សង្គមអន្តរជាតិ​
អន្តរជាតិ
ចូលកាន់តំណែងភ្លាម លោក បៃឌិន ចេញបញ្ជាលុបចោលចំណាត់ការចម្រូងចម្រាសរបស់លោក ត្រាំ
21, Jan 2021 , 9:22 am        
រូបភាព
លោក ចូ បៃឌិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិនៅការិយាល័យក្នុងបន្ទប់ពងក្រពើនៃសេតវិមាន។ រូបថត AFP
លោក ចូ បៃឌិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិនៅការិយាល័យក្នុងបន្ទប់ពងក្រពើនៃសេតវិមាន។ រូបថត AFP
លោក ចូ បៃឌិន បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកហើយនៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា (ម៉ោងនៅអាមេរិក)។ ប៉ុន្មានម៉ោងបន្ទាប់មក លោក ក៏ចេញបញ្ជាប្រតិបត្តិជាច្រើន សំដៅលុបចោលគោលនយោបាយចម្រូងចម្រាសជាច្រើនរបស់លោក ដូណាល់ ត្រាំ ដូចជាការឆ្លើយតបជំងឺកូវីដ-១៩ បរិស្ថាន និងអន្តោប្រវេសន៍។

 
ពីបន្ទប់ពងក្រពើនៃសេតវិមាន ប្រធានាធិបតីថ្មីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន១៥ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅអាមេរិក។ ការឆ្លើយតបវិបត្តិកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ ជាគោលដៅចម្បងរបស់លោកនៅថ្ងៃទីមួយនៃអាណត្តិបួនឆ្នាំ។ ចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោក បៃឌិន ប្រកាសថា គ្មានពេលវេលាដែលត្រូវខ្ជះខ្ជាយដើម្បីចេញបញ្ជា ឬការណែនាំផ្សេងៗឡើយ។
 
ជុំវិញកូវីដ-១៩ ចាប់ពីថ្ងៃទី២០ទៅ ម៉ាស់ត្រូវពាក់ដាច់ខាតក្នុងអគាររដ្ឋទាំងអស់។ លោក បៃឌិន បានសន្យារឿងពាក់ម៉ាស់នេះក្នុងពេលឃោសនារកសំឡេងឆ្នោត។ លោកក៏បញ្ជាឲ្យការិយាល័យសហព័ន្ធមួយដើម្បីសម្របសម្រួលកិច្ចការឆ្លើយតបជំងឺនេះ និងហាមឃាត់ការរឹបអូសទ្រព្យសម្បត្តិពីអ្នកកំពុងរងគ្រោះដោយសារកូវីដ-១៩ ។ ប្រធានាធិបតីអាមេរិក ក៏នាំមកវិញការិយាល័យសន្តិសុខសុខាភិបាលចំណុះក្រុមប្រឹក្សាសន្តិសុខជាតិដែលត្រូវបានលោក ត្រាំ បិទចោល។
 
លោក បៃឌិន ក៏ចុះហត្ថលេខាលើឯកសារដើម្បីចាប់ផ្ដើមនាំអាមេរិកចូលកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ ដែលលោក ត្រាំ អូសចេញ ហើយក៏ប្រកាសបំណងចូលរួមជាមួយអង្គការសុខភាពពិភពលោកវិញដែរ។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងប៉ារីស ផ្ដល់ផលវិបាកដល់អាមេរិក ហើយលម្អៀងរកគូប្រជែង ខណៈរិះគន់ថា WHO ថា ដោះស្រាយកូវីដ-១៩ មិនបានល្អ ហើយងាកទៅចិន។
 
ក្នុងចំណោមបញ្ជាទាំង១៥ លោក បៃឌិន ក៏បញ្ជាឱ្យលុបចោលការប្រកាសអាសន្នរបស់លោក ត្រាំ ដែលមានគោលដៅប្រមូលលុយដើម្បីសាងសង់ជញ្ជាំងតាមព្រំដែនជាមួយម៉ិកស៊ិក។ លោក ត្រាំ អះអាងថា ការសាងសង់ជញ្ជាំងនេះ ជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍តាមព្រំដែនភាគខាងត្បូងប្រទេស។ ប្រធានាធិបតីថ្មី ក៏បញ្ចប់បម្រាមធ្វើដំណើររបស់លោក ត្រាំ លើអ្នកដំណើរមកប្រទេសមានជនមូស្លីមភាគច្រើនផងដែរ។
 
អ្នកនាំពាក្យថ្មី Jen Psaki និយាយថា បញ្ជាប្រតិបត្តិជិត២០ ខាងលើនេះ ជាការចាប់ផ្ដើមសកម្មភាពរដ្ឋបាលថ្មីប៉ុណ្ណោះ ហើយលោក បៃឌិន នឹងចេញបញ្ជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ដែលកើតមានអំឡុងពេលបួនឆ្នាំនៃអាណត្តិលោក ត្រាំ ។ លោក បៃឌិន ផ្ដោតច្រើនលើកិច្ចការក្នុងស្រុកនៅថ្ងៃដំបូង តែពេលបន្ទាប់ទៀត លោកនឹងបង្វែរអារម្មណ៍ទៅកាន់គោលនយោបាយការបរទេសទៀត៕
 
 
 
 

Tag:
 អាមេរិក
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com