កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត​គ្រាប់​ទី​៧៦០ ដើម្បី​ជួយ Juventus លើក​ពាន Super Cup
21, Jan 2021 , 10:21 am        
រូបភាព
Cristiano Ronaldo រកបាន​គ្រាប់​បាល់​ទី​៧៦០​ក្នុង​អាជីព​ដើម្បី​ជួយ Juventus លើក​ពានរង្វាន់ Super Cup ជា​លើក​ទី​៩ ក្នុង​ជ័យជម្នះ ២-០ លើ​ក្រុម Napoli ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ នេះ​ជា​ពាន​ដំបូង​បំផុត​សម្រាប់ Andrea Pirlo ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។​


 
​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Super Cup នៅ​រាត្រី​ថ្ងៃទី​២០ ខែមករា ខ្សែប្រយុទ្ធ វ័យ​៣៥​ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម​សេះបង្កង់​នៅ​នាទី​៦៤ ក្រោយ​បញ្ចប់​ការប្រកួត​នៅ​វគ្គ​ទី​១​ដោយ​គ្មាន​គ្រាប់​បាល់​។ Alvaro Morata ដែល​ទើប​ប្តូរ​ចូល​ជំនួស Dejan Kulusevski ជា​អ្នកសម្រេច​គ្រាប់​ទី​២​នៅ​នាទី​៩០+៥ ដើម្បី​ជួយ​ក្រុម​លោក Pirlo ទទួល​ជ័យជម្នះ​លើ​ក្រុម Napoli ដែលមាន​លោក Gennaro Gattuso ជា​គ្រូបង្វឹក ដោយ​លទ្ធផល ២-០​។​
 
​មិន​ត្រឹម​ជួយ Juventus លើក​ពាន​ដំបូង​រដូវ​កាល​នេះ​នោះទេ Ronaldo ថែមទាំង​កើន​ចំនួន​គ្រាប់​បាល់​ជា​កំណត់ត្រា​ពិភពលោក​របស់ខ្លួន​ដល់ ៧៦០​គ្រាប់​ក្នុង​អាជីព​ទៀតផង​។ បើតាម​ការចាត់​ថ្នាក់រ​បស់ FIFA ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុងនាម​កីឡាករ​រក​គ្រាប់​បាន​ច្រើន​បំផុត បន្ទាប់ពី Josef Bican ដែល​ស៊ុត​ចូល​ទី​ច្រើនជាងគេ​ចំនួន​៨០៥​គ្រាប់ និង​លេខ​២ Romário ចំនួន​៧៧២​គ្រាប់​។​
 
Pirlo ដែល​ទើប​ឡើង​ដឹកនាំ Juventus រដូវ​កាល​នេះ រីករាយ​បំផុត​តាមរយៈ​ការទទួលបាន​ពាន​លើកដំបូង​ក្នុង​អាជីព​អ្នកចាត់ការ​របស់ខ្លួន​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​ប្រាប់​ទូរទស្សន៍ Rai Sport ថា​៖ «​នេះ​ជា​ពាន​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការមើល​ការប្រកួត​ផ្តាច់ព្រ័ត្រ​។ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ទទួលបាន​ជ័យជម្នះ​នេះ​។ យើង​ត្រូវតែ​បង្ហាញ​មោក​នភា​ពរ​បស់​យើង​»​។​
 
​នេះ​ជា​ពានរង្វាន់ Super Cup ទី​៩​ហើយ ដែល Juventus ទទួលបាន​និង​ច្រើនជាងគេ​ក្នុងចំណោម​ក្រុម​ទាំងអស់​នៅ​អ៊ីតាលី តាម​ពីក្រោយ​ដោយ AC Milan ឈ្នះ​៧​លើក Inter Milan ៥​លើក Lazio ៥​លើក ហើយ Roma និង Napoli ឈ្នះ​២​លើក​ដូចគ្នា​៕

Tag:
 Cristiano Ronaldo
  Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com