នៅថ្ងៃទី២០ ខែមករា លោកចូ បៃឌិន ក្លាយជាប្រធានាធិបតីទី៤៦ ចំណែកលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីទី៤៩របស់អាមេរិក។ ភ្លាមៗក្រោយពិធីស្បថចូលកាន់តំណែងបានបញ្ចប់ទៅ ថ្នាក់ដឹកនាំពិភពលោកជាពិសេសសម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ី បានចេញសារសាទរការឡើងកាន់តំណែងនេះ។
ក្នុងសុន្ទរកថានៅចំពោះមុខសភាសហភាពអឺរ៉ុប នៅថ្ងៃទី២០ មករា លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប អះអាងថា ទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតីអាមេរិក។ លោកស្រីដឺ លៃអេន និយាយថា ក្រោយពេលជាង៤ឆ្នាំ ទីបំផុតសហភាពអឺរ៉ុបក៏មានមិត្តដែលជាអ្នកគ្រប់គ្រងសេតវិមាន។
តាយរយៈបណ្តាញសង្គម Twitter លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជូនពរលោកបៃឌិន និងលោកស្រីហារីសក្នុងថ្ងៃស្បថកាន់តំណែងដ៏សំខាន់នេះ។ ប្រមុខរដ្ឋបារាំងអះអាងថា បារាំង និងអាមេរិក នឹងខ្លាំងក្លាជាងមុនក្នុងការដោះស្រាយបញ្ហាប្រឈម កសាងអនាគតដ៏រឹងមាំមួយ និងការការពារផែនដី។ លោក ម៉ាក្រុង ក៏ស្វាគមន៍អាមេរិកចំពោះការចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។
លោក Steffen Seiber អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់សរសេរលើ Twitter ថា លោកស្រីអធិការបតី អែនជេឡា មើគែល សូមអបអរសាទរការឡើងកាន់តំណែងរបស់លោក បៃឌិន និងលោកស្រី ហារីស ដោយចាត់ទុកជាប្រជាធិបតេយ្យអាមេរិកដ៏ពិតប្រាកដ។ លោកស្រី មើគែល ទន្ទឹងចាំបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។
មិនសុខអ្វីពីសមភាគីតំបន់អឺរ៉ុបឯទៀត លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសចាត់ទុកការកាន់តំណែងរបស់លោកស្រីហារីសក្នុងនាមអនុប្រធានាធិបតីស្ត្រីដំបូងបង្អស់ជារឿងប្រវត្តិសាស្ត្រ។ លោក ចនសុន មិនភ្លេចលើកឡើងឡើយពីសារសំខាន់នៃនាទីរបស់អាមេរិកក្នុងដោះស្រាយបញ្ហាអន្តរជាតិរាប់ចាប់តាំងពីបម្រែបម្រួលអាកាសធាតុ រហូតដល់ជំងឺឆ្លងកូវីដ-១៩ ។
កាណាដា ដែលមានភូមិផងរបងជាងមួយអាមេរិក ក៏មិនភ្លេចសាទរលោក បៃឌិន ដែរ។ លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ សាទរការកាន់តំណែងរបស់លោក បៃឌិន ហើយនិយាយថា កាណាដានឹងបន្តភាពជាដៃគូជាមួយអាមេរិក ដោយរួមគ្នាដោះស្រាយបញ្ហាប្រឈម។ ក្នុងសេចក្តីថ្លែងការណ៍របស់លោកទ្រូដូ លោកបញ្ជាក់ថា កាណាដានឹងធ្វើការជាមួយរដ្ឋបាល និងសភាអាមេរិកដើម្បីឲ្យប្រទេសទាំងពីរមានសុវត្ថិភាព វិបុលភាព និងរឹងមាំជាងមុន។
កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី ក៏សាទររដ្ឋបាលថ្មីរបស់លោក បៃឌិន ដែរ។ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា អាមេរិកដែលមានលោក បៃឌិន ជាប្រធានាធិបតី នឹងត្រឡប់មកវិញជាមួយប្រជាធិបតេយ្យកាន់តែរឹងមាំឡើង។ លោកបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការដោះស្រាយបញ្ហាសាកលដូចជាសុខភាពសាធារណៈ សន្តិសុខ និងបម្រែបម្រួលអាកាសធាតុ។
ក្នុងសារអបអរ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ អះអាងថា ប្រទេសទាំងពីរជាសម្ព័ន្ធមិត្តនៅជាមួយគ្នាដោយចំណង និងគុណតម្លៃជាសាកល។ នាយករដ្ឋមន្ត្រីជប៉ុន ក៏មិនភ្លេចឡើយពីការធ្វើការរួមគ្នាជាមួយអាមេរិក ក្នុងការពង្រឹងសម្ព័ន្ធភាព និងសម្រេចឲ្យបានគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ចំណែកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា ម៉ូឌី អះអាងថាឥណ្ឌា និងធ្វើការជាមួយរដ្ឋបាលរបស់លោក បៃឌិន ដើម្បីឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរមានភាពរស់រវើកជាងមុន។ លោកអះអាងថា ភាពជាដៃគូ រវាងប្រទេសទាំងពីរនឹងនាំផលប្រយោជន៍មកកាន់ផែនដី។
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង សង្ឃឹមថាអាមេរិកក្រោមរដ្ឋបាលរបស់លោក បៃឌិន និងចូលរួមកាន់តែច្រើនជាងមុនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក លី លើកឡើងថា សិង្ហបុរីនឹងធ្វើការជាមួយអាមេរិកដើម្បីពង្រឹងការចូលរួមរបស់អាមេរិកនៅអាស៊ី ក៏ដូចជាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