កសិករខ្មែរនៅធ្វើកសិកម្មតាមបែបប្រពៃណីនៅឡើយ ដោយមិនទាន់ចេះជ្រើសរើសបន្លែ បំពេញតាមតម្រូវការទីផ្សារឡើយ ។ ពួកគេ ផ្ដល់អាទិភាពលើបន្លែណា ដែលងាយដាំប៉ុណ្ណោះ ។ អ្នកជំនាញជំរុញឲ្យកសិករ ដាំបន្លែ ដែលបំពេញតម្រូវការទីផ្សារជាងដាំតាមចិត្ត ដើម្បីចៀសវាងបញ្ហាប្រឈម។
កសិករ វន វ៉ុង ជាអ្នកដាំស្ពៃស្ថិតក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងជួបបញ្ហាខ្វះទីផ្សារ ព្រោះបន្លែស្ពៃដែលលោកដាំ កំពុងជួបបញ្ហាតម្លៃ។ ម្យ៉ាងទៀតបន្លែស្ពៃនេះ ក៏មានការពេញនិយមចំពោះកសិករផ្សេងដែរ ដែលធ្វើឲ្យលើសតម្រូវការទីផ្សារផងដែរ។ ដ្បិតបន្លែស្ពៃដែលលោក រ៉ុង ដាំក្នុងផ្ទះសំណាញ់ មានសុវត្ថិភាពពិតមែន តែទីផ្សារហាក់ចង្អៀតនៅឡើយ ដោយលក់បានត្រឹមតម្លៃ ១ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
កសិករវ័យ ៣៩ឆ្នាំរូបនេះបានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា៖«ខ្ញុំចូលចិត្តដាំបន្លែស្លឹកព្រោះងាយថែទាំ ឆាប់បានផល និងសត្វល្អិតចង្រៃមិនសូវបំផ្លាញ។ កន្លងមកខ្ញុំដាំតាមតែចង់ មិនបានគិតពីតម្រូវការទីផ្សារអីនោះទេ»។
បន្លែស្ពៃរបស់កសិករក្នុងខេត្តកំពង់ធំ (រូបភាពីមន្ទីរកសិកម្មខេត្ត)
កសិកររូបនេះ ទទួលស្គាល់ថា ខ្លួនមិនបានសិក្សាពីទីផ្សារមុន ទើបជួបបញ្ហាបែបនេះ ។ ប៉ុន្តែរូបគេ នឹងប្រុងប្រយ័ត្ននៅពេលក្រោយ។ «ដាំលើកក្រោយលោកនឹងសិក្សាពីទីផ្សារជាមុនសិន ពីតម្រូវការទីផ្សារ»។ នេះជាការបញ្ជាក់របស់លោក រ៉ុង។
ជុំវិញបញ្ហានេះលោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម មើលឃើញថា កម្ពុជាមិនទាន់មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដើម្បីឲ្យកសិករអាចដាំបន្លែគ្រប់រដូវ ដែលមានតម្លៃប្រកួតប្រជែងនៅឡើយ ខណៈកសិករនៅដាំបន្លែតាមចិត្តខ្លួន ដែលមិនទាន់ចេះសិក្សាពីទីផ្សារ។
រូបភាពពីកម្មវិធីអាស្ប៉ាយ
«ការដាំដុះបន្លែរបស់កសិករ នៅជាលក្ខណៈប្រពៃណី និងដាំតាមរដូវ នៅឡើយ ដែលធ្វើឲ្យរដូវខ្លះសម្បូរ និងរដូវខ្លះមិនសូវសម្បូរ។ រីឯម្យ៉ាងទៀត ការដាំដុះនៅមានកម្រិត និងមិនទាន់មានភាពទៀងទាត់នៅឡើយ ដូច្នេះការផ្គត់ផ្គង់មិនទាន់ស្របតាមតម្រូវការ»។ លោក យ៉ង់ សាំងកុមារ ដែលបន្ថែមថា បញ្ហាទាំងនេះ ជារឿងសំខាន់ ដែលទាមទារឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាកសិករ។
