកទីផ្សារ ព្រោះមិនមែនជាសមាជិកបណ្ដុះអាជីវករដាំបន្លែ។
 
អ្នកស្រី ឡោម សុភារ៉ា បានពន្យល់ពីមូលហេតុដែលធ្វើឲ្យស្ពៃក្ដោបក្នុងតំបន់អ្នកស្រីជួបបញ្ហាយ៉ាងដូច្នេះ៖«កសិករក្នុងតំបន់នេះភាគច្រើនដាំបន្លែដូចគ្នាច្រើនពិសេសស្ពៃក្ដោប ហើយរដូវនេះជារដូវសម្បូរស្ពៃក្ដោប អីចឹងហើយតម្លៃលក់បានត្រឹម ២ ០០០រៀលក្នុងមួយគីឡូក្រាម»។ អ្នកស្រី សុភារ៉ា បន្ថែមថា កាលពីមិនទាន់មានកូវីដ-១៩ តម្លៃស្ពៃក្ដោបអាចលក់បានប្រមាណ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។
 
ប្រធានសមាគមរូបនេះបានបញ្ជាក់ថា ទីផ្សារបន្លែក្នុងខេត្តបាត់ដំបងហាក់នៅទ្រឹង បើប្រៀបនឹងទីផ្សារមាន់អាចលក់បានតម្លៃខ្ពស់(១៨ ០០០រៀលក្នុងមួយគីឡូក្រាម) និងមានទីផ្សារ៕
 

Tag:
 ស្ពៃក្ដោប
© រក្សាសិទ្ធិដោយ thmeythmey.com