ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​ស្ពាន​បុរាណ​អាយុកាល​ជិត ៩០០​ឆ្នាំ ជា​លើកដំបូង​
21, Jan 2021 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​គម្រោង​ជួសជុល​ស្ពាន​តាអោ​ង ឬ​តា​អុង អាយុកាល​ជិត​៩០០​ឆ្នាំ ស្ថិត​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ការជួសជុល​នេះ ដោយសារ​ស្ពាន​ចំណាស់​មួយ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​កំពុង​ប្រឈម​នឹង​ការខូចខាត ដែល​បង្កដោយ​មនុស្ស និង​ធម្មជាតិ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២០ មករា​។​


​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​គម្រោង​ជួសជុល​ប្រាសាទ​តាអោ​ង ជា​លើកដំបូង ដោយសារ​ផ្នែក​ជាច្រើន​នៃ​ស្ពាន​បុរាណ​នេះ បាន​រលុះ​ធ្លាក់ បាន​ប្រេះ​ញែក​ចេញពី​គ្នា នៅ​ផ្នែក​កណ្ដាល​នៃ​តួ​ស្ពាន​សងខាង ព្រមទាំង​ផ្នែក​មួយចំនួន​កំពុង​ជួបប្រទះ​នឹង​ការ​រលុះ​ធ្លាក់​ផងដែរ​។​
 
​លោក ពុទ្ធ សុទ្ធ ជា​មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ និង​ជា​ប្រធាន​គម្រោង​ជួសជុល​តាអោ​ង បាន​និយាយថា គម្រោង​ជួសជុល​ដំបូង​លើ​ស្ពាន​បុរាណ​នេះ ប្រព្រឹត្ត​ទៅលើ​ចំណុច​ចម្បង​ពីរ​គឺ នៅ​ជញ្ជាំង​ស្ពាន​ផ្នែក​ខាងជើង​ដែល​បាន​រលុះ​ធ្លាក់ និង​ចំណុច​ដែលមាន​រហែក​ធំ​ចេញ​ក្រៅ ប្រឈម​ការ​រលុះ​ធ្លាក់​។​


រូបភាពពី ហ្វេសប៊ុកផេកអាជ្ញាធរជាតិអប្សរា 

​ដើម្បី​ជុស​ជុល​ស្ពាន​បុរាណ​នេះ ក្រុមការងារ​នឹងធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ការជួសជុល​ថ្ម ការរៀបចំ​ពង្រឹង​ជើង​សសរថ្ម ដែល​រលុះ​ធ្លាក់​ឡើងវិញ ព្រមទាំង​បង្ហាប់ដី​កន្លែង​ច្រោះ​ចំណុច​គល់ស្ពាន​ខាងលិច និង​ការរៀបចំ​បង្កាន់ដៃ​នាគ​ដាក់ចូល​ទីតាំង​ដើម​ឡើងវិញ​។ នេះ​បើតាម លោក ពុទ្ធ សុទ្ធ ដដែល​។​
 
​ចំពោះ​គម្រោង​ជួសជុល​ស្ពាន​បុរាណ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ប្រើប្រាស់​មូលនិធិ​ថវិកា​ផ្ទាល់ ក្នុងការ​ជួសជុល​ស្ពាន​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​។​
 
​សូមជម្រាបថា ស្ពាន​តាអោ​ង ឬ​តា​អុង ជា​ស្ពាន​បុរាណ​វែង​ជាងគេ ក្នុងចំណោម​ស្ពាន​បុរាណ​ចំនួន ២៣ ផ្សេងទៀត លើផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាន ដែល​កសាងឡើង​ពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​នាគ​ក្បាល​៩ និង​មាន​ព្រះពុទ្ធ​សមាធិ​ធ្វើ​ពី​ថ្មភក់ នៅ​ចំ​កណ្ដាល​ក្បាល​នាគ​។ ស្ពាន​បុរាណ​នេះ​មាន​បណ្ដោយ​ប្រវែង ៧០​ម៉ែត្រ ទទឹង​ប្រវែង ១៣​ម៉ែត្រ និង រន្ធត្រដេវ​ចំនួន ១៤ ដោយ​រន្ធ​នីមួយៗ​មាន​កម្ពស់​ប្រវែង ៦​ម៉ែត្រ និង​ទទឹង​ប្រវែង ២​ម៉ែត្រ​។ ចំណែក​កាលបរិច្ឆេទ​នៃ​ស្ពាន​នេះ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉​ន្តែ​ចម្លាក់​បង្កាន់ដៃ​នាគ គេ​អាច​ដឹងថា ស្ពាន​នេះ​ស្ថិតក្នុង​រចនាបថ​បា​យ័ន្ត ចន្លោះ​ឆ្នាំ​១១៨១ ដល់​១២២០​នៃ​គ្រិស្តសករាជ​៕
 


​រូបភាពពី ហ្វេសប៊ុកផេកអាជ្ញាធរជាតិអប្សរា

Tag:
 ThmeyThmey25
  អាជ្ញាធរ​ជាតិ​អប្សរា​
  ស្ពាន​តាអោ​ង​
  ស្ពាន​តា​អុង​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com