COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាបន្តរៀបចំអូឡាំពិក ទោះ COVID-19 កើនកាន់តែខ្លាំង
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូស៊ីហ៊ីដេ ប្តេជ្ញាបន្តត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំអូឡាំពិកក្រុងតូក្យូនៅឆ្នាំ២០២១ឲ្យខាងតែបាន បើទោះជំងឺ COVID-19 កើនឡើងខ្លាំងជាថ្មីក៏ដោយ។ លោកស៊ូហ្គា អះអាងដូច្នេះនៅថ្ងៃទី១៨ ខែមករា ស្រពេលជប៉ុនកំពុងប្រឆាំងរលកឆ្លងថ្មីរហូតបិទព្រំដែន និងដាក់ខេត្តជាច្រើនក្នុងស្ថានភាពអាសន្ន។
ជប៉ុន កំពុងស្ថិតក្នុងមន្ទិលរឿងរៀបចំកីឡាអូឡាំពិក២០២១ បន្ទាប់ពីលោក Taro Kono រដ្ឋមន្ត្រីរដ្ឋបាល និងកំណែទម្រង់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថាព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបានពន្យារមួយឆ្នាំដោយសារ COVID-19 នឹងមិនដំណើរការដូចការគ្រោងទុកទេ។ លោក Kono ក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងគេ ដែលបង្ហាញការសង្ស័យលើដំណើរឆ្ពោះទៅកាន់កីឡាលំដាប់ពីភពលោករដូវក្តៅនេះ។
ការអះអាងរបស់លោក Kono កើតឡើងក្រោយជប៉ុនកើនឡើងករណីឆ្លងកាន់តែខ្លាំង។ ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ បង្ហាញថា ប្រជាជនជិត៨០ភាគរយជឿជាក់ថា អូឡាំពិកដែលត្រូវធ្វើនៅរយៈពេលប្រហែល៦ខែទៀតនេះ គួរតែត្រូវពន្យារពេលជាថ្មី ឬក៏លុបចោលទាំងស្រុងតែម្តង។
យ៉ាងណាក៏ដោយ បើទោះជាមានការលើកឡើងដូច្នេះក្តី ប៉ុន្តែលោកនាយករដ្ឋមន្ត្រីជប៉ុនដែលទើបឡើងកាន់តំណែងថ្មី បាននិយាយក្នុងសុន្ទរកថានាកិច្ចប្រជុំសភាថា អូឡាំពិកក្រុងតូក្យូ នៅតែបន្តតាមការគ្រោងទុក។
«យើងនឹងឈានទៅមុខជាមួយនឹងការត្រៀមលក្ខណៈដោយប្តេជ្ញាកសាងវិធានការប្រឆាំងនឹងការឆ្លងជំងឺរាតត្បាតនេះ និងរៀបចំព្រឹត្តិការណ៍កីឡាមួយនេះដែលអាចនាំមកនូវក្តីសង្ឃឹម និងភាពក្លាហានដល់ពិភពលោក»។ លោក ស៊ូហ្គា អះអាងយ៉ាងមុតមាំដូច្នេះ ខណៈជប៉ុនកំពុងប្រឈមការកើនឡើងនៃជំងឺឆ្លងថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសផង។
បើទោះជប៉ុនមិនសូវរងគ្រោះដោយឥទ្ធិផល COVID-19 ខ្លាំងដូចបណ្តាប្រទេសជឿនលឿនដទៃទៀតក្តី ប៉ុន្តែករណីឆ្លងថ្មីៗនេះបានបង្ខំប្រទេសនេះបិទព្រំដែនរបស់ខ្លួន ហើយថែមទាំងប្រកាសដាក់ក្រុងតូក្យូ និងក្រុងធំៗមួយចំនួនទៀតក្នុងស្ថានភាពអាសន្ន។
គិតត្រឹមថ្ងៃទី១៨ ខែមករានេះ ចំនួនករណីឆ្លង COVID-19 នៅប្រទេសជប៉ុន កើនដល់ជាង ៣២២២៩០ករណី ក្នុងនោះស្លាប់ជាង ៤៤៤០ និងសះស្បើយជាង ២៤៨៤៨០នាក់។ ដោយឡែកចំនួនឆ្លងសរុបជុំវិញពិភពលោកកើនដល់ជាង៩៥លាននាក់ហើយ ដោយស្លាប់ជាង២លាននាក់ និងជាពីជំងឺជាង៦៨លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com