ជាតិ
សេដ្ឋកិច្ច
FTA៖ ទំនិញ៦៥មុខរបស់កម្ពុជា នឹងនាំទៅចិននៅចុងខែមករា
× ភ្នំពេញ៖ ទំនិញសក្តានុពលចំនួន៦៥មុខរបស់កម្ពុជា នឹងចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅបំណាច់ខែមករាឆ្នាំ២០២១។ ការនាំចេញទំនិញទាំង៦៥មុខទៅទីផ្សារចិននេះ គឺស្ថិតនៅក្រោមកិច្ចព្រមពៀងពាណិជ្ជកម្មសេរី(FTA) ដែលភាគីទ្វេភាគីទាំងពីរបានបញ្ចប់ការចរចា អស់រយៈពេល៣ខែមកហើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងថា ទំនិញសក្តានុពលនាំចេញទៅចិន ពី៥០ទៅ៦៥ មុខ បានសិក្សារួចហើយ ទាក់ទងនឹងរបាំងបច្ចេកទេស, របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញជាអតិបរមា។ បើតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ការសិក្សាលើទំនិញទាំង៦៥មុខ គឺផ្អែកលើឯកសារគោល ដោយបានដកស្រង់ចេញពីគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូលដ្ឋានច្បាស់លាស់សម្រាប់ធ្វើការនាំចេញ។ ទំនិញរបស់កម្ពុជាដែលនាំទៅចិន តាមរយៈFTAនេះ មាន ផលិតផលកសិកម្ម ម្រេច, ផ្លែឈើ ត្រី សាច់ និងប្រភេទសត្វសមុទ្រផ្សេងទៀត។
ពាក់ព័ន្ធនឹងការនាំទំនិញទៅចិនក្រោមFTAនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានស្នើឱ្យក្រុមការងារលេខាធិការដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀតលើទំនិញគោល១មុខ ដែលអាចកែច្នៃទៅជាទំនិញជាច្រើនមុខ(ទំនិញដេរីវ៉េ) អំពីលេខបន្ទាត់ពន្ធគយ (HS code) ដែលអាចទទួលបានភាពអនុគ្រោះក្នុងការនាំចេញទៅកាន់ប្រទេសចិន។ លោកបន្តថា ក្រុមការងារពិនិត្យ និងសិក្សាស្រាវជ្រាវលើទំនិញសម្លៀកបំពាក់ ដែលផលិតពីរោមសត្វសម្រាប់នាំចេញ ទៅកាន់ប្រទេសចិន។
សម្រាប់ឯកសារយុទ្ធសាស្ត្រពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយចិន គឺជាឯកសាររស់ដែលនឹងត្រូវសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពល ជាបន្តបន្ទាប់ទៀត ។ ជាពិសេសពង្រីកការសិក្សាស្រាវជ្រាវ ជាមួយបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់ និងទ្វេភាគី ក្នុងការជំរុញនាំចេញឱ្យបានជាអតិបរមា ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ កម្ពុជាបានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និងគ្រឿងចក្រធំជាដើម។
កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញទៅចិន មានទំហំទឹកប្រាក់ជាង ១០០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញ ជាង៦០០០លានដុល្លារ។ ទំនិញដែលកម្ពុជា នាំទៅទីផ្សារចិន ភាគច្រើន ជាប្រភេទផលិតផលកសិកម្ម ឯចិននាំមកកម្ពុជា ភាគច្រើនជាសម្ភារបច្ចេកទេស គ្រឿងបន្លាស់ និងគ្រឿងចក្រធំ។ នេះបើតាមការបញ្ជាក់របស់លោក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com