អន្តរជាតិ
អ្នកនយោបាយ​ប្រឆាំង Navalny ត្រូវ​ចាប់ខ្លួន​ភ្លាមៗ​ពេលទៅដល់​រុស្ស៊ី​វិញ​
18, Jan 2021 , 10:04 am        
រូបភាព
រូបថត AFP
រូបថត AFP
​លោក Alexei Navalny អ្នកនយោបាយ​ប្រឆាំង​ដ៏​សំខាន់​របស់​រុស្ស៊ី ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ពេលទៅដល់​ព្រលានយន្តហោះ​ក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១៧ ខែមករា​។ លោក Navalny ទៅដល់​រុស្ស៊ី​ក្រោយ​ធ្វើដំណើរ​ចាក​ចេញពី​ទឹកដី​អាល្លឺម៉ង់ ទី​ដែល​លោក​បាន​សម្រាក​ព្យាបាល​ការបំពុល​ដោយសារ​ធាតុគីមី Novichok កាលពី​ឆ្នាំមុន​។ ក្រុម​ប្រទេស​លោកខាងលិច​បាន​ទទូច​ឲ្យ​រុស្ស៊ី​ដោះលែង​លោក Navalny ជាបន្ទាន់​។​

 
​ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន​លោក Alexei Navalny នៅ​ច្រក​ពិនិត្យ​លិខិតឆ្លងដែន​ក្នុង​ព្រលានយន្តហោះ Sheremetyevo ក្រុង​មូ​ស្គូ​។ លោក​ធ្វើដំណើរ​ពី​រដ្ឋធានី​បែរ​ឡាំង​នៅ​ថ្ងៃទី​១៧ ខែមករា ជាមួយ​ភរិយា​របស់លោក ហើយ​អោប​នាង​បន្តិច​មុន​ត្រូវ​ប៉ូលិស​នាំខ្លួន​ទៅ​។ លោកស្រី Olga Mikhailova ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោកស្រី​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​អមដំណើរ​កូនក្ដី​ឡើយ ដែល​នេះ​ជា​ទង្វើ​បំពាន​ច្បាប់​។​
 
​លោក Navalny សម្រាក​ព្យាបាល​សុខភាព​នៅ​អាល្លឺម៉ង់​ជាច្រើន​ខែ​មកហើយ បន្ទាប់​ត្រូវ​បំពុល​ដោយសារ​ធាតុគីមី Novichok នៅ​ព្រលានយន្តហោះ​តំបន់​ស៊ី​បេ​រី​។ លោក​ចោទ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ថា ជា​អ្នកបញ្ជា​ឲ្យ​មានការ​បំពុល​នេះ តែ​លោក ពូ​ទីន បដិសេធ និង​ថា បើ​លោក​ចង់​សម្លាប់​មែន​នោះ លោក Navalny គ្មាន​ជីវិត​ទៅដល់​អាល្លឺម៉ង់​ឡើយ​។ 
 
​កន្លងមក អាជ្ញាធរ​រុស្ស៊ី​ព្រមាន​លោក Navalny ថា នឹងត្រូវ​ចាប់ខ្លួន​ពេល​ទៅ​រុស្ស៊ី​វិញ ព្រោះ​លោក​បាន​បំពាន​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​។ អង្គភាព​ពន្ធនាគារ​រុស្ស៊ី FSIN លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្នកនយោបាយ​ប្រឆាំង​រូបនេះ បាន​ល្មើស​ជាច្រើន​ករណី​ការព្យួរទោស​ពាក់ព័ន្ធ​ការកេងបន្លំ​ក្នុង​សាលក្រម​ឆ្នាំ​២០១៤ ។ ក្រោយ​ត្រូវ​ចាប់ខ្លួន​នេះ លោក Navalny នឹងត្រូវ​ជាប់ឃុំ​រហូត​មានការ​សម្រេច​របស់​តុលាការ​។  
 
​បណ្ដា​ប្រទេស​បស្ចិម​លោក និង​អង្គការសិទ្ធិមនុស្ស​នានា បានទាមទារ​ឲ្យ​អាជ្ញាធរ​រុស្ស៊ី​ដោះលែង​លោក Navalny ជាបន្ទាន់​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល សរសេរ​លើ Twitter ថា ការឃាត់ខ្លួន​លោក Navalny ជា​រឿង​មិនអាច​ទទួលយកបាន​។ ក្រសួងការបរទេស​បារាំង​វិញ​ចាត់ទុក​ករណីនេះ ជា​រឿង​ដែល​ធ្វើ​ឲ្យ​ក្ដីបារម្ភ​។ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Jake Sullivan វិញ ទទូច​ឲ្យ​មានការ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​ម្នាក់​នេះដែរ​។​
 
​មិន​ទុក​យូរ​ឡើយ ក្រុង​មូ​ស្គូ​ក៏​ឆ្លើយតប​រលក​រិះគន់ និង​ការទាមទារ​ឲ្យ​ដោះលែង​គូប្រជែង​លោក ពូ​ទីន វ័យ​៤៤​ឆ្នាំ​រូបនេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova ប្រាប់​ឲ្យ​ប្រទេស​ទាំងនោះ គោរព​ច្បាប់​អន្តរជាតិ ហើយ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​របស់​ពួកគេ​វិញ​៕
 
 

Tag:
 ​រុស្ស៊ី​
  Alexei Navalny
© រក្សាសិទ្ធិដោយ thmeythmey.com