ជុំវិញបញ្ហានេះលោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម បានបញ្ជាក់ថា កន្លងមកក្រសួងតែងបញ្ជូនអ្នកជំនាញ ចុះណែនាំពីបច្ចេកទេសកសិកម្ម និងប្រឹក្សាបញ្ហាទីផ្សារជាមួយកសិករ ដែលបានចូលជាបណ្ដុំសហគមន៍។ ប៉ុន្តែកសិករខ្លះ មិនព្រមចូលជាបណ្ដុំទេ ដោយពួកគេគិតថា ខ្លួនមានលទ្ធភាពដាំអ្វីក៏បាន និងអាចរកទីផ្សារខ្លួនឯង ដោយមិនចាំបាច់ពឹងអ្នកណាទើបនាំឲ្យមានបញ្ហាប្រឈមបែបនេះ។
រូបភាពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តកំពង់ធំ
លោក គៀន សុភា ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទយ៉ាងដូច្នេះ៖«យើងតែងណែនាំដល់កសិករឲ្យចូលក្នុងគម្រោងនីមួយៗដើម្បីងាយស្រួលដោះស្រាយបញ្ហានេះដល់ពួកគាត់ តែរហូតពេលនេះបញ្ហាខ្វះទីផ្សារនៅតែមានសម្រាប់កសិករដែលមិនបានចូលក្នុងបណ្ដុំ»។
ក្រៅពីនេះក្រសួងកសិកម្ម ក៏បានបង្កើតកម្មវិធីព័ត៌មានពីទីផ្សារកសិកម្ម សម្រាប់កសិករផងដែរ។ នេះបើតាមលោក ស្រ៊ី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម ឆ្លើយតបសារព័ត៌មានThmeyThmey25 តាមតេឡេក្រាមដូច្នេះថា៖«ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្មបានបង្កើតកម្មវិធី(CAMAgrimarket APP) តាមទូរសព្ទដៃ អាចឲ្យកសិករទទួលបានព័ត៌មានទីផ្សារ អាចឲ្យអ្នកលក់និងអ្នកទិញមានភាពងាយស្រួលទំនាក់ទំនងគ្នា»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងកសិកម្មណែនាំឲ្យកសិករប្រើប្រាស់កម្មវិធីនេះ ដើម្បីងាយស្រួលក្នុងការរកទីផ្សារ ព័ត៌មានផ្សេងៗដែលទាក់ទងកសិកម្ម។
លោក នូ សុធារិទ្ធ ម្ចាស់ហាងចំការខ្មែរ
លោក នូ សុធារិទ្ធ ជាម្ចាស់ហាងបន្លែធម្មជាតិចំការខ្មែរ ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រាប់ថា លោកតែងណែនាំកសិករដាំបន្លែដែលជាតម្រូវការច្រើន ជាងដាំតាមចិត្តកសិករ និងមានការបែងចែកប្រភេទបន្លែ ដើម្បីកុំឲ្យដាំជាន់គ្នា។
លោកថា៖«យើងធ្វើការជាមួយកសិករ ដូច្នេះមុននឹងឲ្យកសិករដាំអ្វីត្រូវសិក្សាទីផ្សារសិន តែពេលខ្លះពួកគាត់ក៏ដាំតាមចិត្តគាត់ដែរ ប៉ុន្តែគាត់សហការគ្នានិងដាំបន្លែផ្សេងគ្នា»។ លោក សុធារិទ្ធ ប្រាប់ទៀតថា កន្លងមកកសិករដែល ផ្គត់ផ្គង់បន្លែដល់ហាងរបស់លោក មិនមានបញ្ហាតម្លៃ ឬគ្មានទីផ្សារនោះទេ ព្រោះកសិករដាំបន្លែដែលមិនជាន់គ្នា ម្យ៉ាងក៏មានកិច្ចសន្យាច្បាស់លាស់រវាងអ្នកដាំ និងកសិករផងដែរ៕
លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម