កីឡាជាតិ
ជាតិ
AFC សម្រេចលុបចោលការប្រកួត AFC U19 Championship នៅប្រទេសអ៊ូបេគីស្ថាន រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)បានសម្រេចលុបចោលការប្រកួតពានរង្វាន់ AFC U19 Championship 2020 ដែលធ្វើឡើងនៅប្រទេសអ៊ូបេគីស្ថាន។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១។
ក្រោយលើកពេលជាបន្តបន្ទាប់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ពានរង្វាន់យុវជនបាល់ទាត់អាស៊ីអាយុក្រោម១៩ឆ្នាំ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីសម្រេចលុបចោលជាស្ថាពរ។ ការសម្រេចបែបនេះ ធ្វើឡើងក្រោយ AFC សង្កេតឃើញថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតំបន់អាស៊ីនៅតែបន្តរីករាលដាល ទោះបីបច្ចុប្បន្នប្រទេសខ្លះរកឃើញវ៉ាក់សាំងការពារ។
AFC ធ្លាប់អះអាងកន្លងមកថា ការពន្យាពេលការប្រកួតជាបន្តបន្ទាប់កន្លងមក ដោយសារខ្លួនបារម្ភពីសុវត្ថិភាពកីឡាករ គ្រូបង្វឹក និងមន្ត្រីរៀបចំការប្រកួត ពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងវាយប្រហារទូទាំងពិភពលោក។
តាមគម្រោងការប្រកួត AFC U19 Championship 2020 វគ្គ១៦ក្រុមចុងក្រោយ គ្រោងធ្វើឡើងចន្លោះពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ តែត្រូវបានលើកពេលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ បន្ទាប់មក AFC បានកំណត់យកខែមីនា ឆ្នាំ២០២១ ដើម្បីបន្តរៀបចំព្រឹត្តិការណ៍នេះ។ ប៉ុន្តែចុងក្រោយ AFC ក៏សម្រេចលុបចោលតែម្តង។
សម្រាប់ការប្រកួតនេះដែរ កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com