ជាតិ
លោក វេ​ង សាខុន​៖ ទុន​និង​ទីផ្សារ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​កសិករ​
21, Jan 2021 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើមទុន​ផលិត និង​ទីផ្សារ​កសិផល​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​កសិករ និង​សហគមន៍​កសិកម្ម​។ ទុន​ជា​ធាតុ​សំខាន់ ដើម្បី​ពង្រីក​ផលិតកម្ម​ដំណាំ សត្វ ត្រី និង​សិប្បកម្ម​កែច្នៃ​កសិផល ធានាបាន​ទាំង​គុណភាព និង​សុវត្ថិភាព​ផលិតផល ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ តាមរយ​:​ការប្រើ​បច្ចេកវិទ្យា​ដាំ​ដុះ ចិញ្ចឹម ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ និង​ថែរក្សា និង​ការប្រើ​ធាតុ​ចូល​កសិកម្ម​សំខាន់ៗ មួយចំនួនទៀត​ឲ្យ​មាន​ប្រសិទ្ធភាព​។ នេះ​ជា​សំណេរ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០២១​។​

 
​លោក វេ​ង សាខុន បន្តថា ឆ្លើយតបបាន​នូវ​លក្ខខណ្ឌ​ផលិត កសិករ និង​សហគមន៍​កសិកម្ម ក៏ត្រូវ​ចងក្រង​បណ្តុំ​ផលិត ឬ​អាជីវកម្ម ដើម្បី​សម្រួល​ដល់​ការធ្វើ​ទីផ្សារ ទទួលបាន​ការបញ្ជាទិញ​តាមរយ​:​ការធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ថិរភាព​បរិមាណ​ផ្គត់ផ្គង់ និង​តម្លៃ​។ រដ្ឋមន្ត្រី​កសិកម្ម បន្ថែមថា ក្រសួងកសិកម្ម នឹង​ផ្ដល់​ការបណ្តុះបណ្តាល​បច្ចេកទេស និង​ការផ្សព្វផ្សាយ​សំខាន់ៗ​មួយចំនួន ដល់​កសិករ​សមាជិក​បណ្តុំ​កសិករ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​ជូន​កសិករ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​អនុវត្ត​គម្រោង​សាកល្បង​ថ្មី​មួយ​ស្តីអំពី ការបង្កើត​សហគមន៍​កសិកម្ម​គំរូ​ដែល​តម្រង់ទិស​ទៅលើ​ការធ្វើ​ជំនួញ​ហៅ​កាត់​ថា​« BPAC»​។ គម្រោង « BPAC» បានទទួល​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​អង្គការ JICA ដោយ​យកទៅអនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៤​មាន ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និង​ខេត្តស្វាយរៀង ដែលមាន​រយៈពេល ៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៤-២០១៩​។ នេះ​បើតាម​លោក វេ​ង សាខុន​។ 
 
​ដោយឡែក​គម្រោង «BPAC» នេះ បានបញ្ចប់​តាំងពី​ខែឧសភា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយ​យល់ឃើញថា​គម្រោង​នេះ​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​កសិកម្ម អង្គការ JICA បាន​ផ្ទេរ​ការងារ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់ និង​គ្រប់គ្រង​ប្រាក់កម្ចី​របស់​សហគម​ន៍​កសិកម្ម​ឱ្យទៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​ជា​អ្នកអនុវត្ត​បន្ត​រហូតដល់​ឆ្នាំ​២០២៧​។​
 
​អត្ថប្រយោជន៍​ដែល​កសិករ​ក្នុង​សមាជិក​ទទួលបាន​គឺ ផលិតផល​បន្លែ​របស់​កសិករ​ដែល​ស្ថិតក្នុង​គម្រោង​នេះ​ត្រូវបាន យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​។ បន្ថែម​លើ​នោះ គម្រោង​ក៏បាន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​) ដល់​សមាជិក និង​បានផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​ជូន​សមាជិក​រប​ស់​ខ្លួន​ដោយ​យក​តម្លៃ​សេវា​ទាប​សមរម្យ​។​
 
​ម្យ៉ាងទៀត​សមាជិក​បាន​យល់ដឹង​អំពី​ការប្រើប្រាស់​ប្រាក់កម្ចី របៀប​សន្សំ​ប្រាក់ ការធ្វើ​អាជីវកម្ម​ក្នុង​រង្វង់​សមាជិក​សហគមន៍​។ ជាមួយគ្នានេះ សមាជិក ក៏បាន​យល់​ពី​ផលិតផល​មានគុណ​ភាព និង​តម្រូវការ​ទីផ្សារ ការរៀបចំ​ទុកដាក់ និង​ថែរក្សា​កសិផល​ឲ្យ​បានល្អ ការងាររដ្ឋបាល បច្ចេកទេស និង​សេដ្ឋកិច្ច​។  
 
​សូមបញ្ជាក់​ជូន​ថា សហគមន៍​កសិកម្ម​ទាំង​៦ ដែល​ទទួលបាន​ប្រាក់កម្ចី​ពី​គម្រោង​នេះ​រួមមាន សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​(​ខេត្តកំពង់ចាម​),​សហគមន៍​កសិកម្ម​ទួល​ព្រះវិហារ​(​ខេត្តកំពង់ចាម​),​សហគមន៍​កសិកម្ម​ជើង​គួ​ន​ជោគជ័យ​(​ខេត្តតាកែវ​),​សហគមន៍​កសិកម្មរ​លួសមាស​(​ខេត្តតាកែវ​),​សហគមន៍​កសិកម្ម​ស្វាយជ្រុំ​(​ខេត្តស្វាយរៀង​),​សហគមន៍​កសិកម្ម​ស្ករត្នោត​កំពង់ស្ពឺ​(​ខេត្តកំពង់ស្ពឺ​)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com