ភ្នំពេញ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារឱ្យភាគីពាក់ព័ន្ធរួមគ្នា ដោះស្រាយជាចំបាច់។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្ដេច ស ខេង មើលឃើញថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលមិនទាន់ល្អប្រសើរនៅឡើយ។ ដោយសារមើលឃើញបញ្ហានេះ ទើបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវ ។
ប្រមុខក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជម្នះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា កត្តាចម្បងនៃការរំលោភបំពាន និងហិង្សាលើស្ត្រី គឺបណ្ដាលមកពីបញ្ហាវិសមភាពយេនឌ័រ និងការរើសអើងក្នុងសង្គមនៅតែកើតមាន ដែលធ្វើឱ្យក្រុមស្ត្រីងាយរងគ្រោះប្រឈមមុខខ្លាំង លើការបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចជាដើម។ «ម្យ៉ាងវិញទៀត ការមាក់ងាយ និងការរើសអើងក្នុងសហគមន៍ ដែលអាចបង្កើនហានិភ័យនៃអំពើហិង្សា និងបញ្ហាប្រឈមក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ថែមទៀត»។ នេះបើតាមលោកស្រី អ៊ឹង កន្ថាផាវី។
មិនតែប៉ុណ្ណោះបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ ក៏នាំឱ្យស្ត្រីរងអំពើហិង្សា និងការរំលោភបំពានដែរ។ នោះក៏ព្រោះជំងឺនេះ វាធ្វើឱ្យមនុស្សទូទៅជួបប្រទះបញ្ហាសេដ្ឋកិច្ច និងប៉ះពាល់ដល់ផ្លូវចិត្ត ដែលអាចឱ្យពួកគេប្រព្រឹត្តអំពើហិង្សាលើដៃគូ ជាស្ត្រីទៀតផង។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីកិច្ចការនារី។
បើតាមលោកស្រី កន្ថាផាវី បញ្ហាកង្វះធនធានក្នុងការអនុវត្ត និងទប់ស្កាត់ហិង្សា រួមទាំងកិច្ចការសម្របសម្រួលផ្ដល់សេវានានា ដល់ជនរងគ្រោះ នៅមានកម្រិត ដែលនាំឱ្យករណីហិង្សានៅតែកើតមាន។ តែយ៉ាងណារដ្ឋមន្ត្រីកិច្ចការនារីរូបនេះ នៅតែវាយតម្លៃថា អំពើហិង្សា និងការរំលោភបំពានលើស្ត្រី មានកាត់បន្ថយនៅអំឡុងពេលប៉ុន្មានឆ្នាំ ដោយសារស្ត្រីមានការយល់ដឹងច្រើន។
ប៉ុន្តែដើម្បីសម្រេចបានគោលបំណងនៃការទប់ស្កាត់អំពើហិង្សាលើស្ត្រីនេះ ទើបរដ្ឋាភិបាលដាក់ចេញគោលនយោបាយការពារស្ត្រីបន្ថែមទៀត។ សម្ដេច ស ខេង ជំរុញឱ្យមន្ត្រីអនុវត្តការងារទាំងអស់ ប្រែក្លាយឯកសារផែនការសកម្មភាពជាតិឱ្យទៅជាសកម្មភាពជាក់ស្តែង និងអនុវត្តប្រកបដោយភាពជោគជ័យ សំដៅលុបបំបាត់អំពើហិង្សាលើស្ត្រី ដោយលើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាក្នុងសង្គម ។ «យើងជឿជាក់ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣នេះ នឹងក្លាយជាផែនទីតម្រង់ទិសដ៏ស័ក្តិសិទ្ធិមួយ ដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ឱ្យកាន់តែសម្រេចបានឆាប់រហ័សតាមការរំពឹងទុក»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
បច្ចុប្ប្នរាជរដ្ឋាភិបាល កំពុងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាពិសេសគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្ត្រី និងក្មេងស្រី និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់ សេវាជាពហុវិស័យជួយស្ត្រីរងគ្រោះដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ៕