កីឡាអន្តរជាតិ
អន្តរជាតិ
Real យកបាន Alaba ពី Bayern ដោយផ្តល់ប្រាក់ឈ្នួល១សប្តាហ៍ ២៨ម៉ឺនដុល្លារ
× David Alaba បានយល់ព្រមទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរ នៅរដូវកាលក្រោយ បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Bayern Munich ត្រូវបញ្ចប់នៅចុងបញ្ចប់រដូវកាលនេះ។
បើយោងតាមការផ្សាយរបស់ការសែត Marca ខ្សែការពារអន្តរជាតិអូទ្រីស David Alaba នឹងចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមម្ចាស់ការពារជើងឯកលីគកំពូលអេស្ប៉ាញ La Liga។ កិច្ចព្រមព្រៀងមុនកិច្ចសន្យានេះ ត្រូវបានគេជឿជាក់ថា Alaba នឹងទទួលបានប្រាក់ច្រើនខ្ពស់ផងដែរពី Real Madrid ដោយក្នុងមួយសប្តាហ៍ជិត២៨ម៉ឺនដុល្លារអាមេរិក ក្រោយបង់ពន្ធរួច។
ការផ្លាស់ទៅកាន់ក្លិបរហ្សនាមអធិរាជស ដែលមានលោក Zinedine Zidane ជាអ្នកចាត់ការ ជាក្តីសុបិនក្លាយជាការពិតរបស់ Alaba ខណៈរូបគេបានបដិសេធទៅចូលរួមជាមួយក្លិបធំពីររួមមាន Liverpool និង PSG ។ មុនទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ខ្សែការពារដែលមានម្តាយជាជនជាតិហ្វីលីពីន និងឪពុកនីហ្សេរីយ៉ារូបនេះ ក៏បានច្រានចោលការផ្តល់កិច្ចសន្យាថ្មីដល់ទៅ៣លើករូចមកហើយដែរ ពីសំណាក់ក្លិប Bayern Munich។
Alaba ដែលជាប់ជម្រើសជាតិអូទ្រីសចាប់ពីឆ្នាំ២០០៩ និងបង្ហាញខ្លួន៧៥ប្រកួត អះអាងថា រូបគេបានតាំងចិត្តរួចហើយសម្រាប់ការចាកចេញ ក្នុងគោលដៅចង់មានការប្រកួតប្រជែងថ្មី។ ១៣រដូវកាលជាមួយក្លិបយក្សអាល្លឺម៉ង់ ខ្សែការពារវ័យ២៨ឆ្នាំបានជួយ Bayern Munich ឈ្នះជើងឯក Bundesliga ៩លើក Champions League ២លើក និងពានធំៗជាច្រើនទៀត។
ស្របពេលកិច្ចព្រមព្រៀងជាមួយ Alaba ជោគជ័យ Real Madrid ក៏កំពុងចរចាលើការបន្តកិច្ចសន្យាដល់ប្រធានក្រុម Sergio Ramos ផងដែរ។ ខ្សែការពារវ័យចំណាស់សញ្ជាតិអេស្ប៉ាញរូបនេះនៅមិនទាន់សម្រេចចិត្តថាត្រូវនៅបន្ត ឬអត់នោះទេ ខណៈ Manchester United និង PSG ក៏ទាក់ទង់យករូបគេទៅជួយក្រុមផងដែរ។
Real Madrid ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាង La Liga រដូវកាលនេះ ដោយមាន៣៧ពិន្ទុពីការប្រកួត១៨លើក នាំមុខក្រុមលេខ៣ Barcelona ៣ពិន្ទុ ប៉ុន្តែតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ដែលទើបលេង១៦លើក ចំនួន៤ពិន្ទុ៕
Tag:
David Alaba
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com