ជាតិ
សម្ដេច ហ៊ុន សែន តែងតាំងរដ្ឋមន្ត្រី២រូបទៀត ជាអនុប្រធានគណៈកម្មការ អនុវត្តគម្រោងផ្លូវ៣៨ខ្សែ នៅសៀមរាប (ខាងឆ្វេង) លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងរដ្ឋមន្ត្រី២រូប ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី១៨ មករា។
រដ្ឋមន្ត្រី២រូបនេះ គឺលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។ គួរបញ្ជាក់ថា សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ។ ចំណែករដ្ឋមន្ត្រីជាច្រើនរូបទៀត ជាអនុប្រធាន ខណៈមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ជាសមាជិក។
កន្លងមករាជរដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីក្រុងសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០២០។ គម្រោងការសាងសង់ផ្លូវទាំង៣៨ខ្សែ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខនេះ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងផ្សេងទៀតដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០ដល់ឆ្នាំ២០៣៥។
បើតាមអភិបាលខេត្តសៀមរាបលោក ទៀ សីហា គម្រោងផ្លូវសាធារណៈទាំង៣៨ខ្សែ ដែលកំពុងអនុវត្តនេះបានប៉ះពាល់ដល់ផ្ទះ និងសំណង់នានារបស់ពលរដ្ឋ ចំនួន៥ពាន់កន្លែង ។ ប៉ុន្តែអភិបាលខេត្តសៀមរាបរូបនេះ បានអះអាងប្រាប់ថា ប្រជាពលរដ្ឋភាគច្រើន ដែលបានរងផលប៉ះពាល់ទាំងនោះបានស្ម័គ្រចិត្តរុះរើសំណង់ទាំងនោះដោយខ្លួនឯង ពោលគឺគ្មានការបង្ខំឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com