COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ ក្រុម​វាយតម្លៃ​ឯករាជ្យ រិះគន់​ចិន​និង WHO ដែល​ឆ្លើយតប​យឺតយ៉ាវ​នៅ​ដំណាក់កាល​ដំបូង​
19, Jan 2021 , 2:28 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​គណៈកម្មាធិការ​វាយតម្លៃ​ឯករាជ្យ​មួយ នៅ​ថ្ងៃទី​១៨ ខែមករា បាន​រិះគន់ ចំណាត់ការ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​នឹង​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩ នៅ​ដំណាក់កាល​ដំបូង​។ ចិន​ក៏ត្រូវ​រិះគន់​ដូចគ្នា ព្រោះ​មិនបាន​ចាត់វិធានការ​ឱ្យ​តឹងរ៉ឹង​នៅ​ដំណាក់កាល​ដំបូង​ដូចគ្នា​។

 
​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការឆ្លើយតប​ដំបូង​នឹង​ជំងឺ​កូ​វីដ​-១៩ បានចេញ​របាយការណ៍​បឋម​របស់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែមករា ដោយបាន​រិះគន់​ទាំង​អង្គការ​សុខភាព​ពិភពលោក និង​ចិន​ជុំវិញ​ចំណាត់ការ​នៅ​ដំណាក់កាល​ផ្ទុះ​កូ​វីដ​-១៩ ។ អតីត​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សែ​ឡង់ Helen Clark និង​អតីត​ប្រធានាធិបតី​លី​ប៉េ​រី​យ៉ា Ellen Johnson Sirleaf ជា​សហប្រធាន​គណៈកម្មាធិកា​រ​នេះ​។ 
 
​របាយការណ៍​នេះ ចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​នាយក​ប្រតិបត្តិ​កម្មវិធី​អាសន្ន​របស់​WHO លោក Mike Ryan ប៉ាន់ប្រមាណ​ថា អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ អាច​នឹង​កើន​ដល់ ១០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។ ក្នុង របាយការណ៍​នេះ ក្រុម​វាយតម្លៃ​ខាងលើ បាន​លើកឡើងថា អាជ្ញាធរ​ចិន គួរតែ​ចាត់វិធានការ​ឱ្យបាន​ខ្លាំង​ជា​អ្វីដែល​បានធ្វើ​នៅក្នុង​ខែមករា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ នៅក្នុង​ក្រុង​វូ​ហាន ក្រុង​ហ៊ូ​ប៉ី​។ 
 
​នៅក្នុង​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរ​ចិន បានប្រកាស​បិទ​ក្រុង​វូ​ហាន​ទាំងស្រុង ដើម្បី​ទប់ស្កាត់​ប្រជាជន​របស់ខ្លួន​ទៅ​ស្រុកកំណើត​ក្នុងអំឡុង​ចូលឆ្នាំ​ចិន និង​ទប់ស្កាត់​ការ​រាតត្បាត​។ ប៉ុន្តែ​ចិន​ក៏ត្រូវ​រិះគន់ថា លាក់បាំង​ករណី​ឆ្លង និង​មិន​យកចិត្តទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​សង្ស័យ ហើយ​បណ្ដែត​បណ្ដោយឱ្យ​រាលដាល​ទៅ​កន្លែង​នានា​។ 
 
​ទន្ទឹមនេះ របាយការណ៍​ខាងលើ​បន្តថា ទោះ​មាន​ព័ស្តុតាង​នៃ​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស សញ្ញា​នៃ​ករណី​ឆ្លង​នេះ មិនត្រូវ​បាន​គេ​អើពើ​ឡើយ​ឡើយ​។ គណៈកម្មាធិការ​ខាងលើ ក៏បាន​ចោទសួរ ថា ហេតុអ្វី​បានជា​គណៈកម្មាធិការ​អា​សន្ន WHO មិនមាន​កិច្ចប្រជុំ​លើ​បញ្ហា​កូ​វីដ​-១៩ រហូតដល់​សប្តាហ៍​ទី​៣ នៃ​ខែមករា ឆ្នាំ​២០២០ ហើយ​ថែមទាំង​មិនបាន​ប្រកាសអាសន្ន​ជា​អន្តរជាតិ​ថែមទៀត រហូតដល់​កិច្ចប្រជុំ​លើក​ទី​ពីរ នៅ​ថ្ងៃទី​៣០ ខែ​ខែមករា​។ 
 
​មិនតែប៉ុណ្ណោះ ពាក្យ​ជំងឺឆ្លង​សកល (Pandemic) ក៏​មិន​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ទាញ​សញ្ញា​ប្រកាសអាសន្ន​សម្រាប់​ពិភពលោក​ឡើយ​។ ផ្ទុយទៅវិញ ពាក្យ​នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​១០ ខែមីនា មក​ប៉ុណ្ណោះ ស្របពេល​កូ​រ៉ូ​ណាវី​រុស បាន​រាតត្បាត​យ៉ាងខ្លាំង​ទៅហើយ​។ 
 
«​ប្រព័ន្ធ​ប្រកាស​ជំងឺឆ្លង​សកល មិនត្រូវ​បាន​ប្រើ​ឲ្យ​ត្រូវ​តាម​គោលដៅ​ឡើយ​»​។ ក្រុម​អ្នកត្រួតពិនិត្យ​ស្ថានការណ៍​កូ​វីដ​-១៩ បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា អង្គការ WHO នៅមាន​កង្វះខាត​យន្តកា​រ​ច្រើនណាស់ ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​តម្រូវ​ឲ្យ​ធ្វើកំណែទម្រង់​ឡើង​វី​ញ ។ កន្លងមក ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ក៏បាន​ចោទ​អង្គការ​អន្តរជាតិ​មួយ​នេះដែរ ថា​លំអៀង​ទៅរក​ចិន និង​ជួយ​លាក់បាំង​ស្ថានការណ៍​កូ​វីដ​-១៩ ។ 
 
​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​នេះ ធ្វើឡើង​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ដល់​ខួប​មួយឆ្នាំ​នៃ​ការបិទ​ក្រុង​វូ​ហាន ប្រទេស​ចិន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែមករា ពិភពលោក មាន​ករណី​ឆ្លង​សរុប​ចំនួន​ជាង ៩៦​លាន​នាក់ និង​អ្នកស្លាប់​ចំនួន​ជាង ២​លាន​នាក់​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ជាង ៦៨​លាន​នាក់​៕ 

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com