COVID-19
ជាតិ
សង្គមជាតិ
ស្ត្រីខ្មែរ៥នាក់ទៀត មកពីថៃ និងអាមេរិក ឆ្លងCOVID-19 រូបតំណាង៖ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកំពុងយកសំណាកលើស្ត្រីជាពលករម្នាក់មកពីថៃ។ រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ កម្ពុជាបន្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-19) លើស្ត្រីខ្មែរចំនួន៥នាក់ទៀត ដោយក្នុងមាន៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង១នាក់ទៀត បានធ្វើដំណើរមកពីអាមេរិក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២១មករា ការរកឃើញកូវីដ-១៩ លើស្ត្រីទាំង៥រូប បានធ្វើឱ្យកម្ពុជា កើនចំនួនអ្នកឆ្លងជំងឺនេះ ដល់៤៥៣នាក់ហើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីដែលមកពីអាមេរិកឆ្លងកូវីដ-១៩ នោះ វ័យ៤៣ឆ្នាំ ជាអ្នករស់នៅក្នុងខេត្តពោធិ៍សាត់។ ស្ត្រីរូបនេះ បានចាកចេញពីអាមេរិក ដោយបន្តជើងហោះនៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជា នៅថ្ងៃទី៧មករា ឆ្នាំ២០២១។
ដោយឡែកស្ត្រីជាពលករមកថៃដែលមានឆ្លងកូវីដ-១៩ដែរនោះ មានវ័យ៤០ឆ្នាំម្នាក់, វ័យ៣៦ឆ្នាំម្នាក់ មានអាសយដ្ឋាននៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្ត្រីជាពលករមកថៃម្នាក់ទៀត មានអាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ពលករទាំងនេះ បានមកដល់កម្ពុជា នាថ្ងៃទី៦មករា។ នេះបើតាមក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទាំងស្ត្រីមកពីអាមេរិក និងស្ត្រីមកពីថៃ គឺបានធ្វើរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តជាលើកទី២។ រីឯ ពលករមកពីថៃវ័យ៤២ឆ្នាំម្នាក់ទៀត ដែលរស់នៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលទើបមកដល់កម្ពុជា កាលពីថ្ងៃទី១៩មករា ក៏ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល ធ្វើរកតេស្តរកឃើញកូវីដ-១៩ តែម្តង។
គិតត្រឹមថ្ងៃទី២១មករា កម្ពុជា រកឃើញមនុស្សឆ្លងនូវជំងឺកូវីដ-១៩ ចំនួន ៤៥៣នាក់ ក្នុងមានពលករខ្មែរមកពីប្រទេសថៃ៨១នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩សរុបនេះ មាន៣៩៦នាក់ បានជាសះស្បើយ និង៥៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ និងនៅតាមមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com