ភ្នំពេញ៖ Newrest ជាក្រុមហ៊ុនបម្រើផ្នែកអាហារបពហុវិស័យដ៏ធំរបស់ប្រទេសបារាំង ដែលមានប្រតិបត្តិការ ក្នុងប្រទេសចំនួន៥៨នៅលើពិភពលោក។ ក្រុមហ៊ុនអាហារមួយនេះ ក៏កំពុងចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ផងដែរ។
ក្នុងពិធីសម្ពោធក្រុមហ៊ុន Newrest Cambodia នៅបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា នារាត្រីថ្ងៃទី២០មករា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុនដ៏ធំនេះ នឹងជួយគាំទ្រដល់កំណើនវិស័យទេសចរណ៍កម្ពុជា នាអនាគត ជាមួយនឹងការបង្កើតការងារឱ្យប្រជាពលរដ្ឋនៅក្នុងស្រុក។
លោក Bruno THIERRY អ្នកគ្រប់គ្រងទូទៅរបស់ Newrest Cambodia។ រូបថត៖ ស្ថានទូតបារាំង
បើតាមលោក Bruno THIERRY អ្នកគ្រប់គ្រងទូទៅរបស់ Newrest Cambodia ក្រុមហ៊ុនមានទ្រព្យសកម្មជាង២ពាន់លានដុល្លារ មានវត្តមាននៅ ៥៨ប្រទេស ដែលមានបុគ្គលិកសរុបជិត៣ពាន់នាក់។
លោកបានបន្តថា សម្រាប់កម្ពុជា ក្រុមហ៊ុន Newrest បានទិញយកក្រុមហ៊ុនធំៗចំនួន៣។ ក្នុងនោះ មានក្រុមហ៊ុនEMCAT ដែលធ្វើអាជីវកម្ម និងគ្រប់គ្រងអាហារដ្ឋាននានានៅតាមអាកាសយានកម្ពុជា, Mekong Food Services ដែលជាក្រុមហ៊ុននាំមុខមួយលើការផលិតទំនិញសម្រាប់ការលក់រាយ និងសេវាកម្មម្ហូបអាហារ និងក្រុមហ៊ុន Hagar Catering ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជាលើជំនាញផ្គតផ្គង់ម្ហូបអាហារសម្រាប់ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ សាលារៀន សាកលវិទ្យាល័យ និងតាមកម្មវិធីផ្សេងៗ។
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ រូបថត៖ ស្ថានទូតបារាំង
ការមកដល់របស់ក្រុមហ៊ុន Newrest គឺជាការចូលរួមចំណែកក្នុងការពង្រឹងវត្តមានសហគមធុរកិច្ច និងការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងនិងក្រៅប្រទេសជាច្រើន ដែលកំពុងបណ្តាក់ទុននៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Bruno THIERRY ។
លោកបន្តថា ក្រៅពីនេះ ការវិនិយោគរបស់ក្រុមហ៊ុន Newrest នឹងជួយបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជានៅក្នុងឧស្សាហកម្មមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័យ ព្រមទាំងរួមចំណែកក្នុងការលើកស្ទួយសុវត្ថិភាពចំណីអាហារសម្រាប់អតិថិជន និងបុគ្គលិករោងចក្ររាប់ម៉ឺននាក់ នៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ(Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Newrest គឺជាសញ្ញាល្អមួយដែលបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនបរទេស។
សូមជម្រាបថា ក្រុមហ៊ុនNewrest រកចំណូលរួមបានចំនួន១,៥២.៧០លានអឺរ៉ូ(១,៨៥០លានដុល្លារ)នៅ ក្នុងឆ្នាំ២០១៨-២០១៩។ ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕
រូបថត៖ ស្ថានទូតបារាំង