COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ ព្រមាន​ចាត់វិធានការ​អ្នក​ចែកចាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​គម្រោង​វ៉ាក់សាំង​រដ្ឋាភិបាល​
20, Jan 2021 , 10:39 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ថ្លែងសុន្ទរកថា នៅក្នុងឆ្នាំ២០២០។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ថ្លែងសុន្ទរកថា នៅក្នុងឆ្នាំ២០២០។ រូបភាព៖ Xinhua
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៩ ខែមករា បាន​អះអាងថា លោក​នឹង​ចាត់វិធានការ​លើ​បុគ្គល​ទាំងឡាយណា ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត ទាក់ទិន​នឹង​គម្រោង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ការរិះគន់​របស់​មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ លោក Thanathorn Juangroongruangkit​។

 
​រដ្ឋាភិបាល​ថៃ នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅក្នុង​ខែកុម្ភៈ​ខាងមុខ ដោយ​ក្រុមគ្រូពេទ្យ ត្រូវ​ចាក់​មុន​។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​យុទ្ធ​ការ​ចំនួន ៣​ដំណាក់កាល​ផងដែរ ដើម្បី​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​នៅ​ទូទាំងប្រទេស​។ យ៉ាងណាមិញ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ថៃ ត្រូវ​លោក Thanathorn Juangroongruangkit​មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ រិះគន់​ពី​ការយឺតយ៉ាវ​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់ខ្លួន​ចាត់វិធានការ​លើ​អ្នក​និយាយ​ពី​ព័ត៌មាន​មិន​ពិត​ជុំវិញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​។ «​ខ្ញុំ​នឹង​បញ្ជា​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ព័ត៌មាន​មិន​ពិត​ទាំងឡាយណា ដែល​ត្រូវបាន​បោះ​ពុ​ម្ភ នៅលើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។ លោក ប្រា​យុទ្ធ បាន​ព្រមាន​បែបនេះ បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ​តាម​ប្រព័ន្ធ​វីដេអូ​។ 
 
​បន្ទាប់ពី​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​បែបនេះ មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី ក៏​ត្រៀម​បញ្ជា​ឱ្យ​ក្រុម​អ្នកជំនាញ​សិក្សា​លើ​បញ្ហា​នេះដែរ​។ លោក Suporn Atthawong អនុរដ្ឋមន្ត្រី​ប្រចាំ​ការិយាល័យ​នាយករដ្ឋមន្ត្រី និយាយថា លោក​នឹង​បញ្ជា​ឱ្យ​ក្រុមអ្នកច្បាប់ ពិនិត្យ​លើ​ពាក្យសម្តី​របស់លោក Thanathorn ថា​តើ​មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ​រូបនេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី ឬ​រដ្ឋាភិបាល ឬ​ខុស​នឹង​ក្រមព្រហ្មទណ្ឌ​មាត្រា ១១២ ដែល​ចែង​ពី​ការការពារ​ព្រះមហាក្សត្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ ក្នុង​បណ្តាញ​សង្គម Facebook នៅពេល​ថ្មីៗ​នេះ លោក Thanathorn មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ និង​ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​ថៃ​មួយរូប បាន​រិះគន់ថា រដ្ឋាភិបាល បានធ្វើការ​យឺត​ណាស់ ក្នុង​ការទិញ និង​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ឱ្យ​គ្រប់​ចំនួន​ដូ​ស និង​ចាក់ឱ្យ​ប្រជាជន​។ 
 
«​ថៃ បានដាក់​ក្តីសង្ឃឹម​របស់ខ្លួន​តែ​លើ​ក្រុមហ៊ុន AstraZeneca ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឱសថ​ក្នុង​ស្រុកថៃ Siam Bioscience ផលិត​វ៉ាក់សាំង​របស់​ខ្លួន​»​។ មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ​បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា រដ្ឋាភិបាល​ថៃ​មិនបាន​ចរចា​ទិញ​វ៉ាក់សាំង​ជាមួយ​ប្រទេស​ផ្សេង​ទៀតឡើយ​រហូតដល់​ដើមខែ​មករា ឆ្នាំ​២០២១ ទើប​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ក្នុង​បរិមាណ​ដ៏​តិច​ពី Sinovac សម្រាប់​ប្រជាជន​១,៥​ភាគរយ​នៃ​ប្រជាជន​សរុប​។ 
 
​សូមបញ្ជាក់ថា ថៃ​បានដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ខ្លួន​ចំនួន​៥០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ឱ្យបាន​ត្រឹម​ដំណាច់ឆ្នាំ​២០២១​។ មកទល់ពេលនេះ ថៃ​បាន​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca និង​ចិន បាន​ជាង​៦០​លាន​ដូ​ស​រួចហើយ និង​ថែមទាំង​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន AstraZeneca ដើម្បី​ផលិត​វ៉ាក់សាំង​នៅក្នុង​ស្រុក​ថែមទៀត​។ វ៉ាក់សាំង​នឹង​ដឹក​មកដល់​ថៃ ក្នុង​ខែកុម្ភៈ និង​ខែក្រោយៗ​ជា​បន្តបន្ទាប់​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១៩ ខែមករា ថៃ​មាន​ករណី​ឆ្លង​សរុប​ចំនួន ១២៥៩៤​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៧០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៣៥៦​នាក់​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com