អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ថា ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ជនភាគតិច​វី​ហ្គ័​រ តែ​ចិន​ថា ជា​រឿង​កុហក​
20, Jan 2021 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៩ ខែមករា បានប្រកាសថា ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិ​មូស្លីម​ផ្សេង​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​។ ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​រូបនេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ចប់​អាណត្តិ​របស់ខ្លួន​។ ចិន​បាន​ឆ្លើយតប​វិញ​ថា លោក ប៉ុ​ម​ប៉េ​អូ កំពុង​កុហក​។​

 
​បើទោះបីជា​សល់​មួយថ្ងៃ​នៃ​ការ​កាន់តំណែង​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ មិន​ទុក​មុខ​ឱ្យ​ចិន​ដែរ​។ លោក ប៉ុ​ម​ប៉េ​អូ ដែល​តែង​និយាយ​រិះគន់​មិន​ដាច់​ពី​មាត់ នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​ចិន​ជុំវិញ​ជនជាតិភាគតិច​វី​ហ្គ័​រ​ដែលជា​ប្រធានបទ​ក្ដៅ​។​
 
«​បន្ទាប់ពី​ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​ការពិត​មួយចំនួន ខ្ញុំ​កំណត់ថា ចិន ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ប្រឆាំង​ជនជាតិភាគតិច​វី​ហ្គ័​រ​»​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​បែបនេះ នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៩ ខែមករា ដោយ​បន្តថា អំពើ​ប្រល័យពូជសាសន៍​នៅតែ​បន្ត​កើត​មាននៅ​ចិន​ដល់​សព្វថ្ងៃ​។ 
 
​បើតាម​លោក ប៉ុ​ម​ប៉េ​អូ រដ្ឋាភិបាល​អាមេរិក នឹងមិន​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​បក្ស​កុម្មុយនីស្ត​ចិន នៅតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុងប្រទេស​ទៀត​នោះ​។ ប្រមុខ​ការទូត​អាមេរិក ដល់​ថ្នាក់​បាន​ប្រៀបធៀប​ការអនុវត្ត​របស់​ចិន​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ទៅនឹង​គោលនយោបាយ​របស់​បក្ស​ណា​ហ្ស៊ី​អាល្លឺម៉ង់​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២ ប្រឆាំង​ក្រុម​ជនជាតិ​ជ្វី​ហ្វ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទី​ភាក់​ងារ​ព័ត៌មាន AFP លោក ប៉ុ​ម​ប៉េ​អូ បាន​ជំរុញ​ឱ្យ​អង្គការ​អន្តរជាតិ​រួមទាំង​តុលាការអន្តរជាតិ​ផងដែរ ពិនិត្យ​លើ​សកម្មភាព​របស់​ចិន​ទាំងនេះ ស្របពេល​អាមេរិក នឹង​បន្ត​ដាក់​សម្ពាធ​លើ​ចិន​ជុំវិញ​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ​នេះ​ទៀត​ដែរ​។ 
 
​ជាការ​ឆ្លើយតប អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​អាមេរិក បាន​ជំទាស់​លើ​សេចក្តីថ្លែងការណ៍​នោះ និង​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​ជ្រែក​ជ្រៀត​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ទៀត​។ បើតាម​ស្ថានទូត​ចិន សេចក្តីថ្លែងការណ៍​នោះ ធ្វើ​មិនដឹងមិនលឺ​ពី​ការពិត និង​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន ទៅលើ​គោលនយោបាយ​របស់​ចិន ក្នុង​តំបន់​ស៊ីន​ជាំ​ង​។ ជាពិសេស ការចោទប្រកាន់ថា ចិន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វី​ហ្គ័​រ និង​មូស្លីម​ផ្សេងទៀត គ្រាន់​ជាការ​កុហក និង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ចិន​ប៉ុណ្ណោះ​។ 
 
​នៅ​ទីក្រុង​ប៉េកាំង​ឯណោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying ក៏​ប្រតិកម្ម​ខ្លាំង​នឹង​លោក ប៉ុ​ម​ប៉េ​អូ ដែរ​។ លោកស្រី Hua អះអាងថា លោក ប៉ុ​ម​ប៉េ​អូ ប្រតិដ្ឋ​ការពិត ហើយ​ពេញ​មួយ​អាណត្តិ​របស់ខ្លួន​បង្កើត​មិន​រឿង​មិន​ពិត​វាយប្រហារ​ចិន​រហូត​។​
 
​ក្រុម​សិទ្ធិមនុស្ស​នានា​ជឿថា ជនជាតិ​វី​ហ្គ័​រ និង​ជនភាគតិច​មូស្លីម​ផ្សេងទៀត យ៉ាងហោចណាស់​មួយ​លាន​នាក់ ស្ថិតនៅក្នុង​មន្ទីរ​កែប្រែ​ឡើងវិញ​ជាច្រើន​នៅ​ខេត្ត​ស៊ីន​ជាំ​ង​។ ចិន​ក៏ត្រូវ​ចោទថា ចង់​លុបចោល​របៀប​រស់នៅ​វប្បធម៌​របស់​ជនជាតិ​ភាគតិច​មូស្លីម និង​ធ្វើ​សមាហរណកម្ម​ជនជាតិ​ទាំងនោះ​ទៅក្នុង​វប្បធម៌​ជនជាតិ​ហាន​របស់​ចិន តាមរយៈ​ការចាប់​បង្ខំ​ឲ្យ​បរិភោគ​សាច់ជ្រូក និង​ស្រា​ជាដើម​។ 
 
​យ៉ាងណាមិញ អាជ្ញាធរ​ចិន បាន​និយាយ​ការពារ​ម្តង​ហើយ​ម្តង​ទៀតថា កន្លែង​ដាក់​ជនជាតិភាគតិច​ទាំងនោះ មិនមែនជា​មន្ទីរ​កែប្រែ​អ្វី​ឡើយ តែ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការងារ និង​ជម្រុះ​ចោល​គំនិត​ជ្រុលនិយម​របស់​ក្រុម​ជនជាតិភាគតិច​ទាំងនោះ​តែប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ អាមេរិក បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅ​ចិន ជុំវិញ​សិទ្ធិមនុស្ស និង​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​នេះ​។ កន្លងមក អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ជា​បន្តបន្ទាប់​ដែលមាន​តួនាទី​លើ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​វី​ហ្គ័​រ និង​ថែមទាំង​ដាក់​ក្រុមហ៊ុន​ផ្សេងទៀត ក្នុង​បញ្ជីខ្មៅ​ផងដែរ​៕ 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com