ជាតិ
យុវជនសកម្ម សេវាល្អ
សារព័ត៌មានថ្មីៗ និងអង្គការដៃគូ ដំណើរការវគ្គបណ្តុះបណ្តាលសារព័ត៌មាននៅខេត្តកំពត
19, Jan 2021 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
សារព័ត៌មានថ្មីៗ ចាប់ផ្តើមវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានដល់យុវជនជាង៣០នាក់នៅខេត្តកំពត ដែលមានរយៈពេល៤ថ្ងៃ។ នេះជាស៊េរីនៃវគ្គបណ្តាល ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពអន្តរជាតិ (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) និងទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។ កាលពីខែវិច្ឆិកា វគ្គបណ្តុះបណ្តាលដំបូងត្រូវបានរៀបចំនៅក្រុងសែន ខេត្តកំពង់ធំ ដោយមានអ្នកចូលរួម២៥នាក់។



បន្ទាប់ពីខេត្តកំពង់ធំ វគ្គបណ្តុះបណ្តាលជំនាញ «ការសរសេរព័ត៌មានបែបអនឡាញ និងផលិតវីដេអូតាមទូរសព្ទ» បន្តដំណើរមកដល់ខេត្តកំពត ដោយមានរយៈពេល៤ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ អ្នកជំនាញ និងអ្នកកាសែត នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។



លោក កើត ណាវី មន្ត្រីគម្រោងនៃអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីកម្ពុជា ដែលជាអង្គការដៃគូ បានគូសបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់ក្រុមយុវជននៅខេត្តកំពត ដែលបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាន។ លោករំពឹងថា សិក្ខាកាម ដែលជាយុវជនស្នូលក្នុងសហគមន៍នឹងយកចំណេះដឹងពីអ្នកជំនាញទៅអនុវត្តក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។



នាពិធីបើកវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី១៩ ខែមករា នេះផងដែរ លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ បានបញ្ជាក់ថា ថ្វីដ្បិតវគ្គបណ្តុះបណ្តាលមិនអាចឲ្យសិក្ខាកាមក្លាយជាអ្នកសារព័ត៌មានអាជីព ប៉ុន្តែពួកគេទទួលបានចំណេះដឹងផ្នែកសំណេរ និងការផលិតព័ត៌មានផ្សេងៗតាមទូរសព្ទ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលបច្ចុប្បន្ន ចំណេះដឹងផ្នែកសារព័ត៌មាន ជាពិសេសការផលិតសារព័ត៌មានតាមទូរសព្ទដៃ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលអាចឲ្យយើងប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ»។

លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល បានរំលឹកថា សំណេរសារព័ត៌មានប្រៀបដូចជាអាហារ បើឆ្ងាញ់អ្នកបរិភោគនឹងទទួលបានរសជាតិឆ្ងាញ់ ប៉ុន្តែបើពុល វានឹងបង្កនូវមហន្តរាយ។



លោកក៏បានបន្ថែមផងដែរថា អ្នកសារព័ត៌មានមិនមែនជាគ្រូពេទ្យ ស្ថាបត្យករ ឬវិស្វករទេ តែជាអ្នករកប្រភពច្បាស់លាស់សម្រាប់សារធារណជនទូទៅ ដូច្នេះអ្នកសារព័ត៌មានជាមានសារសំខាន់ខ្លាំងណាស់ក្នុងការពាំនាំការពិតសម្រាប់អ្នកអាន។

វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូចំនួន៩ ទៀត។

គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានឬយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ កំពតជាខេត្តគោលដៅទីពីរវគ្គបណ្តុះបណ្តាលសារព័ត៌មានបន្ទាប់ពីខេត្តកំពង់ធំ មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។

នៅខេត្តកំពត វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា (CWDCC) អង្គការតម្លាភាពកម្ពុជាប្រចាំខេត្តកំពត និងអង្គការសាលាភាសាបរទេសជុំគ្រៀល៕







© រក្សាសិទ្ធិដោយ thmeythmey.com