អន្តរជាតិ
លោក មូ​ន ជ្រើស​ទីប្រឹក្សា​សន្តិសុខ​ដែល​រៀបចំ​ជំនួប​ជាមួយ​លោក គីម ជា​ប្រមុខ​ការទូត​ថ្មី​
20, Jan 2021 , 7:29 pm        
រូបភាព
លោក Chung Eui-yong អតីតទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត AFP
លោក Chung Eui-yong អតីតទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានជ្រើសរើស​លោក Chung Eui-yong អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ ការជ្រើសរើស​លោក Chung ដែល​ដើរតួ​សំខាន់​ក្នុង​ការរៀបចំ​ជំនួប​មេដឹកនាំ​កូរ៉េ​ឆ្នាំ​២០១៨ ត្រូវ​មើលឃើញថា ជាការ​ប៉ុនប៉ង​ចុងក្រោយ​របស់លោក មូ​ន ក្នុង​ការបន្ត​ការចរចា​ជាមួយ​កូរ៉េខាងជើង ក៏ដូចជា​ការចរចារ​វាង​កូរ៉េខាងជើង និង​អាមេរិក​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​។

 
​ជាការ​រុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​តូច ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានសម្រេច​ចិត្ត​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រីការបរទេស វប្បធម៌ និង​សហគ្រាស​ខ្នាត និង​មធ្យម​។ អ្វី​គួរកត់សម្គាល់​នោះ គឺ​ការតែងតាំង​រដ្ឋមន្ត្រីការបរទេស​ថ្មី​។​
 
​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប្រកាសថា លោក មូ​ន ជ្រើសរើស​លោក Chung Eui-yong ដែលជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ថ្មី ជំនួស​លោកស្រី កាង ឃ្យុ​ង​វ៉ា ។ លោក Chung ត្រូវ​ឆ្លង​ការ​សវនាការ​ត្រួតពិនិត្យ​នៅ​សភា​សិន មុន​ត្រូវ​លោក មូ​ន តែងតាំង​ជា​ផ្លូវការ​។ នីតិវិធី​នៅ​សភា មិនមែនជា​ចាំបាច់​ឡើយ តែ​ជាការ​ស្វែងរក​ការយល់ព្រម​ពី​បក្សនយោបាយ​នានា​ប៉ុណ្ណោះ​។ 
 
​លោក Chung ដើរតួនាទី​សំខាន់​ក្នុងការ​រៀបចំ​ជំនួប​រវាង​លោក មូ​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ឆ្នាំ​២០១៨ និង​ពេល​ក្រោយៗ​មក​។ លោក ក៏​ជា​ប្រេសិត​ប្រធានាធិបតី​សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងជើង និង​សម្របសម្រួល​ឲ្យ​កិច្ច​ការចរចា​អាមេរិក និង​កូរ៉េខាងជើង​។ លោក Chung នេះហើយ​ជា​អ្នក​ប្រកាស​ជំនួប​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក គីម នៅ​សិង្ហ​បុរី​នោះ​។ 
 
​ជាមួយនឹង​ការជ្រើសរើស​លោក Chung ដែល​ធ្វើការ​ច្រើន​លើ​កិច្ចការ​ជាមួយ​កូរ៉េខាងជើង លោក មូ​ន កំពុង​ប្រមូល​ធនធាន​ទាំងអស់​ដើម្បី​ជំរុញឱ្យមាន​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ឡើងវិញ​។ លោក នៅសល់​ពេល​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​សម្រាប់​អាណត្តិ​ប្រធានាធិបតី មុន​ចាកចេញ​នៅ​ឆ្នាំ​២០២២ ។ ខណៈ​អាមេរិក នឹងមាន​រដ្ឋបាល​ថ្មី​នៅពេល​ខ្លី​ខាងមុខ វត្តមាន​លោក Chung នឹង​ក្លាយ​ជាការ​រុញច្រាន​ថ្មី​មួយទៀត​សម្រាប់​ការវិលត្រឡប់​ទៅរក​ការចរចា​ដែល​ជាប់គាំង​។​
 
​បើតាម​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Chung អះអាងថា លោក​នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី មូ​ន មាន​ផ្លែផ្កា ហើយ​ដំណើរ​ការរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​អាច​ចាក់​ឬ​សគល់​បាន​៕ 
 
 
 
 

Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  Chung Eui-yong
© រក្សាសិទ្ធិដោយ thmeythmey.com