អន្តរជាតិ
ក្រោយត្រូវឃុំខ្លួន, លោក Navalny អំពាវនាវឱ្យអ្នកគាំទ្រធ្វើបាតុកម្ម លោកAlexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី។ រូបភាព៖EPA
× លោក Alexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម បន្ទាប់ពីចៅក្រមរុស្ស៊ីចេញបញ្ជាឱ្យលោកជាប់ឃុំរយៈ៣០ថ្ងៃមុនពេលសវនាការ។ អង្គការសហប្រជាជាតិ ក៏ដូចជាបណ្តារប្រទេសលោកខាងលិចមួយចំនួន ទាមទាររដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងលោក Navalny ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបវិញថែមទាំងបានទាមទារឱ្យដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀតផង។
លោក Alexei Navalny ត្រូវបានចាប់ខ្លួនភ្លាមៗពេលទៅដល់ព្រលានយន្តហោះក្រុងមូស្គូនៅថ្ងៃទី១៧ ខែមករាក្រោយធ្វើដំណើរពីអាល្លឺម៉ង់។ ក្នុងប៉ុស្តិ៍ប៉ូលិស ចៅក្រមរុស្ស៊ី បានចេញបញ្ជាឱ្យលោក Alexei Navalny ជាប់ឃុំរហូតដល់ពេលឡើងសវនាការនៅថ្ងៃខាងមុខ។ អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី រូបនេះត្រូវបានអាជ្ញាធររុស្ស៊ីអះអាងថា បំពានលក្ខខណ្ឌព្យួរទោសដែលមានរយៈ៣ឆ្នាំកន្លះ ជំនួសឱ្យការជាប់ពន្ធនាគារបីឆ្នាំពាក់ព័ន្ធការលួចបន្លំទឹកប្រាក់៥សែនដុល្លារ។
ពេលចាកចេញពីប៉ុស្តិ៍ទៅកាន់កន្លែងឃុំឃាំង អ្នកនយោបាយប្រឆាំងរូបនេះ បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនបាតុកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលរុស្ស៊ី។ អ្នកគាំទ្ររូបលោកប្រមាណ២០០នាក់ បានជួបជុំគ្នានៅក្រៅប៉ុស្តិ៍ប៉ូលីសដើម្បីបង្ហាញការគាំទ្រ ដោយអ្នកខ្លះស្រែកទាមទារឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនចុះចេញពីតំណែងទៀតផង។ នេះបើតាមទីភ្នាក់ព័ត៌មាន Reuters ។
«កុំខ្លាច ចុះផ្លូវ (បាតុកម្ម) ។ កុំទៅ (បាតុកម្ម)ដោយសារតែរូបខ្ញុំ តែទៅដោយសារតែរូបអ្នក និងអនាគតរបស់អ្នក»។ នេះជាការថ្លែងរបស់លោក Navalny ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម Twitter។ អ្នកគាំទ្រអ្នកនយោបាយប្រឆាំងរូបនេះ គ្រោងនឹងបាតុកម្មនៅទូទាំងប្រទេសនាថ្ងៃទី២៣ ខែមករា ហើយមានគម្រោងជួបជុំមនុស្សចំនួន១ម៉ឺននាក់នៅចុងខែមករានេះម្ដងទៀត។
ចំពោះការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ីនេះ អេស្តូនី លីទុយអានី និងឡេតូនី ដែលនៅជាប់រុស្ស៊ីចង់ឱ្យរដ្ឋមន្ត្រីការបរទេសនៃសមាជិកសហភាពអឺរ៉ុប ពិភាក្សាលើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលមូស្គូ។ មនុស្សជំនិតរបស់លោក Navalny ក៏បានបញ្ចេញបញ្ជីឈ្មោះធនាគារិក អ្នកជំនួញ រដ្ឋមន្ត្រីរុស្ស៊ី និងអ្នកកាសែតរដ្ឋរុស្ស៊ី ដែលគួររងទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។
តាមពិតទៅ ភ្លាមៗក្រោយការចាប់ខ្លួនលោក Navalny រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងអាមេរិក ក៏ដូចជាការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ ទាមទារឱ្យដោះលែងលោកជាបន្ទាន់។ ចំណែកលោក Jake Sullivan មនុស្សជំនិតរបស់លោកប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន និងលោករដ្ឋមន្ត្រីការបរទេសអាមេរិកម៉ៃ ប៉ុមប៉េអូ បានរិះគន់ចំពោះការចាប់ខ្លួននេះ។
រុស្ស៊ីវិញ មិនបង្អង់យូរឡើយក្នុងការប្រតិកម្មតបទៅនឹងការទិតៀន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា ប្រទេសបស្ចិមលោក រិះគន់រុស្ស៊ីដើម្បីបង្វែរចំណាប់អារម្មណ៍របស់ពលរដ្ឋខ្លួន ចេញពីបញ្ហាក្នុងស្រុកតែប៉ុណ្ណោះ ហើយរុស្ស៊ីក៏នឹងមិនខ្វល់ពីអ្វីដែលប្រទេសនោះបានលើកឡើងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com