អន្តរជាតិ
លោក ត្រាំ លើកលែងទោស​មនុស្ស​ជាង​៧០​នាក់​នៅ​មួយ​ថ្ងៃមុន​បញ្ចប់​អាណត្តិ​
20, Jan 2021 , 9:29 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖AFP
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​លើកលែង និង​បន្ធូរ​បន្ថយទោស​មនុស្ស​ចំនួន​៧៣​នាក់​នៅ​ថ្ងៃទី​១៩ មករា មួយ​ថ្ងៃមុន​បញ្ចប់​តំណែង​ប្រធានាធិបតី​។ បុគ្គល​មួយចំនួន​ដែល​លោក​ត្រាំ​លើកលែងទោស​មាន​មនុស្ស​ជំនិត និង​អ្នក​ធ្លាប់​ធ្វើការ​ឲ្យ​លោក​តាំងតែ​ពី​ឆ្នាំ​២០១៦ និង​តារាចម្រៀង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក ត្រាំ ពុំបាន​លើកលែងទោស​ទុកជាមុន​ដល់​ខ្លួន​លោក ឬ​ក្រុមគ្រួសារ​របស់លោក​ឡើយ​។​

 
​រដ្ឋ​ធម្ម​នុ​ញ្ញា​អាមេរិក ផ្តល់​អំណាច​យ៉ាង​ធំធេង និង​គ្មាន​លក្ខខណ្ឌ​ដល់​ប្រធានាធិបតី​ក្នុងការ​លើកលែងទោស​ពិរុទ្ធជន ជនជាប់ចោទ និង​អ្នក​ដែល​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​សហព័ន្ធ​។ ជា​ប្រពៃណី ប្រធានាធិបតី​អាមេរិក​ចេញ​បញ្ជា​លើកលែងទោស​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ និង​ជាពិសេស​នៅពេល​ជិត​ចប់​អាណត្តិ​ដើម្បី​ចៀសវាង​ការរិះគន់​។​
 
អត្ថបទទាក់ទង
 
​នៅមុន​ចប់​អាណត្តិ​មួយថ្ងៃ លោក ត្រាំ សម្រេច​លើកលែងទោស និង​សម្រាលទោស​មនុស្ស​ជាច្រើន​។ ម្នាក់​ក្នុងចំណោម​នោះ គឺ​លោក Steve Bannon អតីត​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦ និង​អតីត​ទីប្រឹក្សា​យុទ្ធសាស្ត្រ​សេត​វិមាន​។ លោក Bannon ត្រូវ​ចោទ​ពី​បន្លំ​យកប្រាក់​ដែល​លោក ត្រាំ រៃអង្គាស​សម្រាប់​សាងសង់​ជញ្ជាំង​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​មកប្រើប្រាស់​ផ្ទាល់ខ្លួន​។ នេះ​បើ​យោងតាម​ទី​ព័ត៌មាន AFP ។​
 
​លោក ត្រាំ ក៏​លើកលែងទោស​ផងដែរ ដល់​អ្នក​ធ្លាប់​ធ្វើការ និង​អ្នកគាំទ្រ​។ ជាក់ស្តែង លោក​បាន​លើកលែងទោស លោក Elliott Broidy អ្នក​រៃអង្គាសប្រាក់​កាល​ការធ្វើ​យុទ្ធនាការ​ឆ្នាំ​២០១៦​។ លោក Broidy  បាន​បំពាន​ច្បាប់​ស្តីពី​ការទទួល​លុយ​ពី​បរទេស និង​ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​បម្រើ​ប្រយោជន៍​បរទេស​មាន​ចិន និង​ម៉ាឡេស៊ី​។ លោក Kwame Kilpatrick អតីត​អភិបាលក្រុង Detroit ដែល​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២៨​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ក៏​រួចខ្លួន​ផងដែរ​។​
 
​បន្ថែម​ពីនេះ តារា​រ៉េ​ប Lil Wayne និង Kodak Black ដែល​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១០​ឆ្នាំ​ពី​ការកាន់កាប់​អាវុធ​ខុសច្បាប់​ក៏​ទទួលបាន​សេរីភាព​មុន​កាលកំណត់​ដែរ​។ Lil Wayne ត្រូវបាន​ស្គាល់​ថា​ជា​បុគ្គល​មួយរូប​ដែល​គាំទ្រ​លោក ត្រាំ ក្នុង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​។​
 
​ប៉ុន្តែ​ក្នុង​បញ្ជី​របស់លោក​ត្រាំ ពុំមាន​ឈ្មោះ​លោក​Rudy Giuliani ដែលជា​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ឡើយ​។ លោក​Giuliani ជា​អ្នក​ចេញមុខ​ជំនួស​លោក​ត្រាំ​ក្នុងការ​ប្តឹង​ជំទាស់​លទ្ធផល​បោះឆ្នោត​ទាំង​គ្មាន​ភស្តុតាង​។ លោក Giuliani ពុំទាន់​ជាប់​បទ​ចោទ​អ្វី​ឡើយ ប៉ុន្តែ​លោក​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ចំពោះ​សកម្ម​ភព​របស់លោក​នៅ​អ៊ុយ​ក្រែ​ន​។​
 
​ចាប់​តាំងតែ​ពី​ឡើងកាន់​អំណាច​មក លោក​ត្រាំ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ម​នុស្ស​ចំនួន​ជាង​១៤០​នាក់ ដែល​ក្នុងនោះ​រួមមាន​លោក Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​កុហក​សភា​អាមេរិក​ទាក់ទង​សំណុំរឿង​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។ លោក ត្រាំ​ប​លើកលែងទោស​ឱ្យ​លោក Paul Manafort អតីត​ប្រ​ធានា​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំកន្លះ ពី​ការបន្លំ​ហិរញ្ញវត្ថុ និង​រួមគំនិត​រារាំង​ការស៊ើបអង្កេត​។ 
 
​មិនតែប៉ុណ្ណោះ លោក​ក៏មាន​លើកលែងទោស​ដល់​លោក Charles Kushner ដែលជា​ដន្លង​របស់លោក ដែល​ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពីបទ​ល្មើស​គេចពន្ធ​ផងដែរ​។ កាលពី​ខែធ្នូ លោក ត្រាំ ក៏​លើកលែងទោស​ដល់​សន្តិសុខ​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​៤​នាក់​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ហើយ​ត្រូវ​តុលាការ​សហព័ន្ធ បាន​កាត់ទោស​បុគ្គល​មួយរូប​ពីបទ​ឃាតកម្ម និង​៣​រូប​ពីបទ​មនុស្សឃាត​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com