COVID-19
អន្តរជាតិ
លោក ឌូទើតេ ថា ប្រជាជនហ្វីលីពីនអាចប្រើវ៉ាក់សាំង Pfizer បាន តែឆ្លៀតសរសើរ Sinovac របស់ចិន ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត Xinhua
×
ដោយ៖ ឈួន ឈីវអ៊ីង
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃច័ន្ទទី១៨ មករា បាននិយាយថា លោក នឹងមិនបញ្ឈប់ពលរដ្ឋហ្វីលីពីនពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នោះទេ បើទោះជាមានអ្នកស្លាប់នៅន័រវេសក្រោយចាក់វ៉ាក់សាំងនេះក្ដី។ ខណៈអនុញ្ញាតឱ្យប្រជាជនជ្រើសរើសវ៉ាក់សាំង លោក ឌូទើតេ ក៏ឆ្លៀតសរសើរវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ។
«សឹងតែគ្រប់ប្រទេសដែលនាំគ្នាទិញវ៉ាក់សាំង Pfizer ។ ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថាវាជាការល្អដែរ តែប្រសិនបើអ្នកចង់មានបទពិសោធដូចនៅន័រវេស បន្តធ្វើចុះ។ មិនមាននរណាមកបញ្ឈប់អ្នកបានទេ» ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងសុន្ទរកថាតាមទូរទស្សន៍នៅយប់ថ្ងៃទី១៨ ខែមករា។
បទពិសោធដូចន័រវេសដែលលោក ឌូទើតេ លើកឡើងនេះ ទំនងជាករណីស្លាប់របស់មនុស្សជាង២០នាក់ ដែលភាគច្រើនអ្នកមានអាយុច្រើនក្រោយទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer រួចមក។ ប៉ុន្តែន័រវេស ប្រកាសមិនផ្លាស់ប្ដូរជំហររបស់ខ្លួនក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ឡើយ។
ក្នុងសុន្ទរកថាដដែល ប្រធានាធិបតីហ្វីលីពីន ក៏ឆ្លៀតការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកដែលសម្រេចចិត្តទិញវ៉ាក់សាំងជាច្រើនរាប់ទាំងវ៉ាក់សាំងក្រុមហ៊ុនចិន Sinovac ផងដែរ។ ហ្វីលីពីន គ្រោងចាប់ផ្ដើមកម្មវិធីវ៉ាក់សាំងរបស់ខ្លួននៅខែក្រោយ ដោយមានប្រជាជនគោលដៅប្រមាណ៧០លាននាក់សម្រាប់ឆ្នាំនេះ។
ខណៈវ៉ាក់សាំងរបស់ Sinovac មានប្រសិទ្ធភាពទាបធៀបនឹងវ៉ាក់សាំង Pfizer លោក ឌូទើតេ អះអាងថា វ៉ាក់សាំងក្រុមហ៊ុន ត្រូវបានប្រើនៅឥណ្ឌូណេស៊ី តួកគី អេមីរ៉ាតអារ៉ាប់រួម និងប្រេស៊ីលជាដើម ហើយក៏គ្មានសេចក្ដីរាយការណ៍ករណីស្លាប់ដែរ។
ក្រៅពីវ៉ាក់សាំងទាំងពីរ ហ្វីលីពីនក៏បានធ្វើកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងជាមួយក្រុមហ៊ុន Novavax, Moderna, AstraZeneca, Johnson & Johnson, និងវិទ្យាស្ថាន Gamaleya នៅរុស្ស៊ីផងដែរ។ ការផ្តល់វ៉ាក់សាំងនៅហ្វីលីពីន គឺមិនតម្រូវឲ្យបង់ប្រាក់ទេ៕
Tag:
ហ្វីលីពីន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com