COVID-19
ជាតិ
ពលករខ្មែរពីថៃ៧នាក់ទៀតកើតកូវីដ-១៩ និង៦នាក់សះស្បើយ
20, Jan 2021 , 7:06 am        
រូបភាព
លោកអភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យមណ្ឌលចត្តាឡីស័កកន្លងមក។ រូបថតរដ្ឋបាលខេត្ត
លោកអភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យមណ្ឌលចត្តាឡីស័កកន្លងមក។ រូបថតរដ្ឋបាលខេត្ត
ដោយ: ថ្មីៗ
ពលករខ្មែរមកពីថៃ៧នាក់ទៀតកើតកូវីដ-១៩ និង៦នាក់ទៀតសះស្បើយ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលធ្វើឲ្យចំនួនអ្នកកើតកូវីដ-១៩ សរុបក្នុងចំណោមពលករមាន​ដល់៧៧នាក់ ក្នុងនោះ២៨នាក់បានជាសះស្បើយ។



ក្នុងចំណោមពលករដែលកើតកូវីដ-១៩ទាំង៧នាក់ នោះ មានស្ត្រី៣នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២០មករានេះ ពលករដែលឆ្លងកូវីដ-១៩នោះ មាន បុរសវ័យ២៩ឆ្នាំម្នាក់និងស្ត្រីអាយុ២៨ឆ្នាំម្នាក់ទៀត មានអាសយដ្ឋាននៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គល ខេត្តបន្ទាយមានជ័យ។ ពលករ២រូបនេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី៦មករា ឆ្នាំ២០២១។ 
 
សម្រាប់បុរសជាពលករវ័យ៣០ឆ្នាំ និងវ័យ២៣ រួមទាំងស្រ្តីវ័យ២៦ឆ្នាំម្នាក់ទៀត ដែលបានឆ្លងកូវីដ-១៩ដែរនោះ មានអាសយដ្ឋាននៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ដោយអ្នកទាំងនេះ បានមកដល់ទឹកដីកម្ពុជា នាថ្ងៃទី១៧មករា។ ក្នុងថ្ងៃជាមួយគ្នានេះ បុរសជាពលករមកពីប្រទេសថៃដែលមានវ័យ៣០ឆ្នាំ និងម្នាក់ជាស្រ្តីអាយុ៣៨ឆ្នាំ មានលំនៅដ្ឋានភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ក៏ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ ផងដែរ។ 
 
ដោយឡែក ចំពោះពលករចំនួន៦នាក់ដែលបានជាសះស្បើយពីជំងឺនេះវិញ មានស្ត្រីវ័យ២១ឆ្នាំម្នាក់នៅស្រុកកំរៀង, និងស្ត្រី៣៦ឆ្នាំម្នាក់ នៅស្រុកមោងឬស្សី និង៣៩ឆ្នាំម្នាក់ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ស្ត្រីអាយុ១៨ឆ្នាំម្នាក់ មានអាស័យនៅស្រុកពាមជ ខេត្តព្រៃវែង, ស្ត្រីវ័យ៣២ឆ្នាំ មានអាសយដ្ឋាននៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបុរសវ័យ២៥ឆ្នាំម្នាក់ទៀត មានស្រុកកំណើតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក៏បានជាសះស្បើយពីជំងឺកូវីដ-១៩ នេះផងដែរ។ ពលករទាំង៦នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមានចំនួន២ដង។
 
តួលេខសរុបនៅកម្ពុជា មានអ្នកកើតកូវីដ-១៩ ចំនួន៤៤៨នាក់ ក្នុងនោះ​៣៩២នាក់សះស្បើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com