COVID-19
អន្តរជាតិ
កូ​វីដ​-១៩, អន្តោប្រវេសន៍ និង​បរិស្ថាន ជា​មុខសញ្ញា​របស់លោក បៃ​ឌិន ពេល​ចូលកាន់​តំណែង​ដំបូង​
18, Jan 2021 , 12:05 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកចូ បៃឌិន។ រូបភាព៖ AFP
ដោយ:
​លោក ចូ បៃ​ឌិន ដែល​នឹង​ស្បថ​កាន់តំណែង​ប្រធានាធិបតី នៅ​ថ្ងៃទី​២០ មករា នឹង​ចេញ​បញ្ជា​ប្រតិបត្តិ​ជាច្រើន សំដៅ​លុបចោល​បញ្ជា​ប្រតិបត្តិ​ដ៏​ចម្រូងចម្រាស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ប​ការកែប្រែ​គោលនយោបាយ​អន្តោប្រវេសន៍ បរិស្ថាន និង​វិធានការ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ជា​របៀបវារៈ​សំខាន់ៗ​នៅ​រយៈពេល​ដំបូង​នៃ​អាណត្តិ​លោក បៃ​ឌិន ។​

 
​នៅ​ថ្ងៃ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី លោក ចូ បៃ​ឌិន នឹង​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ដែល​នឹង​កែប្រែ​គោលនយោបាយ​ក្នុងស្រុក​អាមេរិក ក្រោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ដូ​ណា​ល ត្រាំ បួន​ឆ្នាំ​មកនេះ​។ ការចេញ​បញ្ជា​ប្រតិបត្តិ​ដោយ​ប្រធានាធិបតី ជាការ​ដាក់ឱ្យអនុវត្ត​គោលនយោបាយ និង​ច្បាប់​មួយចំនួន ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ការអនុម័ត​ដោយ​សភា​ដែល​ត្រូវ​ចំណាយពេល​យូរ​ឡើយ​។​
 
​បញ្ហា​អន្តោប្រវេសន៍ ជា​មុខសញ្ញា​ទីមួយ​។ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង លោក បៃ​ឌិន នឹង​ចេញ​បញ្ជា​ប្រតិបត្តិ​បញ្ចប់​ការ​រឹតត្បិត​លើ​បញ្ហា​អន្តោប្រវេសន៍ ដែល​លោក ត្រាំ ហាម​មិនឱ្យ​ពលរដ្ឋ​ក្នុងប្រទេស​ឥស្លាម​ធំៗ​ដូចជា​អ៊ីរ៉ង់ ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម ចូលក្នុង​ទឹកដី​អាមេរិក​។ លោក ត្រាំ រង​ការរិះគន់​ខ្លាំង​លើ​រឿងនេះ ព្រោះ​បញ្ជា​ប្រតិបត្តិ​ខាងលើ ត្រូវគេ​មើលឃើញថា ជាការ​រើសអើង​ពូជសាសន៍ និង​បង្កឱ្យមាន​ការ​ស្អប់ខ្ពើម​។​
 
​លោក Ron Klain នាយក​ខុទ្ទកាល័យ​សេត​វិមាន​និយាយថា លោក បៃ​ឌិន ក៏មាន​គម្រោង​ក្នុងការ​ដាក់​ស្នើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ទៅ​សភា​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ។ លើសពីនោះ ជនអន្តោប្រវេសន៍​ដែល​ចូលមក​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់ អាច​ទទួលបាន​សញ្ជាតិ​តាមរយៈ​នីតិវិធី​ដែលមាន​រយៈពេល​៨​ឆ្នាំ​។ ចំណែកឯ​កុមារ និង​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​រងគ្រោះ​ដោយ​សង្គ្រាម នឹង​ទទួលបាន​សញ្ជាតិ​លឿន​ជាង​ជនអន្តោប្រវេសន៍​ដទៃ​ដែរ​។​
 
​លោក បៃ​ឌិន ក៏​នឹង​បញ្ចូល​អាមេរិក​ចូល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥ ឡើងវិញ ក្រោយ​លោក ត្រាំ អូស​អាមេរិក​ចេញ​។ លោក បៃ​ឌិន នឹង​ចេញ​ផែនការ​ស្តីពី​ការទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ការវិនិយោគ​ទឹកប្រាក់​ចំនួន​២​ទ្រី​លាន​ដុល្លារ​ក្នុង​វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ការការពារ​បរិស្ថាន​។ 
 
​នៅ​ថ្ងៃទី​២០ មករា​ដដែល លោក​បៃ​ឌិន នឹង​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ឱ្យ​ផ្អាក​ការបង់​ប្រាក់កម្ចី​សិក្សា​របស់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​ជួប​បញ្ហាលំបាក​ដោយសារ​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩​។ ការផ្អាក​បង់ នឹង​បញ្ចៀស​មិនឱ្យ​អ្នក​គ្មាន​ប្រា​ក់បង់ ប្រឈម​ទៅនឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​។​
 
​សម្រាប់​ថ្ងៃទី​២១ មករា ដែលជា​ថ្ងៃទី​២ នៃ​ការ​កាន់តំណែង លោក Klain អះអាងថា លោក បៃ​ឌិន នឹង​ចេញ​បញ្ជា​ទាក់ទង​ទៅនឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ប្រាក់​សង្គ្រោះ​ដល់​ពលរដ្ឋ​អាមេរិក​។ បញ្ជា​ប្រតិបត្តិ​របស់លោក​បៃ​ឌិន នឹង​អនុញ្ញាតឱ្យ​បើក​សាលារៀន និង​អាជីវកម្ម​ឡើងវិញ ដ៏​ដូចជា​បង្កើន​ការធ្វើ​តេស្ត និង​ផ្តល់​វ៉ាក់សាំង​ផងដែរ​។ 
 
​នៅ​សប្តាហ៍​បន្ទាប់ រដ្ឋបាល​លោក​បៃ​ឌិន នឹង​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ក្នុង​កំណែទម្រង់​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ បម្រែបម្រួល​អាកាសធាតុ និង​អន្តោប្រវេសន៍​។ ចំពោះ​បញ្ហា​អន្តោប្រវេសន៍​នេះ លោក​នឹង​ចេញ​បញ្ជា​ឱ្យ​ព​ន្លឿ​ន​ការស្វែងរក​គ្រួសារ​របស់​កុមារ ដែល​ត្រូវបាន​បំបែកចេញ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ី​កូ ដោយសារតែ​គោលនយោបាយ​របស់លោក ត្រាំ កាលពី​ឆ្នាំ​២០១៧​។​
 
​ជា​ប្រពៃណី ប្រធានាធិបតី​ដែល​ឡើងកាន់​អំណាច តែងតែ​ចេញ​បញ្ជា​ប្រតិបត្តិ ដើម្បី​សម្រេច​ចេញ​គោលនយោបាយ​ដែល​ខ្លួន​បាន​សន្យារ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ លោក ត្រាំ ក៏​ដាក់ចេញ​បញ្ជា​ប្រតិបត្តិ​ជាច្រើន​ផងដែរ​នៅពេល​កាន់អំណាច ប៉ុន្តែ​បញ្ជា​ភាគច្រើន​ត្រូវបាន​ជំទាស់​មិន​អនុវត្ត​ដោយ​រដ្ឋ​មួយចំនួន ឯ​ខ្លះទៀត​ត្រូវបាន​លុបចោល​ដោយ​តុលាការ​៕
 
 

Tag:
 ​អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com