ជាតិ
សង្គមជាតិ
«​ពានរង្វាន់​ដឹងគុណ​» នឹង​ផ្តល់ឱ្យ​អ្នកព័ត៌មាន ចំនួន​៥​ទសវត្សរ៍​
20, Jan 2021 , 9:28 am        
រូបភាព
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន
ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បាន​បង្កើត​កម្មវិធី​ផ្តល់​«​ពានរង្វាន់​ដឹងគុណ​» ដល់​អ្នកសារព័ត៌មាន​ចំនួន​៥ ទសវត្សរ៍ ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃទី​១៩​មករា កម្មវិធី​របស់​ក្រសួង​ព័ត៌មាន​នេះ គឺ​បាន​សហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយសារ​ព័ត៌មាន​ត្នោត និង​សារព័ត៌មាន​ថ្មីៗ​។

 
​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា កម្មវិធី​ផ្តល់​«​ពានរង្វាន់​ដឹងគុណ​»​នេះ រៀបចំឡើង​ដើម្បី​រម្លឹក​គុណ​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី របស់​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ចាប់ពី​ទស្សវត្សរ៍ ឆ្នាំ​១៩៧០ ដល់​បច្ចុប្បន្ន​។  
 
​បើតាម​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន «​ពានរង្វាន់​ដឹងគុណ​»​ នឹងផ្ដល់ជូនអ្នកសារព័ត៌មាន​ នៅ​ក្នុង​ឆ្នាំ​១៩៧០ ឆ្នាំ​១៩៨០ ឆ្នាំ​១៩៩០ ឆ្នាំ​២០០០ និង​ឆ្នាំ​២០១០​។  លោក​បាន​បញ្ជាក់ថា សម្រាប់​ទសវត្សរ៍​នីមួយៗ នឹងត្រូវ​ជ្រើសរើស​អ្នកសារព័ត៌មាន​ចំនួន​២​នាក់ ដោយមួយម្នាក់​ទទួល​ពានរង្វាន់​ដឹងគុណ និង​ម្នាក់ទៀត​នឹង​ទទួល​រង្វាន់​កិត្តិយស​។​
 
«​លក្ខខណ្ឌ​ចម្បង ដែល​យើង​ជ្រើសរើស​អ្នកសារព័ត៌មាន​ក្នុងការ​ទទួលបាន​ពានរង្វាន់​នេះ គឺ​គាត់​ជា​បុគ្គល​ដែល​នៅ​បន្ត​អនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​នៅក្នុង​វិស័យ​សារព័ត៌មាន តាំងពី​ចាប់​ពេល​ផ្តើម​ប្រ​ឡូង​ការងារ​នៅក្នុង​វិស័យនេះ រហូតមកដល់​បច្ចុប្បន្ន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ផុស សុវណ្ណ​។​
 
​សម្រាប់​កម្ម​វី​ធី​ផ្តល់​«​ពានរង្វាន់​ដឹងគុណ​»​ដល់​អ្នកសារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា ឆ្នាំ​២០២១​។ នេះ​គឺជា​កម្មវិធី​លើក​ទី​១ ដែល​ក្រសួង​ព័ត៌មាន​រៀបចំឡើង ហើយ គ្រោង​នឹង​រៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ផងដែរ​។ លោក ផុស សុវណ្ណ មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ខ្ញុំ​នឹង​រៀបចំ​កម្មវិធី​នេះ​បន្តទៀត​នៅ​ឆ្នាំក្រោយៗ បើទោះបី​លែងមាន​ការគាំទ្រ​ពី​ដៃគូ​ក៏ដោយ​»៕

Tag:
 ពានរង្វាន់​ដឹងគុណ​
© រក្សាសិទ្ធិដោយ thmeythmey.com