ពីនេះ ពីនោះ
សុខភាព
គួរ​សង្គ្រោះ​បឋម​ដូចម្តេច ចំពោះ​អ្នក​ឆក់​ខ្សែភ្លើង​?
18, Jan 2021 , 8:59 pm        
រូបភាព
​នៅពេល​មនុស្ស​ម្នាក់​ឆក់​ខ្សែភ្លើង ចរន្តអគ្គិសនី នឹង​ឆ្លង​ចូលក្នុង​រាងកាយ ហើយ​វា​ក៏បង្ក​ជាការ​ស្ពឹក និង​ឈឺ​ឈៀបៗ រហូតដល់​បេះដូង ឈប់​ដើរ​មួយ​រំពេច​ដែរ​។ វា​អាច​បង្ក​ជា​របួស នៅ​កន្លែង​ដែល​ឆក់​ដូចជា រលាក ឬ​ដំបៅ​ស្បែក​។ យ៉ាងណាមិញ ចំពោះ​ករណី​ឆក់​ចរន្ត​ដែល​ខ្លាំង​វិញ វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​បេះដូង​ដែរ​។ ចំពោះ​បេះដូង អាច​នាំ​ឲ្យ​បេះដូង​លោត​ញាប់ ដែល​ឈានទៅរក​ការ​គាំងបេះដូង និង​ស្លាប់​ភ្លាមៗ​។ ចំពោះ​ខួរក្បាល​វិញ អាច​ទៅជា​ប្រកាច់ និង​មាន​ជំងឺ​ខួរក្បាល​ថែមទៀត​។ ដូច្នេះហើយ ការយល់ដឹង​អំពី វិធី​សង្គ្រោះ​បឋម​លើ​ករណី​ឆក់​ខ្សែភ្លើង យ៉ាងហោចណាស់ ក៏​អាចជួយ​ជនរងគ្រោះ ពី​បញ្ហា​ខាងលើ​បានដែរ​។​

 
​ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​គួរតែ​ធ្វើ នៅពេល​ជួប​មនុស្ស​ឆក់​ខ្សែភ្លើង ៖
 
​មុនពេល​អ្នក​ជួយ​គេ ចូរ​មើល​ជុំវិញខ្លួន​សិន​ថា មាន​អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​ឬ​អត់ ព្រោះ​ចរន្តអគ្គិសនី​អាច​ឆ្លង​មក​ឆក់​អ្នក​បាន តាមរយៈ​ទឹក ឬ​ដែក​។ ចូរ​ទូរស័ព្ទ ហៅ​ឡាន​សង្គ្រោះ​ភ្លាមៗ​។​
​បន្ទាប់មក ចូរ​ព្យាយាម​ទាញ​ជនរងគ្រោះ ពី​ប្រភព​ឆក់​។ អ្នក​ក​អាច​ផ្តាច់​ចរន្តអគ្គិសនី​បានដែរ​។ បើសិនជា​មិនអាច​ធ្វើ​បានទេ ចូរ​ឈរ​នៅលើ​កន្លែង ឬ​របស់​ដែល​មិន​ឆ្លង​ចរន្ត​ដូចជា​ដុំ​ឈើ ឬ​កន្លែង​ដែល​ស្ងួត និង​ប្រើ​ឈើ​រុញ​ជនរងគ្រោះ ពី​ប្រភព​ចរន្តអគ្គិសនី​។ មិនត្រូវ​ប៉ះ​ជនរងគ្រោះ​ដោយ​ដៃ​ទរ​ទេ​ឡើយ ព្រោះ​វា​អាច​ឆក់​បាន​។​
 
​ក្រោយពី​យក​ជនរងគ្រោះ ចេញពី​ប្រភព​អគ្គិសនី​ហើយ ចូរ​ដាក់​គេ​ឲ្យ​គេង​ផ្អៀង ហើយ​ដាក់​ក្បាល​កើយ​លើ​ដៃ​ខ្លួនឯង​។ ចូរ​ច្ប​ត់​ជង្គង់​របស់​ជនរងគ្រោះ និង​ពិនិត្យមើល​ការដកដង្ហើម​របស់គេ​ផង​។​
 
​បើសិនជា​ជនរងគ្រោះ នៅមាន​ដង្ហើម តែមាន​ការ​រលាក​តិចតួច អ្នក​អាច​លាង​វា ជាមួយ​ទឹក​ចេញ​ក្បាល​រ៉ូ​ប៊ី​ណេ​បាន​។ មិនត្រូវ​ប្រើ​ភួយ គ្រប​លើ​ជនរងគ្រោះ​ឡើយ ព្រោះ​វា​ជាតិ​អំបោះ​របស់​ភួយ អាច​ជាប់​នៅ​កន្លែង​ដែល​រលា​កបាន​។​
 
​បើសិនជា​មានការ​ហូរ​ឈាម ចូរ​គ្រប់គ្រង​ការហូរ​ឈាម តាមរយៈ​ប្រើ​ក្រណាត់​ស្ងួត និង​ស្អាត​ខ្ទប់​នៅ​កន្លែង​ហូរឈាម ហើយ​ប្រើ​វិធី​ចង់​រឹង​កុំ​ឲ្យ​ហូរឈាម​។​
 
​ចូរ​ចាប់ផ្តើម​ធ្វើការ​ម៉ាស្សា​បេះដូង និង​សួត (CPR) បើសិនជា​ជនរងគ្រោះ មិនមាន​ដង្ហើម​។ មិនត្រូវ​ធ្វើ CPR នៅពេល​ជនរងគ្រោះ កំពុង​ដកដង្ហើម​ឡើយ​។​
 
​ចូរ​ចាំ​ថា មនុស្ស​ម្នាក់​ដែលមាន​របួស ដោយសារ​ឆក់​ខ្សែភ្លើង ត្រូវការ​ការយកចិត្ត​ទុកដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់ ទោះបីជា​គេ​មើលទៅ មាន​សភាព​ល្អប្រសើរ ក្រោយពី​ជួប​គ្រោះថ្នាក់​រួច​ក៏ដោយ​។ គ្រូពេទ្យ​អាច​នឹង​ពិនិត្យមើល​ការ​រលាក បាក់ឆ្អឹង និង​របួស​ផ្សេងៗ​ទៀត ហើយ​បើសិន​ចាំបាច់ អាច​នឹងត្រូវ​ធ្វើតេស្ត​បន្ថែមទៀត​ដូចជា ECG, តេស្ត​ឈាម CT Scan ឬ MRI៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com