អន្តរជាតិ
លោក បៃ​ឌិន ក្តុកក្តួល​ពេល​ចាក​ចេញពី​រដ្ឋ​កំណើត មុន​ថ្ងៃ​ចូល​ស្បថ​កាន់តំណែង​
20, Jan 2021 , 4:51 pm        
រូបភាព
លោកប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន ថ្លែងសុន្ទរកថានៅរដ្ឋDelaware។ រូបភាព៖AFP
លោកប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន ថ្លែងសុន្ទរកថានៅរដ្ឋDelaware។ រូបភាព៖AFP
ដោយ:
​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ក្តុកក្តួល​ស្រក់​ទឹកភ្នែក នៅ​ថ្ងៃទី​១៩ មករា ក្នុង​ពិធី​ជួបជុំ​ជូន​ដំណើរ​ពី​ទី​កំណើត​ក្នុង​រដ្ឋ Delaware ដើម្បី​ធ្វើដំណើរ​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ចូល​ស្បថ​កាន់តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែមករា​។ មុន​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៨ ដល់ ២០១៦ លោក​បៃ​ឌិន​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Delaware រយៈពេល​ជាង​៣០​ឆ្នាំ​។ ការស្បថ​ចូលកាន់​តំណែង​របស់លោក បៃ​ឌិន នឹង​ខុសពី​កម្មវិធី​លើក​មុនៗ​ដែរ​។

 
​នៅ​មជ្ឈមណ្ឌល​ឆ្មាំ​ជាតិ​ប្រចាំ​រដ្ឋ Delaware លោក ចូ បៃ​ឌិន អរគុណ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​ដែល​តែងតែ​គាំទ្រ​លោក​កន្លងមក​។ លោក បៃ​ឌិន មានគំនិត​ធ្លាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​មរណភាព​របស់​កូនប្រុស​លោក គឺ​លោកបូ បៃ​ឌិន ជា​កត្តា​មួយ​ដែលនាំឱ្យ​លោក​បោះបង់ចោល​គំនិត​នេះ​វិញ​។​
 
​លោក បៃ​ឌិន និយាយថា លោក​មានរឿង​ស្តាយក្រោយ​តែមួយគត់ កូនប្រុស បូ មិន​នៅទីនេះ​។ លោក​បៃ​ឌិន បន្តថា កូនប្រុស​របស់លោក​គួរ​មាន​វត្តមាន​ក្នុង​ការស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​។ លោក បៃ​ឌិន ស្រក់​ទឹកភ្នែក​ពេល​និយាយ​ពី​កូនប្រុស​ដែល​បាន​ស្លាប់​នេះ​។ នៅ​ឆ្នាំ​២០១៦ មជ្ឈមណ្ឌល​កង​ឆ្មាំ​ជាតិ​ប្រចាំ​រដ្ឋ Delaware បាន​ប្តូរ​មក​ដាក់ឈ្មោះ​ទៅជា បូ បៃ​ឌិន ដើម្បី​ជាការ​រំឭក​គុណ និង​ផ្តល់​កិត្តិយស​។​
 
