អន្តរជាតិ
លោក ប្រា​យុទ្ធ ថា ថៃ​នឹងមិន​ប្រើ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនទាន់​សាកល្បង​ចប់​ឡើយ​
18, Jan 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថតពីហ្វេសហ៊ុកលោក ប្រាយុទ្ធ
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថតពីហ្វេសហ៊ុកលោក ប្រាយុទ្ធ
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាស​នៅ​ថ្ងៃទី​១៧ ខែមករា ថា ថៃ​នឹងមិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនមាន​សុវត្ថិភាព​ឡើយ ហើយ​វ៉ាក់សាំង​ដែល​ថៃ​នឹង​ប្រើ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ឱ្យ​ចប់សព្វគ្រប់​សិន​។ សម្រាប់​លោក ប្រា​យុទ្ធ ប្រជាជន​ថៃ​មិនមែនជា​សត្វ​ជ្រូក​ដែល​ត្រូវ​ប្រើ​ដើម្បី​សាកល្បង​ប្រសិទ្ធភាព​វ៉ាក់សាំង​ឡើយ​។​

 
​មកទល់ពេលនេះ ប្រទេស​ជាច្រើន​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​កូ​វីដ​-១៩ លើ​ប្រជាជន​ខ្លួន​។ ខណៈ​អ្នកទទួល​វ៉ា​ក់​សាំ​ភាគច្រើន​មិនមែន​បញ្ហា គេ​ក៏​ឃើញ​មាន​ករណី​ប្រតិកម្ម​មួយចំនួន​ដែរ​នៅ​អាមេរិក និង​ចុងក្រោយ​នៅ​ន័​រវេ​ស​ដែលមាន​អ្នកស្លាប់​ដល់​ទៅ​២៣​នាក់​ក្រោយ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer រួច ហើយ​ដែល​សុទ្ធសឹង​ជា​មនុស្ស​ចាស់ជរា​។​
 
​ជាមួយនឹង​ផលប៉ះពាល់​បែបនេះ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា វិញ អះអាងថា ថៃ​នឹង​រង់​ចាំមើល​ការវាយតម្លៃ​របស់​អ្នកជំនាញ​ថា តើ​រឿង​ហេតុនេះ​កើត​មកពី​វ៉ាក់សាំង​ផ្ទាល់ ឬ​ដោយសារ​កត្តា​ផ្សេង​ដូចជា​អាយុ ឬ​ជំងឺ​ប្រចាំកាយ​របស់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ទាំងនោះ​? ប៉ុន្តែ​លោក ប្រា​យុទ្ធ បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹងមិន​ប្រើ​វ៉ាក់សាំង​ដែល​មិនទាន់​បញ្ចប់​ការសាកល្បង ឬក៏​ធ្វើ​ដូច​ប្រទេស​ផ្សេង​ដែល​ប្រញាប់​ផ្ដល់​ការអនុញ្ញាត​ឲ្យ​វ៉ាក់សាំង​ដើម្បី​ការប្រើប្រាស់​បន្ទាន់​ដែរ​។ 
 
​ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែមករា នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បន្តថា សម្រាប់​ប្រជាជន​ថៃ លោក​នឹងមិន​ឲ្យ​មាន​បញ្ហា​ប្រឈម​បែបនេះ​ឡើយ​។ លោក ប្រា​យុទ្ធ ប្រកាន់​ជំហរ​ថា នឹងមិន​សម្រេចចិត្ត​លឿន​ខ្ជីខ្ជា​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​ដែល​មិនទាន់​ត្រូវបាន​បញ្ចប់​ការធ្វើ​តេស្ត​ឡើយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ថៃ​ក្លាយជា​កន្លែង​ពិសោធ​ដែរ​។​
 
«​ជាការ​ប្រុងប្រយ័ត្ន ខ្ញុំ​ដាក់ចេញ​គោលនយោបាយ​សំខាន់​មួយ គឺ​យើង​ត្រូវ​ច្បាស់់​ថា វ៉ាក់សាំង​ត្រូវមាន​សុវត្ថិភាព​មុន​ឲ្យ​ប្រជាជន​ថៃ​ប្រើប្រាស់​។​» នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​ជាធម្មតា ការសាកល្បង​វ៉ាក់សាំង​មាន​បី​ដំណាក់កាល​។ វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ដូចជា Pfizer, Moderna, AstraZeneca និង CoroVac ជាដើម សុទ្ធតែ​ឆ្លង​ផុត​ដំណាក់កាល​ទាំងបី​។ រដ្ឋាភិបាល​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន AstraZeneca រួចហើយ​ក្នុង​ការទិញ​វ៉ាក់សាំង​ចំនួន​២៦​លាន​ដូ​ស ហើយ​ត្រៀម​ទិញ​៣០​លាន​ដូ​ស​ទៀត​។ ថៃ​ក៏មាន​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង CoroVac របស់​ចិន​ដែរ​។​
 
​លោក​វេជ្ជបណ្ឌិត Tanarak Plipat នាយករង​នាយកដ្ឋាន​ជំងឺឆ្លង​របស់​ថៃ និយាយថា វ៉ាក់សាំង​ទាំងនេះ បាន​ចុះបញ្ជី​នៅ​អាមេរិក និង​អង់គ្លេស​ដែលមាន​នីតិវិធី​ចុះបញ្ជី​តឹងរ៉ឹង​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com