ជាតិ
ជប៉ុន ផ្តល់​ថវិកា ៩​ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​អគារសិក្សា នៅ​ខេត្តព្រះវិហារ​
18, Jan 2021 , 9:59 pm        
រូបភាព
(​រាប់​ពីឆ្វេង​ដៃ​ទី​៣) លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ជាមួយ លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តព្រះវិហារ​(​អ្នក​ទី​៤​ឈរ​ជាប់​លោក​ទូត​) លើ​«​គម្រោង​ទ្រទ្រង់​តូច​សន្តិសុខ​មនុស្សជាតិ​»​កាលពី​ថ្ងៃទី​១៥ មករា ២០២១​។​
(​រាប់​ពីឆ្វេង​ដៃ​ទី​៣) លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ជាមួយ លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តព្រះវិហារ​(​អ្នក​ទី​៤​ឈរ​ជាប់​លោក​ទូត​) លើ​«​គម្រោង​ទ្រទ្រង់​តូច​សន្តិសុខ​មនុស្សជាតិ​»​កាលពី​ថ្ងៃទី​១៥ មករា ២០២១​។​
​ដោយ​៖ ហុង ស្រី​ណា​
 
​ភ្នំពេញ​៖ ជប៉ុន ផ្តល់​ជំនួយឥតសំណង​៩​ម៉ឺន​ដុល្លារ ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ និង​បរិយាកាស​សិក្សា​របស់​សិ​ស្ស នៅ​អនុវិទ្យាល័យ​ខ្យង ស្ថិតនៅ​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​



​ថ​វិក​រដ្ឋាភិបាល​ជប៉ុន ៩​ម៉ឺន​ដុល្លារ នឹង​យក​សាងសង​អគារ​មួយ​ខ្នង​ក្នុង​អនុវិទ្យាល័យ​ខ្យង ដោយ​បំពាក់គ្រឿងសង្ហារឹម​សាលារៀន បន្ទប់​សិក្សា​៥ បង្គន់​អនាម័យ​៤​បន្ទប់​សង់​អំពី​ថ្ម ប្រក់​ក្បឿង រួមទាំង កន្លែង​លាងដៃ​មួយ និង​ធុង​ស្តុក​ទឹក​មួយ​ផងដែរ​។ 
 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ជាមួយ លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តព្រះវិហារ លើ​គម្រោង​នេះ​កាលពី​ថ្ងៃទី​១៥ មករា បាន​និយាយថា​៖« យើង​រំពឹង​យ៉ាង​មុតមាំ​ថា ជំនួយ​នេះ​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់ សិស្ស​២១០​នាក់ និង​គ្រូ ៩​នាក់ តាមរយៈ​ការលើកកម្ពស់​គុណភាព​អប់រំ និង​បរិយាកាស​សិក្សា​រៀនសូត្រ ក៏ដូចជា​ចូលរួមចំណែក ក្នុងការ​ធំ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ​របស់​សិស្ស​»​។​
 
​បច្ចុប្បន្ន​នៅ​ខេត្តព្រះវិហារ​មាន​អគារសិក្សា​សង់​អំពី​ឈើ​ចំនួន ១៣៧​ខ្នង ស្មើនឹង ៤១១​បន្ទប់ ដែលមាន​សភាព​ទ្រុឌទ្រោម និង​ត្រូវ​រុះរើ ដោយ​អគារ​មួយចំនួន​ជា​ប្រភេទ​រោងដោល និង​ជា​សំណង់​បណ្តោះអាសន្ន​។ ម្យ៉ាងទៀត តួលេខ​សិស្ស​បាន​កើនឡើង ដោយសារ​ការផ្លាស់​ទីលំនៅ​មកពី​ខេត្ត​ផ្សេង ក៏​ក្លាយជា​បញ្ហា​ប្រឈម​ចម្បង ដែល​នាំ​ឲ្យ​ខ្វះ​អគារសិក្សា​ផងដែរ​។ នេះ​បើតាម លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ​។​
 
​ប្រធាន​មន្ទីរអប់រំ​រូបនេះ បាន​និ​យ​យ​ថា​៖ « ស្ថានទូត​ជប៉ុន តែងតែបាន​ផ្តល់ជំនួយ​ឥត​សំណង​សម្រាប់​សាងសង់​អគារសិក្សា​បាន​ទាន់ពេលវេលា និង​ចំ​គោលដៅ​សាលា ដែល​ជួប​ការលំបាក​ដល់​ខេត្តព្រះវិហារ​។ នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញច្បាស់​នូវ​មនោសញ្ចេតនា យកចិត្តទុកដាក់​ខ្ពស់​ពី​រាជ​រដ្ឋា​ន​ភិ​បាល និង​ប្រជាជន​ជប៉ុន ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​»​។ 
​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩១​មក ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជាង​៦២​លាន​ដុល្លារ​ដល់​កម្ពុជា លើ​គម្រោង​ជាង​៦០០ នៃ​កម្មវិធី «KUSANONE» ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​កម្រិត​មូលដ្ឋាន ៕

Tag:
 Thmeythmey
  ជប៉ុន​
  លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​
  ខេត្តព្រះវិហារ​
  អនុវិទ្យាល័យ​ខ្យង​
© រក្សាសិទ្ធិដោយ thmeythmey.com