ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ជំរុញ​ឱ្យ​ឥណ្ឌា ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ផលប្រយោជន៍​ទ្វេភាគី​
18, Jan 2021 , 3:37 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ជំរុញ​ឱ្យ​ឥណ្ឌា ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ផលប្រយោជន៍​ទ្វេភាគី​។ ប្រមុខ​រដ្ឋាភិបាល​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៨ មករា​។​



​សម្ដេច ហ៊ុន សែន យល់ថា ក្រៅពី​វិស័យ​សន្តិសុខ និង​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​សហការគ្នា​ល្អប្រសើរ​ហើយ​នោះ ការទាញយក​ផលប្រយោជន៍​នានា​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក៏​គួរតែ​ពង្រឹង​ផងដែរ​។ បើតាម​នាយករដ្ឋមន្ត្រី​កម្ពុជា ការរៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នោះ វា​នឹង​លើកស្ទួយ​ពាណិជ្ជកម្ម និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាគី​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​។​
 
«​ស្នើ​ដល់​ឥណ្ឌា​ពិនិត្យ​លើ​លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​អោយបាន​ឆាប់​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​ភាគី​ឥណ្ឌា​ក៏​យល់ថា ការពង្រីក​វិសាលភាព​បន្ថែម​លើ​វិស័យ​នានា ក៏​ជា​រឿង​ចាំបាច់​ដែរ​។ ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្តី​លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា ដូច្នេះ​ថា​៖«​តាមរយៈ​អរិយធម៌​វប្បធម៌ និង​សាសនា​ដែលជា​មូលដ្ឋាន​មួយ​រវាង​ប្រទេស​ទាំងពីរ លោកជំទាវ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជំរុញ​ការរៀបចំ​កម្មវិធី​ជាប្រចាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដើម្បី​ផ្សាភ្ជាប់​ប្រជាជន និង​ប្រជាជន និង​វិស័យ​ពាណិជ្ជកម្ម​បន្ថែម​ពីលើ​ទំនាក់ទំនង​ដែលមាន​ស្រាប់​»​។​
 
​ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​និង​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗ និង​តំបន់​ចំនួន​៨​ទៀត ។ លោក ប៉ាន សូរ​សក្តិ ធ្លាប់បាន​អះអាង​កន្លងមក​ថា ការរៀបចំ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ដៃគូ​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​។​
​ប្រទេស និង​តំបន់​ទាំង​៨​ដែលជា​គោលដៅ​សំខាន់​របស់​កម្ពុជា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​នោះ ចិន អង់គ្លេស កូរ៉េខាងត្បូង អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា និង សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា (EAEU)​។ សូមបញ្ជាក់ថា EAEU  គឺជា​តំបន់​ពាណិជ្ជកម្ម​រួម ដែល​ស្ថិតនៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​។​
 
​បច្ចុប្បន្ននេះ កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយគ្នា​ហើយ កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០២០​។ ចិន​បាន​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​៣៤០​មុខ​របស់​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (FTA )​។  លោក សុខ សុ​ភ័​ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ធ្លាប់បាន​បញ្ជាក់ថា ទំនិញ​៣៤០​មុខ​នេះ ទទួលបាន​ការអនុគ្រោះ​ពន្ធ​៩៥​ភាគរយ ឬ​មិន​គិត​ពន្ធ​តែម្ដង​។ បានន័យថា ទំនិញ​ទាំងនោះ ភាគច្រើន​បង់ពន្ធ​នាំចូល​ទីផ្សារ​ចិន​តែ​៥​ភាគរយ​។ 
 
​ត្រង់ចំណុច​នេះ​លោក សុខ សុ​ភ័​ក្រ បាន​លើក​ជា​ឧទាហរណ៍​ថា ម្រេច​កម្ពុជា ដែល​ត្រូវ​បង់ពន្ធ​២០​ភាគរយ កាលពីមុន​នោះ គឺ​មិនត្រូវ​បង់ពន្ធ​ទៀត​នោះទេ ក្រោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ធរមាន​។ ក្រៅពី​ម្រេច ក៏មាន​ផ្លែឈើ ត្រី សាច់ និង​ប្រភេទ​សត្វ​សមុទ្រ​ផ្សេងទៀត ក៏​រួច​ពន្ធ​ផងដែរ​។ 
 
​ចំណែក​កម្ពុជា ក៏បានផ្ដល់​ការអនុគ្រោះ​ពន្ធ​នាំចូល​មុខទំនិញ​ពី​ចិន​ដែរ​។ កម្ពុជា​បាន​អនុគ្រោះ​លើ​ផលិតផល​ចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿង​បង្គុំ និង​គ្រឿងចក្រ​ធំ​ជាដើម​។ នេះ​បើតាម​លោក សុខ សុ​ភ័​ក្រ ។​
 
​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ១,០០០​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូលមក​កម្ពុជា​វិញ ជាង​៦,០០០​លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា នាំទៅ​ទីផ្សារ​ចិន ភាគច្រើន ជា​ប្រភេទ​ផលិតផល​កសិកម្ម ឯ​ចិន​នាំមក​កម្ពុជា ភាគច្រើន​ជា​សម្ភារ​បច្ចេកទេស គ្រឿងបន្លាស់ និង​គ្រឿងចក្រ​ធំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​៕
 
 

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្
© រក្សាសិទ្ធិដោយ thmeythmey.com