រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនយានយន្ត Stellantis កើតចេញពីការបញ្ចូលគ្នារវាង Fiat Chrysler និង PSA
18, Jan 2021 , 8:39 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនយានយន្ត Fiat Chrysler របស់អ៊ីតាលី-អាមេរិក និង PSA របស់បារាំង បានរួមបញ្ចូលគ្នា បង្កើតទៅជាក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Stellantis ហើយត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

 
ការប្រកាសពីការបញ្ចូលគ្នារវាង Fiat Chrysler និង PSA បានចាប់ផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០១៩ មក ហើយទីបំផុតពួកគេបានឈានដល់ទៅកិច្ចព្រមព្រៀង ៥០-៥០ ស្តីពីការបង្កើត Stellantis ក្នុងទំហំទឹកប្រាក់៥២ពាន់លានដុល្លារអាមេរិក។
 
Stellantis ក្លាយជាក្រុមហ៊ុនយានយន្តលំដាប់ទី៤លើពិភពលោក បន្ទាប់ពី Volkswagen, Toyota និង សម្ព័ន្ធRenault-Nissan-Mitsubishi ហើយនាំមុខ General Motors ខណៈកាលពីមិនទាន់ច្របាច់បញ្ចូលគ្នា Fiat Chrysler ស្ថិតនៅលេខ៨ និង PSA នៅលេខរៀងទី៩។
 
Stellantis ចេញពីភាសាឡាតាំង “stello” ដែលមានន័យថា «ភ្លឺជាមួយហ្វូងផ្កាយ»។ ក្រុមហ៊ុនថ្មីដែលមានមូលដ្ឋាននៅក្រុងអាំស្ទែរដាម ប្រទេសហូឡង់មួយនេះ ដាក់ផែនការលក់យានយន្តចេញក្នុងរង្វង់ ៨.១លានគ្រឿងក្នុង១ឆ្នាំ ជាពិសេសរថយន្តអគ្គិសនី ដើម្បីប្រជែងជាមួយ Volkswagen និង Toyota។
 
ឈ្មោះ Stellantis នឹងត្រូវបានប្រើជាម៉ាកយីហោសាជីវកម្ម ដោយមានយីហោ (Brand) ១៤ទៀតដែលត្រូវបានចុះបញ្ជីក្នុងនោះរួមមាន Abarth, Alfa, Romeo, Chrysler, Citroën, Dodge, DS,  Fiat, Jeep, Lancia, Maserati, Opel, Peugeot, Ram និង Vauxhall។
 
ក្រុមហ៊ុន Stellantis មានលោក John Elkann ជាប្រធាន។ លោក Elkann អាយុ៤៤ឆ្នាំ ជាអ្នកមរតកភាគហ៊ុនក្រុមហ៊ុន Fiat ពីជីតារបស់ខ្លួន គឺលោក Gianni Agnelli ហើយបច្ចុប្បន្នឧស្សាហករអ៊ីតាលី-អាមេរិករូបនេះ ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុន Exor និង Ferrari ផងដែរ។ រីឯលោក Carlos Tavares អ្នកជំនួញព័រទុយហ្គាល់អាយុ៦២ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ដែលកន្លងមកលោកជាប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Renault៕
 

© រក្សាសិទ្ធិដោយ thmeythmey.com