អន្តរជាតិ
ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន ជំរុញ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ការប្រើប្រាស់​ថាមពល​កើតឡើង​វិញ
19, Jan 2021 , 8:29 am        
រូបភាព
ផ្ទាំងសូឡាជាច្រើននៅជប៉ុន។ រូបថត AFP
ផ្ទាំងសូឡាជាច្រើននៅជប៉ុន។ រូបថត AFP
​ដោយ ឈួន ឈី​វ​អ៊ីង
 
​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​មាន Sony, Panasonic និង Nissan ជាដើម បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប​ង្កើ​ន​គោលដៅ​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ឲ្យ​បាន​ទ្វេដង​នៅ​ឆ្នាំ​២០៣០ សំដៅ​ក្លាយជា​ប្រទេស​នាំមុខ​លើ​សាកលលោក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

 
​កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បានប្រកាស​គោលដៅ​របស់​ជប៉ុន​ដើម្បី​ក្លាយជា​ប្រទេស​មាន​កម្រិត​បញ្ចេញ និង​ស្រូបយក​កាបូន​ស្មើគ្នា​នៅ​ឆ្នាំ​២០៥០ ។ ដើម្បី​ឈានដល់​គោលដៅ​នេះ ជប៉ុន​ក៏មាន​ផែនការ​រយៈពេល​ខ្លី​ទៀត​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​កាបូ​និក​តាមរយៈ​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដូចជា​ថាមពលព្រះអាទិត្យ ខ្យល់ និង​ថាមពល​ផ្សេងទៀត​ឱ្យបាន​ចន្លោះ​ពី​២២​ភាគរយ​ទៅ​២៤​ភាគរយ​នៃ​ប្រភព​ថាមពល​របស់ខ្លួន​។  
 
​ការបង្កើន​ការប្រើប្រាស់​ថាមពល​នេះ ត្រូវបាន​កំណត់​តាំងពី​បី​ឆ្នាំ​មក ហើយ​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​នៅពេល​ខាងមុខ​។ ចំពេល​គ្នា​នេះ ក្រុមហ៊ុន​សាជីវកម្ម​ធំ​របស់​ជប៉ុន ក៏​ស្នើឱ្យ​រដ្ឋាភិបាល​បង្កើន​គោលដៅ​របស់ខ្លួន​ឲ្យ​បាន​ពីរដង​។ បើតាម​ភ្នាក់ងារ​ពត៌មាន AFP សម្ពន្ធ​បណ្តា​ក្រុមហ៊ុន​ចំនួន​៩២ ដែល​ស្គាល់​ថា គំនិត​ផ្តួចផ្តើម​គំនិត​រក្សា​អាកាសធាតុ​ជប៉ុន បានចេញ​ញត្តិ​ជំរុញ​ឲ្យ​បង្កើន​ការប្រើប្រាស់​ថាមពល​កើត​ឡើងវិញ​ចន្លោះ​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​។​
 
​ក្រុមហ៊ុន Sony, Fujifilm Panasonic និង Toshiba ជាដើម សុទ្ធតែ​មានឈ្មោះ​ក្នុង​ញត្តិ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១៨ ខែមករា សម្ពន្ធ​ខាងលើ​អះអាងថា  ដើម្បី​ក្លាយជា​អ្នក​នាំមុខ​ក្នុង​សកលលោក​ចំពោះ​ការប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ជប៉ុន​ត្រូវតែមាន​ម​ហិ​ច្ឆិ​តា​ដើម្បី​សម្រេច​គោលដៅ​។ ការកំណត់​មហិច្ឆតា​នេះ ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​ទាំ​អស់​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការពារបរិស្ថាន​បាន​កាន់តែ​ប្រសើរឡើង​ដែរ​។​
 
​តាំងពី​ឆ្នាំ​២០១៧ ជប៉ុន​បានសម្រេច​គោលដៅ​ប្រើ​ថាមពល ដែល​អាច​ប្រើ​ឡើងវិញ​បាន ១៧​ភាគរយ​រួចមកហើយ និង​បាន​ចំណាយលុយ​ប្រមាណ ១៦,៥​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោងការ​ថាមពល​នេះ​ក្នុង​ឆ្នាំ​២០១៩​ដែរ​។ ជប៉ុន​ស្ថិតនៅ​លំដាប់​ទី​៤ បន្ទាប់ពី​ចិន អាមេរិក និង អ៉ី​រ៉ុ​ប​ក្នុងនាម​ជា​អ្នកវិនិយោគ​ក្នុង​វិស័យ​ថាមពល ដែល​អាច​ប្រើ​ឡើងវិញ​។ ប៉ុន្តែ ជប៉ុន​នៅតែ​ជា​ប្រទេស​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការប្រើប្រាស់​ឥន្ទ​នៈ​ផូស៊ីល ដែល​វា​ជា​កត្តា​រារាំង​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​របស់​ប្រទេស​នេះ​៕

Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com