COVID-19
ជាតិ
សុខភាព
កុមារឥណ្ឌូណេស៊ីអាយុ១ឆ្នាំម្នាក់ និង ពលករខ្មែរម្នាក់មកពីថៃ ឆ្លងCOVID-19
× ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានកូវីដ-១៩(COVID-19)លើ កុមារជនជាតិឥណ្ឌូណេស៊ីអាយុ១ឆ្នាំម្នាក់ និងស្ត្រីខ្មែរជាពលករមកពីប្រទេសថៃម្នាក់ទៀត នាព្រឹកថ្ងៃទី១៩មករា ។ ការឃើញវិជ្ជមានកូវីដ-១៩ លើមនុស្សទាំងពីរនេះ បានធ្វើឱ្យកម្ពុជាកើនចំនួនអ្នកជំងឺកូវីដ-១៩រហូតដល់៤៤១នាក់ហើយ។
ចំពោះកុមារជនជាតិឥណ្ឌូណេស៊ីដែលបានឆ្លងកូវីដ-១៩នោះ គឺកូនរបស់បុរសវ័យ៣៤ និងស្ត្រីវ័យ៣៣ ដែលមាន វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣មករា។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយបន្តថា ក្រុមគ្រួសារនេះ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី ហើយមកដល់កម្ពុជា នាថ្ងៃទី១២មករា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ដោយឡែក ស្ត្រីខ្មែរជាពលករមកពីថៃបានឆ្លងកូវីដ-១៩វិញ មានវ័យ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ស្ត្រីរូបនេះ បានមកដល់កម្ពុជា នៅថ្ងៃទី១៥មករា ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើទី២ បានវិជ្ជមាននៃវីរុសកូវីដ-១៩។
គិតត្រឹមថ្ងៃទី១៩មករា កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤៤១នាក់។ ក្នុងនោះមាន៣៨៦នាក់ បានជាសះស្បើយ និង៥៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ៕
Tag:
COVID-19
ពលករ
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com