COVID-19
ជាតិ
សម្តេច ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីឥណ្ឌា
18, Jan 2021 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
នាជំនួបពិភាក្សាជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេច បានអះអាងថា សម្តេចបានស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ពីឥណ្ឌា។



អត្ថបទទាក់ទង


«សំណើខាងលើនេះ ត្រូវបាន សម្តេចស្នើតាមរយៈលោកស្ត្រីឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ»។ នេះបើតាមសំណេរនៅលើហ្វេសប៊ុកនាយករដ្ឋមន្ត្រី។

ឥណ្ឌាមានផលិតផលវ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួនដែលមានឈ្មោះថា Covaxin របស់ក្រុមហ៊ុន Barat Biotech។ កាលពីដើមខែមករា រដ្ឋាភិបាលឥណ្ឌាបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងពីរមុខរបស់ក្រុមហ៊ុនអង់គ្លេស AstraZenenca និងក្រុមហ៊ុនBharat Biotech។

វិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតឱសថធំជាងគេលើលោក ទទួលបានការអនុញ្ញាតឲ្យផលិតវ៉ាក់សាំង AstraZenenca ។ ទោះជាយ៉ាងណា មន្ត្រីក្រុមហ៊ុននេះ អះអាងថា ខ្លួនមិនអាចនាំចេញវ៉ាក់សាំងនេះទៅលក់នៅក្រៅប្រទេសឡើយ ដោយរដ្ឋាភិបាលឥណ្ឌាចង់ចាក់ឲ្យប្រជាជនឥណ្ឌាដែលងាយរងគ្រោះជាមុនសិន។

នៅថ្ងៃទី១៥ ខែមករា ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការផ្ដល់ជំនួយរបស់ចិនជាវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន១លានដូស។ នៅថ្ងៃទី១៧ ខែមករា សម្ដេចក៏ប្រកាសថា វ៉ាក់សាំងទីមួយ នឹងចាក់លើសម្ដេចផ្ទាល់តែម្ដង៕




© រក្សាសិទ្ធិដោយ thmeythmey.com