​បន្ទាប់ពី​ចាកចេញ​ពីរ​ដ្ឋ Delaware លោក បៃ​ឌិន បន្តដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​អាមេរិក​ចំនួន​៤​សែន​នាក់ ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​១០​ខែ​មកនេះ​។ នៅ​វិមាន​លីន​ខុន លោក បៃ​ឌិន បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ជាមួយ​លោកស្រី កា​ម៉ា​ឡា ហេ​រី​ស អនុ​ប្រធានាធិបតី​ជាប់ឆ្នោត ដែល​នៅពេលនោះ អំពូល​ភ្លើង​ចំនួន​៤០០ ត្រូវបាន​បំភ្លឺ​ឡើង​ដើម្បី​រំឭក​ដល់​ពលរដ្ឋ​អាមេរិក​៤​សែន​នាក់​ដែល​ស្លាប់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​កម្មវិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក បៃ​ឌិន ត្រូវ​រៀបចំឡើង​ខុសពី​ពិធី​ស្បថ​កាន់តំណែង​របស់​ប្រធានាធិបតី​មុនៗ ដែលមាន​អ្នកចូលរួម​គាំទ្រ​រាប់ម៉ឺន​នាក់​។ ស្ថិតក្នុង​បរិបទ​ជំងឺឆ្លង​កូ​វីដ​-១៩ លោក បៃ​ឌិន​បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​មិនចាំបាច់​ចូលរួម​ដោយផ្ទាល់​ឡើយ និង​ទស្សនា​ពិធី​នេះ​ពី​ផ្ទះ​វិញ​។ ដើម្បី​ជំនួស​អ្នកគាំទ្រ​ដែល​អវត្តមាន ក្រុមការងារ​របស់លោក បៃ​ឌិន ក៏បាន​ដោត​ទង់ជាតិ​តូចធំ​ចំនួន​២​សែន នៅ​ទីលាន​មុខ​វិមាន​សភា​កា​ពី​តូ​ល ទី​ដែល​លោក​នឹង​ស្បថ​ចូលកាន់​តំណែង​។​
 
​ស្រប​ពេលនេះ​ផងដែរ ក្រុមការងារ​របស់លោក​បៃ​ឌិន បាន​បញ្ចូល​ពិធី​ខាងលើ ចូលទៅក្នុង​កម្មវិធី​ប​ណ្តា​ញ​សង្គម Snapchat  ដែល​អ្នកប្រើប្រាស់​អាច​ថ​ត​សែ​ល​ហ្វី ដោយមាន​រូបភាព​វិមាន​កា​ពី​តូ​ល​នៅ​ពី​ខាងក្រោយ​។ បន្ថែម​ពីនេះ​អ្នកប្រើប្រាស់​ក៏​ទទួលបាន​សារ​ស្វាគមន៍​ជា​វីដេអូ​ថត​ទុកជាមុន​ដោយ​លោក បៃ​ឌិន សម្រាប់​ពិធី​នេះ​ផងដែរ​។​
 
​ចំពោះ​បញ្ហា​សន្តិសុខ​វិញ លោក​ប្រធានាធិបតី ត្រាំ បានដាក់​រដ្ឋធានី​វ៉ាស៊ីនតោន​ស្ថិតក្នុង​ស្ថានការណ៍​អាសន្ន បន្ទាប់ពី​អ្នកគាំទ្រ​រូបលោក​បាន​ចូលទៅ​អុកឡុក​វិមាន​សភា​កា​ពី​តូ​ល កាលពី​ថ្ងៃទី​៦ មករា​។ ដើម្បី​បង្ការ​ស្ថានការណ៍​ចលាចល​នេះ មិនឱ្យ​កើតឡើង​ជាថ្មី ឆ្មាំ​ជាតិ​ចំនួន​២​ម៉ឺន​១​ពាន់​នាក់ ត្រូវបាន​បញ្ជូនទៅ​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាក់​រហូតដល់​ពិធី​ស្បថ​កាន់តំណែង​ចប់សព្វគ្រប់​រួចរាល់​។ ការ​រឹតបន្តឹង​ការចេញចូល​ទីធ្លា​ជុំវិញ​វិមាន​សភា​កា​ពី​តូ​ល និង​សេត​វិមាន ត្រូវអនុវត្ត​ដែរ​។​
 
​ការ​បន្តឹង​សុវត្ថិភាព និង​ពង្រាយ​ឆ្មាំ​ជាតិ ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​(FBI) បញ្ជាក់​ពី​គម្រោង​កុបកម្ម​ប្រដាប់អាវុធ​ដោយ​ក្រុម​ជ្រុលនិយម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏ដូចជា​ការចូល​ទៅកាន់​កាប់​អាគារ​រដ្ឋាភិបាល​នៅ​រដ្ឋ​ទាំង​៥០៕
 
 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com