ជាតិ
ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជាង ៩ ម៉ឺន​ដុល្លារ ដើម្បី​កសាង​ប្រព័ន្ធ​ទឹកស្អាត​នៅ​កោះ​ពាម​រាំង ខេត្តព្រៃវែង​
18, Jan 2021 , 2:39 pm        
រូបភាព
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ម៉ាសាហ៊ីរ៉ូ ចុះហត្ថលេខផ្តល់ជំនួយឥតសំណងជាមួយ ប្រធានសមាគមទឹកកម្ពុជា លោក ចៃ ឡូ លើគម្រោងកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចលើកោះពាមរាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ មករា ២០២១
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ម៉ាសាហ៊ីរ៉ូ ចុះហត្ថលេខផ្តល់ជំនួយឥតសំណងជាមួយ ប្រធានសមាគមទឹកកម្ពុជា លោក ចៃ ឡូ លើគម្រោងកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចលើកោះពាមរាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ មករា ២០២១
​ដោយ​៖ ហុង ស្រី​ណា​

​ភ្នំពេញ​៖ ជប៉ុន ផ្តល់​ជំនួយឥតសំណង ដល់​សមាគម​ទឹក​កម្ពុ​ជាជាង ៩,៦ ម៉ឺន​ដុល្លារ ដើម្បី​សាងសង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​កោះ​ពាម​រាំង ខេត្តព្រៃវែង​។ គម្រោង​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ ១,៣​ពាន់​នាក់ ដែល​រស់​នៅលើ កោះ​ពាម​រាំង ទទួលបាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ដើម្បី​កែលម្អ​ជីវភាព​ពួកគេ ។​



​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ម៉ាសា​ហ៊ី​រ៉ូ បាន​បញ្ជាក់ថា ជំនួយ​ថវិកា​ទាំងនេះ នឹង​ធានា​នូវ​ទឹកស្អាត និង​សេវាកម្ម​អនាម័យ​គ្រប់​គ្រង់​ដោយ​សុវត្ថិភាព តាមរយៈ​ការសាងសង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ការដំឡើង​បណ្តាញ​ចែកចាយ​ទឹក ប្រវែង ៩,៦ គីឡូម៉ែត្រ នៅ​កោះ​ពាម​រាំង ខេត្តព្រៃវែង​។ 
 
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ផ្តល់​ជំនួយឥតសំណង​ជាមួយ ប្រធាន​សមាគម​ទឹក​កម្ពុជា លោក ចៃ ឡូ លើ​គម្រោង​កសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខ្នាតតូច​លើ​កោះ​ពាម​រាំង ខេត្តព្រៃវែង​នេះ លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖« ខ្ញុំ​ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា​គម្រោង​នេះ​នឹង​នាំទៅរក​អនាម័យ​ល្អប្រសើរ និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​រស់​នៅលើ​កោះ​នោះ​»​។​
 
​លោក ម៉ិ​ល គា​រី មេឃុំ​កោះ​ចេក នៃ​កោះ​ពាម​រាំង បាន​បញ្ជាក់ថា ទឹក​អណ្តូង​នៅលើ​កោះ​ពាម​រាំង សម្បូរ​ទៅដោយ​ជាតិ​អា​សេ​និក ដែល​ធ្វើឱ្យប៉ះពាល់​សុខភាព​មនុស្ស ដូចជា​រាគរូស រមាស់ និង​ឈានដល់​ជំងឺមហារីក​ជាដើម​។  ដូច្នេះ​ពលរដ្ឋ​ចាំបាច់​ត្រូវ​ទិញ​ទឹកស្អាត​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ ក្នុងតម្លៃ​ខ្ពស់ ។ មេឃុំ​កោះ​ចេក នៃ​កោះ​ពាម​រាំង​រូបនេះ បាន​និយាយថា​៖« ពេលនេះ ជំនួយ​របស់​ប្រទេស​ជប៉ុន ពិតជា​បាន​ដោះស្រាយ​កង្វល់​របស់​ប្រជាជន​នៅលើ​កោះ​នេះ​ជាពុំខាន​ឡើយ​»​។ 
 
​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩១​មក ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជាង​៦២​លាន​ដុល្លារ​ដល់​កម្ពុជា លើ​គម្រោង​ជាង​៦០០ នៃ​កម្មវិធី «KUSANONE» ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​កម្រិត​មូលដ្ឋាន ៕
 
 

Tag:
 ស្ថានទូត​ជប៉ុន​
  សមាគម​ទឹក​កម្ពុជា (CAWA)
  កោះ​ពាម​រាំង​
  ខេត្តព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com