រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi នៅថ្ងៃទី១៨ ខែមករា បានទាមទារឱ្យកូរ៉េខាងត្បូង ទម្លាក់ចោលការទាមទារសំណងសម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលរងគ្រោះនៅក្នុងសម័យសង្គ្រាម ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ បើតាមភាគីជប៉ុន កន្លងមករដ្ឋាភិបាលក្រុងតូក្យូ បានគិតគូរសំណងទាំងនោះរួចមកហើយ។
ស្នាមរបួសចាស់នៃទំនាក់ទំនងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងតូក្យូក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩១០ ដល់១៩៤៥ បានលេចឡើងជាថ្មី បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានបង្គ្រាប់ឱ្យជប៉ុន ផ្តល់សំណងជាប្រាក់ក្នុងម្នាក់៩១៣០០ដុល្លារឱ្យស្ត្រីរងគ្រោះដោយសារការបំពានផ្លូវភេទចំនួន ១២រូប ។ អ្នកទាំង១២រូបនោះ ស្ថិតនៅក្នុងចំណោមស្ត្រីចំនួន ១ម៉ឺននាក់មកពីតំបន់អាស៊ី-បាស៊ីហ្វិក ដែលត្រូវបានចាប់បញ្ជូនទៅបន្ទាយទាហានរបស់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
ជាការឆ្លើយនឹងសេចក្តីសម្រេចរបស់តុលាករកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងនៅក្នុងសភាថា ការកាត់ក្ដីរបស់តុលាការកូរ៉េខាងត្បូង បានបញ្ជាឱ្យជប៉ុនសងសំណងទៅស្ត្រីជនជាតិកូរ៉េខាងត្បូងចំនួន ១២រូប ជាសកម្មភាពខុសប្រក្រតី និងមិនអាចយល់បាន នៅក្នុងច្បាប់អន្តរជាតិ និងទំនាក់ទំនងទ្វេភាគី។
«យើង ជំរុញឱ្យកូរ៉េខាងត្បូង កែតម្រូវការបំពានច្បាប់អន្តរជាតិឱ្យបានឆាប់បំផុត»។ ប្រមុខការទូតជប៉ុន បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំសភា។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ក្នុងថ្ងៃដដែលនេះ បានព្រមានថា វានឹងមិនមានរឿងល្អឡើយនៅក្នុងទំនាក់ទំនងប្រទេសជិតខាងទាំងពីរ ប្រសិនបើរដ្ឋាភិបាលក្រុងសេអ៊ូល និងតូក្យូ មិនអាចរកដំណោះស្រាយរួមគ្នា មុនពេលតុលាការកូរ៉េខាងត្បូង រឹបអូសយកទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុន ដើម្បីលក់ឡៃឡុង។ ការលក់ឡៃឡុងលើទ្រព្យសម្បត្តិទាំងនោះ នឹងធ្វើឡើងចៀសមិនរួច ប្រសិនបើជប៉ុននៅតែបន្តបដិសេធ។
នេះមិនមែនជាលើកទីមួយទេ ដែលតុលាការកូរ៉េខាងត្បូង បង្គ្រាប់ឱ្យជប៉ុនផ្តល់សំណងលើជនរងគ្រោះក្នុងសម័យសង្គ្រាម។ នៅក្នុងឆ្នាំ២០១៩ កន្លងមក តុលារការកូរ៉េខាងត្បូង បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន ចេញថ្លៃសំណងដល់ប្រជាជន ដែលត្រូវបានបង្ខំឱ្យធ្វើការក្នុងសម័យសង្គ្រាម។
ទាក់ទិននឹងបញ្ហាទាំងពីរខាងលើ រដ្ឋាភិបាលក្រុងតូក្យូ បានអះអាងថា សំណងទាំងនោះ ខ្លួនបានគិតគូររួចហើយ តាំងពីឆ្នាំ១៩៦៥ ក្នុងពេលដែលប្រទេសទាំងពីរចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមកម្លេះ។
ថ្មីៗនេះ ក្រសួងការបរទេសជប៉ុន ក៏បានបកស្រាយថា ក្រោមមូលនិធិគាំពារស្ត្រីអាស៊ីឆ្នាំ១៩៩៥ ជប៉ុន បានផ្តល់សំណង និងលិខិតសុំទោសទៅស្ត្រីរងគ្រោះក្នុងសម័យសង្គ្រាមទាំងអស់ ដែលមកពីប្រទេសចំនួន៥ និងបានដោះស្រាយរួចរាល់អស់ហើយ លើកលែងតែកូរ៉េខាងត្បូងមួយប៉ុណ្ណោះ។ ពេលនោះ ស្ត្រីរងគ្រោះជនជាតិកូរ៉េខាងត្បូងចំនួន ៦១នាក់ ត្រូវទទួលសំណងក្នុងម្នាក់ជិត ៥ម៉ឺនដុល្លារ ប៉ុន្តែភាគច្រើននៃអ្នកទាំងនោះ បានបដិសេធទទួលយកសំណង។
បន្ថែមពីលើនេះ នៅមានកិច្ចព្រមព្រៀងឆ្នាំ២០១៥ ថែមទៀត ដែលក្រោយមក រដ្ឋបាលរបស់លោក មូន បានលុបចោល ដោយសំអាងថា មិនបានជជែកពិភាក្សាត្រឹមត្រូវជាមួយជនរងគ្រោះ។ នៅក្នុងថ្ងៃទី១៨ ខែមករា លោកមូន បានទទួលស្គាល់កិច្ចព្រមព្រៀងនេះវិញ ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់ដំណោះស្រាយដ៏ល្អមួយសម្រាប់ជនរងគ្រោះ។
សូមបញ្ជាក់ថា បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន ចេញថ្លៃសំណងដល់ប្រជាជនខ្លួន ដែលធ្វើការធ្ងន់នៅក្នុងសម័យសង្គ្រាម នៅក្នុងឆ្នាំ២០១៩ ជប៉ុន បានប្រកាសរឹតត្បិតការនាំចេញសារធាតុកម្រមួយចំនួនទៅកូរ៉េខាងត្បូង។ លើសពីនេះ ជប៉ុនបានដកកូរ៉េខាងត្បូង ចេញពីបញ្ជីដៃគូពាណិជ្ជកម្មពិសេស ដែលធ្វើឱ្យក្រុងសេអ៊ូល ចេញវិធានការសងសឹកវិញ ដោយដកក្រុងតូក្យូចេញពីបញ្ជីពាណិជ្ជកម្មរបស់ខ្លួនដែរ៕