អន្តរជាតិ
ឥណ្ឌា ផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យ​ប្រទេស​ក្បែរ​ខាង​ពីរ និង​ត្រៀម​ដឹក​ឱ្យ​ប្រទេស​ផ្សេងទៀត​
21, Jan 2021 , 7:29 pm        
រូបភាព
ឥណ្ឌាផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ប៊ូតង់។ រូបភាព៖ Twitter-PM Bhutan
ឥណ្ឌាផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ប៊ូតង់។ រូបភាព៖ Twitter-PM Bhutan
​ឥណ្ឌា បានចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង​ទៅ​ប្រទេសជិតខាង​ពីរ​មាន​ប៊ូ​តង់ និង​ម៉ា​ល់​ឌី នៅ​ថ្ងៃទី​២០ ខែមករា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ឥណ្ឌា និង​ម៉ា​ល់​ឌី​វ​។ ការដឹកជញ្ជូន​វ៉ាក់សាំង​នេះ គឺជា​ការទូត​វ៉ាក់សាំង​របស់​ឥណ្ឌា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​។

 
​ប្រទេស​កំពុង​អភិវឌ្ឍ​មិនតិច​ទេ ដែល​ពឹង​ផ្អែកលើ​វ៉ាក់សាំង​របស់​ឥណ្ឌា ដើម្បី​យកទៅ​ចាក់ឱ្យ​ប្រជាជន​ខ្លួន ក្នុងការ​ការពារ​ការ​ឆ្លង​កូ​វីដ​-១៩​។ ឥណ្ឌា​ជាប់​ឈ្មោះ​ជា​ឱសថដ្ឋាន​ពិភពលោក ព្រោះ​ជា​តែ​សមត្ថភាព​ផលិត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​តម្លៃ​សមស្រប​សម្រាប់​ដែល​ដែល​មិនសូវមាន​ធនធាន​។ ប្រទេសជិតខាង​ឥណ្ឌា​ចំនួន​ពីរ​មាន​ប៊ូ​តង់ និង​ម៉ា​ល់​ឌី​វ ទទួលបាន​វ៉ាក់សាំង​ពី​មហាអំណាច​មួយ​នេះ​។ 
 
«​ការបញ្ជូន​ទំនិញ​លើកដំបូង ត្រូវបាន​ដឹក​ចេញ​សម្រាប់​ប៊ូ​តង់​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា លោក Anurag Srivastava សរសេរ​លើ​បណ្តាញ​សង្គម Twitter បែបនេះ​នៅ​ថ្ងៃទី​២០ ខែមករា​។ វ៉ាក់សាំង បាន​ដឹក​ទៅដល់​ប៉ូ​តង់​ហើយ​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​ម៉ា​ល់​ឌី​វ ក៏បាន​បង្ហោះ​រូបភាព​ទទួល​វ៉ាក់សាំង​ពី​ឥណ្ឌា​លើ​បណ្តាញ​សង្គម​Twitter របស់ខ្លួន​នៅក្នុង​ថ្ងៃទី​២០ ខែមករា​ផងដែរ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ខាងលើ ឥណ្ឌា ចាប់ផ្តើម​ផ្គត់ផ្គង់​វ៉ាក់សាំង ឱ្យ​ប្រទេសជិតខាង និង​ប្រទេស​ដៃគូ​ដ៏​សំខាន់​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២០ ខែមករា​តទៅ​។ ក្រៅពី​ប៊ូ​តង់ និង​ម៉ា​ល់​ឌី​វ ការផ្គត់ផ្គង់​វ៉ាក់សាំង ក្រោមរូបភាព​ជាការ​ផ្តល់​ជំនួយ ក៏​នឹងត្រូវ​ដឹកជញ្ជូន​ទៅ​បង់​ក្លា​ដែ​ស នេ​ប៉ាល់ មី​យ៉ាន់​ម៉ា និង​សី​ស្ហែ​ល​។ ចំណែក​ស្រីលង្កា អា​ហ្វ​ហ្កា​នី​ស្ថាន និង​ម៉ូ​រី​ស ត្រូវ​រង់ចាំ​ការអនុញ្ញាត​និយ័ត​ករ​ឱសថ​សិន មុន​ទទួលបាន​វ៉ាក់សាំង​។ 
 
​នៅក្នុង​ខែមករា​នេះ ឥណ្ឌា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ចំនួន​ពីរ គឺ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca និង​វ៉ាក់សាំង​ក្នុងស្រុក​របស់ខ្លួន ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Bharat Biotech ។ នៅពេល​ដំបូង ឥណ្ឌា នឹង​ដឹកជញ្ជូន​តែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​សហការ​ផលិត​ជាមួយ​វិទ្យាស្ថាន Serum នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​។ វ៉ាក់សាំង​សហការ​ផលិត​នេះ ត្រូវបាន​ដាក់​យីហោ​ថា COVISHIELD​។ AstraZeneca ចុះ​កុងត្រា​ផលិត​វ៉ាក់សាំង​១​ពាន់​លាន​ដូ​ស​ជាមួយ​វិទ្យាស្ថាន Serum ។​
 
​ប្រទេស​បង់​ក្លា​ដែ​ស ដែលជា​ប្រទេសជិតខាង រំពឹងថា ខ្លួន​ទទួលបាន វ៉ាក់សាំង​COVISHIELD ចំនួន​ពីរលាន​ដូ​ស​ពី​ឥណ្ឌា នៅ​ថ្ងៃទី​២១ ខែមករា​។ 
 
​នាពេល​កន្លងមក  វិទ្យាស្ថាន Serum បាន​អះអាងថា រដ្ឋាភិបាល​ឥណ្ឌា បាន​ហាមឃាត់​នាំចេញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដោយសារតែ​តម្រូវការ​ក្នុងស្រុក​។ ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​ក្រសួងសុខាភិបាល​ឥណ្ឌា ចេញមុខ​បកស្រាយ​វិញ​ថា ខ្លួន​មិនបាន​ហាមឃាត់​ការនាំចេញ​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស​ឡើយ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ឥណ្ឌា​ជា​ប្រទេស​ទី​ពីរ បន្ទាប់ពី​អាមេរិក ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ច្រើនជាងគេ​។ ករណី​ឆ្លង​សរុប​របស់​ឥណ្ឌា មាន​ចំនួន​ជាង ១០,៦ លាន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ១៥​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១០,២​លាន​នាក់​៕ 

Tag:
 ​ឥណ្ឌា​
  ប៊ូ​តង់
© រក្សាសិទ្ធិដោយ thmeythmey.com