ជាតិ
រដូវ​ប្រមូល​ផល​៖ តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ត្រឹម​១ ០០០ ទៅ​១៥០០​រៀល ក្នុង​មួយ​គីឡូក្រាម
20, Jan 2021 , 10:59 pm        
រូបភាព
កសិករដាំស្ពៃក្ដោបក្នុងខេត្តប៉ៃលិន (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន)
កសិករដាំស្ពៃក្ដោបក្នុងខេត្តប៉ៃលិន (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន)
​ភ្នំពេញ​៖ នៅ​អំឡុង​ដើមខែ​ធ្នូ ដល់​ខែមករា ជា​រដូវ​អំណោយផល​ចំពោះ​ដំណាំ​ស្ពៃក្ដោប ដូច្នេះ​កសិករ​ភាគច្រើន​បាន​ជ្រើស​ដាំ​ស្ពៃក្ដោប ព្រោះ​វា​ងាយ​ថែទាំ និង​ឆាប់​ទទួលផល​។ បច្ចុប្បន្ន​តម្លៃ​ស្ពៃក្ដោប​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ត្រឹម ១ ០០០​រៀល​ទៅ ១ ៥០០​រៀល​ប៉ុណ្ណោះ​នៅតាម​តំបន់​នីមួយៗ​។​

 
​បញ្ហា​ស្ពៃក្ដោប​ធ្លាក់​ថ្លៃ បានធ្វើ​ឲ្យ​កសិករ​ដែល​ដាំ​ស្ពៃក្ដោប​ជួប​ផល​លំបាក និង​ប្រឈម​ការ​ខាត ព្រោះតែ​តម្លៃ ទាប ត្រូវបាន​ឈ្មួញកណ្ដាល​ទម្លាក់​ថ្លៃ​។ អ្នកស្រី ពៅ រ៉ា​ទី ជា​កូន​កសិករ​ដាំ​ស្ពៃក្ដោប​ក្នុង​ខេត្ត កំពង់ចាម បាន​បញ្ជាក់ថា តម្លៃ​ស្ពៃក្ដោប ធ្លាក់​ថ្លៃ​ដល់ ១ ៣០០​រៀល​ទៅ ១ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​មានពេលខ្លះ​មិនមាន​អ្នកទិញ​ផង​។​
 
«​រដូវ​នេះ​ភាគច្រើន​គេ​ដាំ​ស្ពៃក្ដោប ព្រោះ​វា​អំណោយផល​ទីផ្សារ​ទូលាយ និង​ងាយ​ថែទាំ តែ​ក្រោយ​ប្រមូល​ផល​ឈ្មួញកណ្ដាល​បាន​ដើរ​ទម្លាក់​ថ្លៃ កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​អ្នកស្រី ពៅ រ៉ា​ទី ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​។​


ដំណាំស្ពៃក្ដោបក្នុងផ្ទះសំណាញ់របស់កសិករនៅប៉ៃលិន រូបភាពពីលោក វេង សាខុន

​អ្នកស្រី រ៉ា​ទី ប្រាប់ថា ក្នុងភូមិ​ទី​១០ ឃុំ​ព្រៃ​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ទីផ្សារ​ស្ពៃក្ដោប​ទូលាយ​បន្តិច​មែន តែ​ពេលខ្លះ​ក៏​ពិបាក​ដែរ ព្រោះ​តម្លៃ​ស្ថិត​លើ​ឈ្មួញកណ្ដាល​។ អ្នកស្រី បន្តថា កសិករ​នៅ​តំបន់​នេះ​ភាគច្រើន​ជា​អ្នករក​ទីផ្សារ​ខ្លួនឯង ដោយ​មិនបាន​ចូល​ជា​សមាជិក​បណ្ដុំ​កសិករ​ក្នុង​គម្រោង​ណាមួយ​ឡើយ ហើយ​ការមិន​ចូល​ជា​សមាជិក​ក្នុង​គម្រោង​ណាមួយ ព្រោះ​ទាមទារ​លក្ខខណ្ឌ​។​
 
​រីឯ​ទីផ្សារ​ស្ពៃក្ដោប ក្នុង​ខេត្តបាត់ដំបង​ឯណោះ​វិញ ក៏​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ដែរ​។ អ្នកស្រី ឡោម សុភា​រ៉ា ប្រធាន​សមាគម​កសិក​ម្ម ស្ថិតក្នុង​ភូមិ​ស្វាយ​ប្រ​កៀត ឃុំ​ឈើទាល ស្រុក​បាណន់ ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ស្ពៃក្ដោប​បច្ចុប្បន្ន​លក់បាន​តម្លៃ ២ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ​ជា​តម្លៃ​ខ្ពស់បំផុត​។ «​កសិករ​ក្នុង​តំបន់​នេះ​ភាគច្រើន​ដាំ​បន្លែ​ដូចគ្នា​ច្រើន ពិសេស​ស្ពៃក្ដោប ហើយ​រដូវ​នេះ ជា​រដូវ​សម្បូរ​ស្ពៃក្ដោប អ៊ីចឹង​ហើយ​តម្លៃ​លក់បាន​ត្រឹម ២ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឡោម សុភា​រ៉ា​។​
 
​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​បាត់ដំបង បាន​ប្រាប់​ThmeyThmey25 ថា​៖ «​សម្រាប់​តម្លៃ​បន្លែ​ស្លឹក​អាច​លក់បាន​ពី​១ ០០០​រៀល​ទៅ ១ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែបើ​កសិករ​ដែល​ស្ថិតក្នុង​គម្រោង​បណ្ដុំ​អាជីវករ​អាច​លក់បាន ២ ០០០​រៀល​ទៅ ៣ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដ្បិត​តម្លៃ​នៅមានកម្រិត​តែ​កសិករ​អាច​ទទួលយក​បាន ព្រោះ​ពួកគាត់​យល់​ពី​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​»​។ 
 
​លោក​ប្រធាន​មន្ទីរ​រូបនេះ បានបញ្ជាក់​ទៀតថា​៖ «​ចាប់ពី​ដើមខែ​ធ្នូ ដល់​ចុងខែ​មករា ជា​រដូវ​ប្រមូល​ផល​ស្ពៃក្ដោប ជាហេតុ​ធ្វើ​ឲ្យ​តម្លៃ​ស្ពៃក្ដោប ក្នុង​ខេត្តបាត់ដំបង មានតម្លៃ​ត្រឹម ១ ០០០​រៀល​ដល់ ១ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​»​។​
 
​ជុំវិញ​តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​នេះ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រី វុទ្ធី លើកឡើងថា​៖ «​កាលណា​ផល​ច្រើន តម្លៃ​ធ្លាក់ចុះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​ចងក្រង​ជា​បណ្តុំ​កសិករ សហគមន៍​កសិកម្ម រួច​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​»​។​
 
​សូមបញ្ជាក់ថា កសិករ​ដែល​ចូលរួម​ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​ជាមួយ​គម្រោង​នានា​របស់​ក្រសួងកសិកម្ម នឹង​ទទួលបាន​ឱកាស​ទីផ្សារ តម្លៃ​ផលិតផល​កសិកម្ម​មាន​ស្ថិរភាព ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ដាំ​ដុះ ព្រមទាំង​ទទួលបាន​ព័ត៌មាន​ទាក់ទង​កសិកម្ម​ជាច្រើន​ទៀត​៕
 
 
 

Tag:
 ​ស្ពៃក្ដោប​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com